អន្តរជាតិ៖ យោងតាមការចុះផ្សាយពីសារព័ត៌មាន thethaiger កាលពីថ្ងៃទី ២៣តុលា ប៉ូលិសស៊ើបអង្កេតថៃបានបង្ហាញអារម្មណ៍មិនសប្បាយចិត្តទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកូរ៉េជាច្រើនដែលអះអាងថា «ការចាប់ជំរិតជនជាតិកូរ៉េខាងត្បូងនៅក្នុងប្រទេសថៃ កើនឡើងយ៉ាងខ្លាំងដល់ ១១ករណីនៅឆ្នាំនេះ»។
ទាក់ទងនឹងរបាយការណ៍របស់ The Korea Herald និងកាសែត Korea Economic Daily ដែលផ្អែកលើទិន្នន័យដែលផ្តល់ដោយក្រសួងការបរទេសកូរ៉េខាងត្បូងនាពេលថ្មីៗនេះ លោក Chaturaphat មេបញ្ជាការនៃនាយកដ្ឋានការបរទេស និងជាអ្នកនាំពាក្យរងបានឆ្លើយតបនឹងការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងថា បញ្ហានេះកំពុងត្រូវបានស៊ើបអង្កេតយ៉ាងលម្អិត ហើយការពិតគ្រាន់តែជារបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា ប៉ូលិសថៃមិនព្រងើយកន្តើយនឹងរឿងនេះទេ ហើយបានអនុវត្តវិធានការសន្តិសុខ ដោយធ្វើការការពារភ្ញៀវទេសចរពីការធ្លាក់ខ្លួនជាជនរងគ្រោះនៃក្រុមឧក្រិដ្ឋកម្មឆ្លងដែន។ ជាពិសេសពេលនេះ ប្រទេសថៃមិនសប្បាយចិត្តនឹងព័ត៌មានកូរ៉េដែលផ្សាយចោទទៅលើប្រទេសថៃទាំងស្រុងទេ។
យ៉ាងណាមិញ ប្រទេសថៃបានក្លាយគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយសម្រាប់ប្រជាជនកូរ៉េខាងត្បូង ប៉ុន្តែបានឃើញការកើនឡើងនាពេលថ្មីៗនេះ នៃឧក្រិដ្ឋកម្មហិង្សាពាក់ព័ន្ធនឹងជនរងគ្រោះ ឬជនសង្ស័យជនជាតិកូរ៉េ។ កាលពីឆ្នាំមុន អ្នកទេសចរកូរ៉េវ័យ៣៤ឆ្នាំម្នាក់ ត្រូវបានចាប់ជំរិត និងសម្លាប់ដោយជនជាតិកូរ៉េ៣នាក់ក្នុងប្រទេសថៃ។ ក្រោយមកជនសង្ស័យត្រូវចាប់ខ្លួនបាននៅប្រទេសកូរ៉េខាងត្បូង វៀតណាម និងកម្ពុជា។
នៅក្នុងករណីធំមួយទៀតក្នុងខែកក្កដាកន្លងទៅ អាជ្ញាធរថៃបានរុះរើក្រុមឧក្រិដ្ឋជនជនជាតិកូរ៉េ២០នាក់ និងជនជាតិចិនម្នាក់ នៅខេត្តចាន់បុរី។ ក្នុងអំឡុងពេលនៃការវាយឆ្មក់នេះ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ដែលត្រូវបានចាប់ជំរិត និងបង្ខំឲ្យធ្វើការសម្រាប់ការឆបោករបស់មជ្ឈមណ្ឌលហៅទូរសព្ទ ត្រូវបានជួយសង្គ្រោះ។
ទោះជាយ៉ាងណាក៏ដោយ តំណាងរាស្រ្តបក្សប្រឆាំង លោក Kim Geon នៃគណបក្សអំណាចប្រជាជនកូរ៉េខាងត្បូង បានជំរុញឲ្យរដ្ឋាភិបាលពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនៅទូទាំងអាស៊ីអាគ្នេយ៍ ដោយនិយាយថា ប្រជាជនកូរ៉េខាងត្បូងប្រឈមនឹងហានិភ័យកើនឡើងនៅក្នុងប្រទេសថៃ ហើយអំពាវនាវឲ្យមានការត្រួតពិនិត្យកាន់តែតឹងរ៉ឹងលើការប្រកាសការងារខុសច្បាប់ ដែលទាក់ទាញជនរងគ្រោះនៅបរទេស៕ដោយ៖តារា
រូបភាព៖ ការបង្ក្រាបបណ្ដាញឆបោក និងជួយសង្គ្រោះជនជាតិកូរ៉េខាងត្បូងម្នាក់ក្នុងស្រុក Bang Lamung នៃខេត្ត Chon Buri ប្រទេសថៃកាលពីខែមិថុនាឆ្នាំ២០២៥ (រូបថត៖ បណ្ដាញសង្គម)










