ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃអាទិត្យទី២៦ ខែតុលា ឆ្នាំ២០២៥នេះ សូមអរគុណដល់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានប្រឹងប្រែងចូលរួមគ្រប់សកម្មភាពដើម្បីសង្គម ជាពិសេសការលះបង់កម្លាំងកាយ ចិត្ត ស្មោះស្ម័គ្រ ជួយជ្រោមជ្រែង គាំទ្រដល់ប្រជាជនកម្ពុជាគ្រប់រូបភាព មិនថាក្នុងដំណាក់កាលដែលប្រទេសជួបទុក្ខលំបាក ឬសន្តិភាពឡើយ។ គ្រប់សកម្មភាពទាំងអស់របស់ សមាជិក សមាជិការយើង គឺដើម្បីបំពេញបេសកកម្មក្នុងបុព្វហេតុជាតិមាតុភូមិក្នុងនាមជាយុវជនបន្តវេន។
លោក ហ៊ុន ម៉ានី បានថ្លែងបន្តថា ពានរង្វាន់ដែលយើងទទួលបាននៅក្នុងដៃនាពេលនេះ គឺសម្រាប់ក្រុមគ្រួសារ ស.ស.យ.ក ទាំងអស់នៅទូទាំងប្រទេស គ្រប់គ្នាគឺជាម្ចាស់នៃជ័យលាភីមួយនេះ។ នេះ គឺជាមោទនភាពដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជា ទាំងក្នុង និងក្រៅប្រទេស ដែលជាសក្ខីកម្មនៃការទទួលស្គាល់នូវសកម្មភាពដ៏ថ្លៃថ្លា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ សមាជិក សមាជិក របស់ ស.ស.យ.ក គ្រប់រូបៗ ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានា ក្រោម ទិសស្លោក យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ។
សូមអបអរសាទរចំពោះជោគជ័យដ៏ត្រចេះត្រចង់របស់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា។ ភាពជោគជ័យមួយដែល ស.ស.យ.ក. ទទួលបាននោះគឺជាការដែលបានបង្ហាញពីសង្គមកម្ពុជាមួយដែលតែងតែរួបរួមគ្នា សាមគ្គីគ្នាជាធ្លុងមួយ ជាពិសេសការបង្ហាញពីសក្តានុពលយុវជនរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ៕
ដោយ៖តារា










