ប្រទេសហុងគ្រី ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារក្នុងពេលអាហារថ្ងៃត្រង់ជាមួយ លោក យ៉ាកប អ៊ីស្តវ៉ាន(Jakab Istavan) អនុប្រធានរដ្ឋសភានៃប្រទេសហុងគ្រី នៅរដ្ឋធានីប៊ុយដាប៉ែស នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅក្នុងឱកាសសម្តេចបានកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅក្នុងប្រទេសហុងគ្រី រយៈពេល៤ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៥។
សម្តេចរដ្ឋសភាធិបតី បានជម្រាប លោក យ៉ាកប អ៊ីស្តវ៉ាន ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាមកកាន់ប្រទេសហុងគ្រី នៅពេលនេះ ជាពេលវេលាមួយដែលគណៈប្រតិភូមានក្តីសប្បាយរីករាយយ៉ាងក្រៃលែងបំផុត។ ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនេះ ក្រៅពីជាឱកាសដ៏ល្អក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយមិត្តចាស់ មិត្តដែលបានជួយគ្នាក្នុងគ្រាលំបាកហើយនោះ។ នៅថ្ងៃទី២៦ ខែតុលានេះ ប្រជាពលរដ្ឋកម្ពុជាទំាងមូលក៏ដូចជាគណៈប្រតិភូទាំងអស់ មានក្តីសប្បាយរីករាយយ៉ាងក្រៃលែង ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី ប្រទេសថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព សន្តិភាព ក្រោមវត្តមានរបស លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី ក្រោយ ប្រទេសទាំងពីរមានជម្លោះព្រំដែនជាមួយគ្នា ចុងក្រោយនេះចាប់ពីថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៥
មក ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាសន្តិភាពនេះមានតម្លៃខ្ពស់បំផុត ដែលមិនសម្រាប់ពលរដ្ឋខ្មែរទំាងកម្ពុជានិងថៃ ប៉ុណ្ណោះទេតែសម្រាប់តំបន់និងសកលលោកទាំងមូល។
នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរដែលមានតំាងពីយូរណាស់ហើយ គឺចាប់តាំងពីឆ្នាំ១៩៥៦ មក។ ដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភាមកកាន់ប្រទេសហុងគ្រីនាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយ ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែជិតស្និទ្ធ រឹងមាំបន្ថែមទៀត ដោយយកពលរដ្ឋជាស្នូល។ ទំនាក់ទំនាក់ប្រទេសទាំងពីរមានលក្ខណៈប្រវត្តិសាស្រ្តដោយផ្អែកលើការជឿជាក់ ការគោរព និងការផ្តល់តម្លៃគ្នាទៅវិញទៅមក នឹងឈានដល់ខូប៧០ឆ្នាំ នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។
សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរកត់សម្គាល់របស់ប្រទេសហុងគ្រី ក្នុងរយៈពេលចុងក្រោយនេះ បានលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យប្រជាពលរដ្ឋ ហុងគ្រីមានជីវភាពធូរធារ និងស៊ីវិល័យ។
លោក អ៊ីស្តវ៉ាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចរដ្ឋសភាធិបតី ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី។ លោកបានជម្រាបជូនសម្តេចនិងគណៈប្រតិភូពីសក្តានុពលសំខាន់ៗរបស់ប្រទេសហុងគ្រី ក្នុងនោះមានវិស័យ កសិកម្ម ឧស្សាហកម្ម និងធនធានទឹកជាដើម។ ឯកឧត្តមបានគូសញ្ជាក់ថាហុងគ្រីនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅក្នុងវិស័យកសិកម្ម និងឧស្សហកម្មអាហារ។ បច្ចុប្បន្ននេះក្នុងចំណោមនិស្សិតកម្ពុជាដែលកំពុងសិក្សានៅហុងគ្រី មានមួយចំនួនតិចតួចបំផុត បានកំពុងសិក្សាវិស័យកសិកម្មនេះ ដែរ។
ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ មានសុទិដ្ឋិនិយមនិងការជឿជាក់យ៉ាងមុតមាំថាចំណងមិត្តកិច្ចសហប្រតិបត្តិការកម្ពុជា-ហុងគ្រីកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមកជាបន្ទាប់ ទំាងក្នុងស្ថាប័ននិងនីតិប្បញ្ញត្តនិងនីតិប្រតិបត្តិ។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានស្នើប្រទេសហុងគ្រី បង្កើនអាហារូបករណ៍ដល់និស្សិតកម្ពុជា បានមកសិក្សានៅក្នុងប្រទេសហុងគ្រី។ ធនធានមនុស្សជាកត្តាសំខាន់ក្នុងការចូលរួមចណែក អភិវឌ្ឍន៍ប្រទេសកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថានៅរដ្ឋសភាកម្ពុជាវិញ មានការយកចិត្តទុកជាខ្លាំងលើការងារជ្រាវស្រាវ។ រដ្ឋសភាមានគម្រោងបង្កើតអង្គភាពស្រាវជ្រាវមួយ ដើម្បីសិក្សាស្រាជ្រាវ លើវិស័យនានា សម្រាប់ជួយដល់ការងាររបស់ថ្នាក់ដឹកនាំនិងសមាជិកសមាជិការដ្ឋសភា។
សម្តេចបានគូសបញ្ជាក់ថា អតីតនិស្សិតកម្ពុជា ដែលបានសិក្សានៅប្រទេសហុងគ្រី កាលពីទសវត្សរ៍ឆ្នាំ៨០ មួយចំនួនបានកំពុងកាន់តួនាទីសំខាន់ៗ ក្នុងរាជរដ្ឋាភិបាល។ ចំណែកសម្តេចផ្ទាល់ ដែលជាអតីនិស្សិតបានសិក្សានៅក្នុងហុងគ្រីដែរនោះ ជាប្រធានរដ្ឋសភា។ លទ្ធផលដ៏ល្អសម្រាប់អតីតនិស្សិតកម្ពុជា ដែលបានសិក្សានៅប្រទេសហុងគ្រី ហើយបានក្លាយជាថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ នៅកម្ពុជានេះ គឺមោទនភាពមួយរបស់ប្រទេសហុងគ្រី ផងដែរ៕












