ទីក្រុងកូឡាឡាំពួរ ៖ គម្រោងចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដូចជារអាក់រអួលបន្តិច៖
អវត្តមានរបស់នាយករដ្ឋមន្ត្រីថៃដែលគ្រោងនឹងចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងកូឡាឡាំពួរ នៅថ្ងៃស្អែក អាចនឹងធ្វើឱ្យលោក Donald Trump អារម្មណ៍មិនល្អ ព្រោះយោងតាមកម្មវិធី លោក Donald Trump បានត្រៀមខ្លួននឹងធ្វើជាសាក្សីនៃកិច្ចចុះហត្ថលេខាព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ នៅវេលាម៉ោង៣៖៤៥ នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួចទៅហើយ។ កាសែតថៃបានផ្សាយនៅព្រឹកថ្ងៃសៅរ៍ថា នាយករដ្ឋមន្ត្រីថៃ លោក Anutin ត្រូវលុបចោលគម្រោងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានដោយមូលហេតុថាលោកត្រូវដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយ ដើម្បីកាន់ទុក្ខព្រះមហាក្សត្រីយានី សិរិគិត ដែលបានយាងសោយទិវង្គតក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា នៅម៉ោង៩យប់ ថ្ងៃទី២៤ ខែតុលា ម្សិលមិញនេះ។ យ៉ាងណាក៏ដោយ តាមព័ត៌មានដែលខ្ញុំទទួលបាន លោក Anutin នៅមានជម្រើសពីរ៖ ទីមួយ ឱ្យរដ្ឋមន្រ្តីការបរទេសចុះហត្ថលេខាជំនួស និងទីពីរ លោកនឹងហោះមកទីក្រុងកូឡាឡាំពួរដើម្បីចុះហ្ថលេខារួចនឹងវិលត្រឡប់ទៅបាងកកវិញ។
អ្នកសារព័ត៌មានជិត៣ពាន់នាក់៖
រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នេះ អ្នកសារព័ត៌មានសរុបជាង២,៨០០នាក់បានចុះឈ្មោះដើម្បីយកព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក៏ដូចជាដំណើរមកដល់របស់ប្រធានាធិបតីដូណាល់ត្រាំនៅថ្ងៃស្ងែក។ ក្នុងនោះមានអ្នកសារព័ត៌មានមកពីអាម៉េរិកជិត១០០នាក់បានតាមមកជាមួយលោក Donald Trump។
លោក Donald Trump គ្រោងបោះបង់កិច្ចប្រជុំធំ៖
យោងតាមកម្មវិធីចុងក្រោយរបស់សេតវិមាន លោក លោក Donald Trump នឹងមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលមាន១៨ប្រទេសនោះទេ លើកលែងតែកិច្ចប្រជុំកំពូលរវាងអាម៉េរិក-អាស៊ាន និងកិច្ចប្រជុំទ្វេភាគីដទៃទៀត។
ជម្លោះព្រំដែនកម្ពុជា-ថៃ ក្លាយជាប្រធានបទក្តៅ៖
ក្នុងចំណោមប្រធានបទជាច្រើនដែលគ្រោងនឹងដាក់លើតុនៅឯកិច្ចប្រជុំនានារយៈពេលប៉ុន្មានថ្ងៃនេះ ប្រធានបទចំនួន៣ត្រូវបានគេប៉ាន់ប្រមាណមើលថាក្តៅគគុកជាងគេ នោះគឺ៖ (១). ជម្លោះព្រំដែនកម្ពុជា-ថៃ, (២). គម្រោងបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ានៅខែធ្នូខាងមុខ និងទី៣. បញ្ហាពន្ធរបស់លោក Donald Trump៕
ដោយ ៖ ពុយ គា
សូមរង់ចាំភាគបន្ត…










