សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាព្រឹក ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួម ចំនួន ៥៥រូប។

មុននឹងដំណើរការអង្គប្រជុំ សម្តេចតេជោ លើកឡើងថា កាលពីម្សិលមិញនេះ គឺជាថ្ងៃ អបអរសាទរខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សម្តេច បានរលឹកប្រវត្តិនៃ ការចរចារវាងសម្តេច និងសម្តេចព្រះ នរោត្តម សីហនុ ដែលបានចាប់ផ្តើមដំបូងបង្អស់ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fère-en-Tardenois នៅប្រទេសបារាំង ហៅថា “ជំនួប សីហនុ-ហ៊ុន សែន” និង កិច្ចចរចាជាច្រើនដង នៅទីកន្លែងផ្សេងៗគ្នា ពោរពេញដោយឧបសគ្គជាច្រើន ទម្រាំសម្រេចបានកិច្ច ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅ កម្ពុជា។ សម្តេច បានរំលឹកអំពីការរិះគន់លើការប្រើប្រាស់អង្គរក្សកូរ៉េខាងជើងការពារ សម្តេចព្រះ នរោត្តម សីហនុ ។ សម្តេចតេជោ បានលើកឡើងអំពីព្រះរាជបន្ទូលរបស់ ព្រះបរមរតនកោដ្ឋ ដែល ស្នើឱ្យសម្ដេចការពារសុវត្ថិភាពរបស់ព្រះអង្គ នៅក្នុងដំណាក់កាលនៃជំនួបចរចា។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានបដិសេធសំណើរបស់ថៃ ក្នុងការបញ្ជូនមួយកងវរសេនាតូចទៅការពារ ព្រះរាជសុវត្ថិភាពរបស់ព្រះបរមរតនកោដ្ឋ ដែលសម្តេចប្រៀបដូចជា «ខាងកើតចេញ ខាង លិចចូល»។ សម្តេចបានបន្ថែមថា សម្តេចជាអ្នកបានស្នើទៅប្រធានាធិបតីកូរ៉េខាងជើង ក្នុងការ រៀបចំអង្គរក្សការពារសម្តេចព្រះ នរោត្តម សីហនុ នៅក្នុងអំឡុងពេលទស្សនកិច្ចមួយនៅទីក្រុង ព្យុងយ៉ាង ហើយនាពេលនោះ សម្តេច និង សម្តេចព្រះ នរោត្តម សីហនុ ក៏បានក្លាយជា កូនធម៌ និងឪពុកធម៌។ សម្តេចតេជោបានសង្កត់ធ្ងន់ថា សម្តេចគឺជាអ្នកទៅទីក្រុងប៉េកាំងដោយផ្ទាល់ ដើម្បីដង្ហែព្រះបរមរតនកោដ្ឋ និងហ្លួងម៉ែ ចូលមកប្រទេសកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ១៩៩១ ហើយរហូតមកដល់ពេលនេះ សម្តេចក៏នៅតែបន្តការពារសុវត្ថិភាពនៃរាជវង្សសានុវង្ស និងភាពគង់វង្សនៃរបប រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

ទន្ទឹមនឹងនេះ សម្តេចតេជោ បានលើកឡើងថា មានអ្នកដែលចង់ឱ្យយកបញ្ហាព្រំដែនកម្ពុជា- ថៃ ប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងចង់ឱ្យមានការកោះប្រជុំបន្ទាន់ នៃប្រទេសហត្ថលេខី អំពីបញ្ហាព្រំដែននេះ។ សម្តេចតេជោ បានអះអាងថា បញ្ហាព្រំដែនរវាង កម្ពុជា-ថៃ បានដើរហួសពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយ ពីព្រោះរាជរដ្ឋាភិបាលកម្ពុជា បានយកបញ្ហានេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ ព្រមទាំងវេទិកាអន្តរជាតិដទៃទៀត។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនមាន ចែងពីការដោះស្រាយ ឬសម្របសម្រួលបញ្ហាព្រំដែនរវាងកម្ពុជា-ថៃឡើយ ហើយខ្លឹមសារសំខាន់ៗ របស់កិច្ចព្រមព្រៀងនេះ បានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ។ សម្តេចតេជោ បាន លើកឡើងថា តាមរយៈកិច្ចប្រជុំនាពេលចុងក្រោយនេះ បញ្ហាព្រំដែនកម្ពុជា-ថៃ បានឈានដល់ ដំណាក់កាលស្រុះស្រួល ហើយនឹងឈានទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ។

បន្ទាប់មក អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៥ ដូចខាងក្រោម៖

របៀបវារៈទី១៖ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រ លើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដើម្បីបង្កើតឱ្យមានអភិក្រមរួម និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីធានាសុវត្ថិភាពម្ហូបអាហារនៅក្នុងខ្សែច្រវាក់ផលិតកម្ម ស្របតាម ទស្សនវិស័យនៃផែនការលម្អិតនៃសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងដើម្បីអនុវត្ត គោលនយោបាយសុវត្ថិភាពម្ហូបអាហារអាស៊ាន (គ.ស.ម.អ.) និងក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូប អាហារអាស៊ាន ដែលបានអនុម័តនៅឆ្នាំ២០១៥ និងឆ្នាំ២០១៦ ដោយរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុក វិស័យកសិកម្ម និងរុក្ខាប្រមាញ់ និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា និងបណ្តាសមាជិកអាស៊ានរួមមាន៖ (១) ធានាការពារសុខភាពអ្នកប្រើប្រាស់ (២)សម្រួលការធ្វើពាណិជ្ជកម្ម ធ្វើឱ្យមានលំហូរម្ហូប អាហារមានសុវត្ថិភាពដោយសេរី នៅក្នុងរដ្ឋសមាជិក (៣)ពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា (៤)កាត់បន្ថយការខាតបង់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដែលកើតឡើង បណ្តាលមកពីម្ហូបអាហារគ្មានគុណភាពនិងសុវត្ថិភាព (៥)ជំរុញឱ្យមានការធ្វើពាណិជ្ជកម្មម្ហូបអាហារ ប្រកបដោយសមធម៌ និងលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១០៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧។

របៀបវារៈទី២៖ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រ លើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្ត បុគ្គល។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដើម្បីធ្វើបច្ចុប្បន្នភាពលើតារាងសន្យាបម្លាស់ទីរូបវន្ត បុគ្គល ក្រោមកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គលរបស់ប្រទេសសមាជិកអាស៊ាននីមួយៗឱ្យមានលក្ខណៈនិងទម្រង់រួមគ្នា ដែលនឹងបង្កភាពងាយស្រួលក្នុងការស្វែងយល់ដោយ សាធារណជនទូទៅ និងរួមចំណែកបង្ហាញអំពីការប្តេជ្ញាចិត្តរបស់អាស៊ាន ដើម្បីធ្វើការរួមគ្នាឆ្ពោះទៅ រកការលុបបំបាត់ភាពរឹតត្បិតនានាទៅលើបម្លាស់ទីឆ្លងកាត់ព្រំដែនជាបណ្តោះអាសន្ន នៃរូបវន្តបុគ្គល ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងការវិនិយោគ។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា ដូចជា៖ (១)សម្រួលដល់បម្លាស់ទី និងលំហូរនៃបុគ្គលជំនាញ និងអ្នកចូលមកទស្សនកិច្ចក្នុងគោលបំណងធ្វើពាណិជ្ជកម្មក្នុងចំណោម ប្រទេសសមាជិកអាស៊ាន ដែលជាផ្នែកសំខាន់មួយរបស់ផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ ក្នុងការសម្រេចបាននូវការធ្វើសមាហរណកម្មសេដ្ឋកិច្ចខ្ពស់ និងការផ្សារភ្ជាប់សេដ្ឋកិច្ច ជាធ្លុងមួយ (២)ធ្វើឱ្យតារាងសន្យាបម្លាស់ទីរូបវន្តបុគ្គលកាន់តែមានលក្ខណៈសាមញ្ញ និងមានទម្រង់ រួមដែលបង្កភាពងាយស្រួលដល់សាធារណជន ជាពិសេសធុរជនក្នុងការស្វែងយល់អំពីការសន្យា របស់ប្រទេសសមាជិកនីមួយៗ ដើម្បីអាចទាញផលប្រយោជន៍ពេញលេញ។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១០៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧។

របៀបវារៈទី៣៖ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដើម្បីធ្វើវិសោធនកម្មជំពូកទី៣ ស្តីពីវិធានដើមកំណើត ទំនិញ ដោយផ្តោតសំខាន់លើបទប្បញ្ញត្តិពាក់ព័ន្ធវិធានជាក់លាក់សម្រាប់ផលិតផល និងដាក់បញ្ចូល លទ្ធផលនៃការចរចាវិធានជាក់លាក់សម្រាប់ផលិតផលថ្មី ទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន សំដៅអនុវត្តវិធានដើមកំណើតទំនិញប្រកបដោយ ប្រសិទ្ធភាព និងមានលក្ខណៈសម្រួលពាណិជ្ជកម្ម។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា រួមមាន៖ (១) ចូលរួមចំណែក លើកកម្ពស់តម្លាភាពនិងប្រសិទ្ធភាព នៅក្នុងការអនុវត្តជំពូកស្តីពីវិធានដើមកំណើតទំនិញ ជាពិសេស វិធានជាក់លាក់សម្រាប់ផលិតផល សំដៅជំរុញការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- ហុងកុង (២)បង្កលក្ខណៈកាន់តែងាយស្រួលដល់ពាណិជ្ជករ ក្នុងការស្វែងរកលក្ខខណ្ឌដើមកំណើត ទំនិញសម្រាប់ផលិតផលរបស់ខ្លួន ជាពិសេសសហគ្រាសធុនតូចនិងមធ្យម (៣)ចូលរួមពង្រឹងនិង ធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ សំដៅធានាលំហូរទំនិញដោយរលូននិងឆាប់ រហ័សរវាងប្រទេសជាសមាជិក ដើម្បីឆ្លើយតបតាមតម្រូវការនិងការវិវត្តនៃសេដ្ឋកិច្ចតំបន់ និងសកល។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១០៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧។

របៀបវារៈទី៤៖ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្ម សេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដើម្បី៖ (១) ឆ្លុះបញ្ចាំងអំពីតម្រូវការចាំបាច់ក្នុងការដំឡើង កម្រិតកិច្ចព្រមព្រៀង បង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ដោយដាក់បញ្ចូលនូវធាតុផ្សំនានាដែលមានតម្លៃបន្ថែមទៅក្នុងផ្នែកជាច្រើននៃកិច្ចព្រមព្រៀងរួមមានពាណិជ្ជកម្ម ទំនិញ វិធានប្រភពដើម នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម ពាណិជ្ជកម្មសេវាកម្ម ការវិនិយោគ បម្លាស់ទីរូបវន្តបុគ្គល ពាណិជ្ជកម្មអេឡិចត្រូនិក ការប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងលទ្ធកម្ម រដ្ឋាភិបាលជាដើម (២) ធ្វើឱ្យកិច្ចព្រមព្រៀងមានភាពទំនើប ដោយរួមបញ្ចូលនូវនិន្នាការសេដ្ឋកិច្ចថ្មីៗ ដូចជាការលើកកម្ពស់ការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងសកម្មភាពសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការស្តីពីលទ្ធកម្មរដ្ឋាភិបាល និងពាណិជ្ជកម្មនិងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងពន្លឿនការស្តារឡើងវិញក្រោយវិបត្តិជំងឺរាលដាលជាសាកល ដោយពិចារណាលើបម្រែបម្រួល នៃនិន្នាការធុរកិច្ចទូទាំងពិភពលោក និងរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់ដើម្បីធានាថាប្រការទាំងឡាយនៃ កិច្ចព្រមព្រៀងនឹងលើកកម្ពស់ដល់កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគរវាងបណ្តាភាគី លុបបំបាត់ ឧបសគ្គមិនចាំបាច់ចំពោះការធ្វើពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងធានានូវបរិយាកាសពាណិជ្ជកម្ម ដែលប្រកបដោយតម្លាភាពនិងអាចព្យាករបាន (៣)បង្កើតកាលានុវត្តភាពសេដ្ឋកិច្ចកាន់តែច្រើន និង ទូលំទូលាយតាមរយៈការធ្វើសេរីភាវូបនីយកម្មទីផ្សារបន្ថែមទៀតលើពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ (៤) ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបណ្តាភាគី ដើម្បីធានាថាភាគីនីមួយៗ ទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព តាមរយៈ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលគាំទ្រនិងផ្តល់ជំនួយបច្ចេកទេសសម្រាប់ការផ្សព្វផ្សាយ និងកសាង សមត្ថភាពស្ថាប័ន លើកកម្ពស់កិច្ចសហប្រតិបត្តិការនិយ័តកម្ម ព្រមទាំងបង្កើនការចូលរួមរបស់ សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា មានជាអាទិ៍៖ (១) ពង្រីក កាលានុវត្តភាពសេដ្ឋកិច្ច ដែលទទួលបានពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មទីផ្សារ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសាកល ការសម្រួលដល់ពាណិជ្ជកម្មនិងវិនិយោគ និងការ ធានាភាពប្រកួតប្រជែង ប្រកបដោយតម្លាភាពជាដើម ដែលអនុវត្តដោយគ្រប់បណ្តាភាគី (២) ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែទូលំទូលាយ ដែលជាកត្តាវិជ្ជមានក្នុងការបង្កើត ឱកាសការងារថ្មីៗនៅក្នុងប្រទេស បង្កើនចំណូលជាតិ និងរួមចំណែកដល់កំណើនផលិតផលជាតិ សរុប តាមរយៈការកសាងទំនុកចិត្តទៅលើបរិយាកាសធុរកិច្ចនិងបទប្បញ្ញត្តិ និងការកសាងសមត្ថភាព ស្ថាប័ន និងធនធានមនុស្ស (៣)បង្កើនថវិកាជាតិតាមរយៈចំណូលសារពើពន្ធ ការប្រមូលពន្ធអាករ ពីសកម្មភាពពាណិជ្ជកម្មនានានៅក្នុងប្រទេស (៤)ពង្រឹងសក្តានុពលកម្លាំងពលកម្មនិងសហគ្រិនភាព ក្នុងស្រុក តាមរយៈឱកាសកាន់តែច្រើន ក្នុងការទទួលបានបទពិសោធ ការផ្ទេរចំណេះដឹង ជំនាញ បច្ចេកវិទ្យា និងបំណិនអាជីវកម្ម (៥)ទទួលបាននូវជម្រើសទំនិញ និងសេវាកម្មកាន់តែច្រើនសម្រាប់ អ្នកប្រើប្រាស់ ប្រកបដោយតម្លៃសមរម្យ និងភាពប្រកួតប្រជែង។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១០៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧។

របៀបវារៈទី៥៖ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដើម្បីលើកស្ទួយ និងសម្រួលការដោះស្រាយវិវាទអន្តរជាតិ ប្រកបដោយសន្តិវិធី និងបង្កើតទំនាក់ទំនងនិងសហប្រតិបត្តិការប្រកបដោយមិត្តភាពរវាងរដ្ឋនិងរដ្ឋ តាមរយៈសន្ធានកម្ម នៅក្រោមអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ដែលជាអង្គការអន្តរជាតិមួយ មានបុគ្គលភាពគតិយុត្តអន្តរជាតិ និងមានសមត្ថភាពទទួលសិទ្ធិពេញលេញ។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា៖ (១)គាំទ្រគោលនយោបាយ និងនិន្នាការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិវាទអន្តរជាតិដោយសន្តិវិធីតាមរយៈ យន្តការសន្ធានកម្ម សម្របសម្រួលដោយភាគីទីបី (២)ផ្តល់ភាពបត់បែន និងជម្រើសបន្ថែមដល់ កម្ពុជាក្នុងការនាំវិវាទរបស់ខ្លួនទៅដោះស្រាយនៅក្រោមក្របខ័ណ្ឌអន្តរជាតិ ដោយហេតុថា ដំណើរការសន្តានកម្មរបស់អង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ត្រូវផ្តើមឡើងតាមការព្រមព្រៀង គ្នារវាងគូភាគីវិវាទមុនឬក្រោយវិវាទកើតឡើង និងស្របតាមគោលការណ៍ស្ម័គ្រចិត្ត មិនលម្អៀង សុទ្ធចិត្ត ប្រសិទ្ធផល និងប្រសិទ្ធភាព នៃការចំណាយ (៣) ព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិ ចាត់តាំងតំណាងរបស់ខ្លួនចូលរួមជាសមាជិកក្រុមប្រឹក្សាភិបាល ដែលជាអង្គសម្រេចចិត្តរបស់ អង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ហើយដែលមានសិទ្ធិចូលរួមប្រជុំ បោះឆ្នោត និងចូលរួមការ សម្រេចចិត្តនានារបស់អង្គការនេះ ស្របតាមបទប្បញ្ញត្តិរបស់អនុសញ្ញានេះ (៤) ជួយសម្រាល បន្ទុកនៅតាមសាលាជម្រះក្តីតុលាការ តាមរយៈការបង្វែរការដោះស្រាយវិវាទមួយចំនួនចេញពី តុលាការ ជាពិសេស វិវាទពាណិជ្ជកម្មនិងវិនិយោគ (៥) ផ្តល់ជម្រើសបន្ថែមសម្រាប់ការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ (៦)ផ្តល់នូវភាពប្រាកដប្រជាសម្រាប់ការដោះស្រាយវិវាទតាមសន្ធានកម្ម ក្នុងក្របខ័ណ្ឌអន្តរជាតិ (៧) ជួយសម្រួលដល់ការអនុវត្តកិច្ចព្រមព្រៀងសះជាដែលសម្រេចបាន តាមរយៈសន្ធានកម្ម (៨)ជំរុញឱ្យសន្ធានកម្មក្លាយទៅជាយន្តការដោះស្រាយវិវាទដ៏មានប្រសិទ្ធភាព (៩)ជួយបង្កើនភាពប្រកួតប្រជែង និងផ្តល់នូវការទាក់ទាញដោយប្រយោលលើវិស័យពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការផ្តល់យន្តការដោះស្រាយវិវាទដែលកំពុងពេញនិយម (១០) ទទួលបាន ការបណ្តុះបណ្តាល កសាងសមត្ថភាព ការចែករំលែកបទពិសោធ និងឧត្តមានុវត្តអន្តរជាតិ ពាក់ព័ន្ធ នឹងការធ្វើសន្ធានកម្មអន្តរជាតិ។

សេចក្តីព្រាងច្បាប់នេះរៀបចំឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១០៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧។

ឯកឧត្តមបណ្ឌិត ចែម វីទ្យា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាង ច្បាប់ទាំង៥នេះ និងការឡើងមានយោបល់ពិភាក្សារបស់សមាជិកព្រឹទ្ធសភាតាមរបៀវារៈនីមួយៗ ព្រមទាំងមានការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភាពីសំណាក់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម តំណាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងដោយឥតកែប្រែ និង ព្រឹទ្ធសភាទាំងមូល។ ចាត់ទុកជាការប្រញាប់លើសេចក្តីព្រាងច្បាប់ទាំង៥ខាងលើមានចំនួន ៥៥សំឡេង នៃចំនួនសមាជិក​ព្រឹទ្ធសភា​ទាំងមូល។

...

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print