ដាក់ស្រាថ្នាំអស់កន្លះលីត្រ ជិះម៉ូតូម្នាក់ឯងវង្វេងផ្លូវទៅបុកឃឿនថ្ម ផ្លោងទៅនៅលើសួនរង្វង់មូលស្វាងចែស

ចែករំលែក៖

ខេត្តកណ្តាល÷ បុរសកម្មករសំណង់ម្នាក់ជិះម៉ូតូម្នាក់ឯងទាំងយប់ ខណៈដែលខ្លួនបានពិសាស្រាថ្នាំអស់កន្លះលីត្រ រហូតវង្វេងផ្លូវហើយជ្រុលទៅបុកឃឿនថ្មរង្វង់មូល ផ្លោងទាំងមនុស្សទាំងម៉ូតូ ៥-៦ម៉ែត្រ ទើបស្វាងចែសភ័យខ្លួនជាក្រោយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង ២០និង២០នាទី ថ្ងៃទី២៣ តុលា ២០២៥ (ពេលមេឃកំពុងរលឹមភ្លៀង) នៅចំណុចរង្វង់មូលចុងស្ពានអាកាសផ្លូវក្រវាត់ក្រុងទី៣ (ផ្នែកខាងកើត) ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្រោមកិច្ចអន្តរាគមន៍កម្លាំងនគរបាលប៉ុស្តិ៍រកាខ្ពស់ ដែលល្បាតនិងប្រចាំការនៅក្រោមស្ពានអាកាស បុរសរង គ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា ខ្លួនឈ្មោះ ខេន ខាវ (ហៅអាពក) ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង់ ជិះម៉ូតូម៉ាក Honda C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១JX-៥៧៩៣ មានទីលំនៅភូមិត្រពាំងធ្លក ឃុំជៀច ស្រុកកំចាយមារ ខេត្តព្រៃវែង។

បុរសរងគ្រោះបញ្ជាក់ប្រាប់សមត្ថកិច្ចថា ខ្លួនធ្វើដំណើរពីលំនៅឋានក្នុងគោលបំណងទៅតំបន់សេដ្ឋកិច្ចពិសេសកំបូល (ខណ្ឌកំបូល រាជធានីភ្នំពេញ)។ ពេលជិះម៉ូតូមកដល់រង្វង់មូលតាខ្មៅ ខ្លួនក៏បន្តដំណើរមកដល់ក្រោមស្ពានអាកាសសម្តេចធិបតី រួចបត់ឆ្វេងឡើងមកមហាវិថីសម្តេច ហ៊ុន សែន មកដល់ត្រង់ចំណុចស្តុបផ្លូវចូលអាកាសយានដ្ឋានតេជោ ខ្លួនក៏បត់ឆ្វេងជិះតាមផ្លូវក្រវាត់ ក្រុងទី៣ ឡើងមកដល់រង្វង់មូល ហើយបន្តជិះឡើងលើស្ពានអាកាសផ្លូវក្រវាត់ក្រុងទី៣ ទួលក្រសាំង។ លុះពេល ម៉ូតូដាំក្បាលចុះលឿនពេក ហ្វ្រាំងមិនស៊ី មិនស្គាល់ភូមិសាស្ត្រ ក៏ជ្រុលទៅបុកឃឿនរង្វង់មូលតែម្តង។

...

ម៉ូតូរងការខូចខាតធ្ងន់ បាក់បែកដុំបាក់កាំបន្ទះកង់មុខទាំងស្រុង និងបែកកាទែរប្រេងម៉ាស៊ីន ដឹកការ៉ុងពណ៌ ខៀវដាក់ឆ្នាំងចាន តែជាសំណាងល្អមិនមានរងរបួសដល់ខ្លួនឡើយ។ ក្រោយមក សមត្ថកិច្ចក៏បានជួយទំនាក់ទំនងតាមលេខទូរសព្ទ ឲ្យញាតិសន្ដានយកម៉ូតូផាស់ស្អាប់មកទទួលជនរងគ្រោះនិងម៉ូតូ ដឹកទៅគោលដៅនៅខណ្ឌកំបូល៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print