បង្ក្រាបមុខសញ្ញាចាស់ សមត្ថកិច្ចក្រុងអរិយក្សត្រឃាត់ខ្លួនអ្នកជួញដូរ ដកហូតគ្រឿងញៀនជាង ៣០កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាល÷គ្រឿងញៀន៣១កញ្ចប់ ទម្ងន់សរុប ៧៤,៦០ក្រាម ត្រូវបានដកហូតនិងឃាត់ខ្លួនជនសង្ស័យម្នាក់ជាអ្នកជួញដូរ កាលពីវេលាម៉ោង ២២:០០នាទី ថ្ងៃ ទី២៣ តុលា ២០២៥ នៅចំណុចត្រឡោកបែក ស្ថិតក្នុងភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

ប្រភពសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្របានឲ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ រឿន ពុធ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ មានទីលំនៅភូមិសង្កាត់កើតហេតុ និងជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀនដែលមានដីកាស៊ើបសួររបស់សាលាដំបូងខេត្តកណ្ដាលផង។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា នៅវេលាថ្ងៃកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍មកកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ព្រែកតាកូវ ថាឃើញជនសង្ស័យកំពុងជួញដូរ ចែកចាយគ្រឿងញៀននៅចំណុចកើតហេតុ។ ក្រោយទទួលបានសេចក្ដីរាយការណ៍ភ្លាម កម្លាំងក៏បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួន និងត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន ៣១កញ្ចប់ នាំខ្លួនមកសាកសួរនៅប៉ុស្តិ៍ព្រែកតាកូវ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ រឿន ពុធ បានសារភាពថា ថ្នាំញៀនចំនួន ៣១កញ្ចប់នោះ ខ្លួនបានទិញពីមនុស្សម្នាក់ដែលពុំដែលឃើញមុខ និងមិនស្គាល់ឈ្មោះទេ គឺខ្លួនតែងតែទំនាក់ទំនងតាមលេខ ទូរស័ព្ទ ០៩៨ ៤៤៨ ៤៨៨ រួចគេយកថ្នាំញៀនមកប្លុងទម្លាក់ចោលដាក់នឹងថង់ខ្មៅនៅចំណុចក្បែរស្ពានព្រែក តាមាក់ ទើបខ្លួនទៅយកបន្ត។ កន្លងមក ខ្លួនធ្លាប់ទិញ ថ្នាំញៀនតាមលេខទូរស័ព្ទខាងលើបាន ៣លើក ដោយទិញលើកទី១ និងទី២ ក្នុងម្ដងៗតម្លៃ ៥០០.០០០រៀល ហើយលើកទី៣ នេះតម្លៃ ៦០០ដុល្លារ។ ពេលលក់បានលុយរួច ខ្លួនក៏បានវេផ្ញើលុយទៅឲ្យគេវិញតាមលេខ ០៨៧ ៧២៦ ៧១៥ ដែលជាលេខអ្នកទទួល។

វត្ថុតាងចាប់យករួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ៣២កញ្ចប់ (៧កញ្ចប់មធ្យម និង ២៤កញ្ចប់តូច) ទម្ងន់សរុប ៧៤,៦០ក្រាម, ទូរស័ព្ទ ១គ្រឿងម៉ាក Oppo, ដែកកេះ ២, និងខ្សៀរជក់ថ្នាំញៀន ២។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print