ប្រធានាធិបតី​ ដូណាល់​ ត្រាំ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាផ្លូវការជាមួយ​ កម្ពុជា ថៃ ម៉ាឡេស៊ី វៀតណាម

ចែករំលែក៖

ទីក្រុង​គូឡាឡាំពួ​៖​ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ បាននិយាយថា​ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី​ពាណិជ្ជកម្មបដិការ ក៏ដូចជា​រ៉ែសំខាន់ៗជាមួយ​បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៤ កាលពីថ្ងៃអាទិត្យ ដើម្បី​ដោះស្រាយ​អតុល្យភាពពាណិជ្ជកម្ម និងធ្វើពិពិធកម្មខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ ចំពេល​ចិនរឹតបន្តឹងការនាំចេញរ៉ែកម្រ។​

ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ បានចុះផ្សាយថា​ ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ នៅខាងក្រៅកិច្ចប្រ​ជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ​ជាមួយ​​ប្រទេសម៉ាឡេស៊ី ​កម្ពុជា ថៃ និងវៀតណាម​ ​ដោយ​​ប្រទេសដៃគូពាណិជ្ជកម្ម​អាមេរិកសំខាន់ៗ​ក្នុងតំបន់ទាំងនេះ នឹង​ដោះស្រាយបញ្ហារបាំងពន្ធគយ និងមិនមែនពន្ធគយសម្រាប់ទំនិញ​អាមេរិក​។

​យោងតាមសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយសេតវិមាន សហរដ្ឋអាមេរិកនឹងរក្សាអត្រាពន្ធគយ ១៩ ភាគរយ​ លើ​ទំនិញ​នាំចូលអាមេរិករបស់កម្ពុជា ម៉ាឡេស៊ី និងថៃ ខណៈប្រទេសទាំង៣ នឹង​ទម្លាក់ពន្ធដល់់សូន្យភាគរយលើទំនិញនាំចូលពីអាមេរិក​មួយ​ចំនួន។ ​សេចក្ដីថ្លែងការណ៍ក៏បាន​ប្រកាស​ពីកិច្ចព្រមព្រៀងក្របខ័ណ្ឌស្រដៀងគ្នានេះផងដែរ ជាមួយវៀតណាម ដែលរងពន្ធអាមេរិក​ ២០ ភាគរយ។

ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម​បដិការដដែល ប្រទេសអាស៊ាន​ទាំង៤ បានសន្យាថានឹងលុបបំបាត់របាំងពាណិជ្ជកម្ម និងផ្តល់​អនុគ្រោះទីផ្សារ​ដល់ទំនិញផ្សេងៗរបស់​អាមេរិក។ ក្រៅពីនេះ ក៏មានការប្តេជ្ញាចិត្តលើពាណិជ្ជកម្មឌីជីថល សេវាកម្ម និងការវិនិយោគ រួមជាមួយនឹងការសន្យាការពារសិទ្ធិការងារ និងពង្រឹងស្តង់ដារបរិស្ថាន។

សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បាន​បង្ហោះរូបថតស្ដីពីពិធីចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយលោក ត្រាំ ដោយ​លើកឡើងថា វានឹង​ «ពង្រឹង និងពង្រីកពាណិជ្ជកម្មទ្វេភាគី»។

ជាក់ស្ដែង​នៅក្នុងសេចក្ដីថ្លែងការណ៍របស់សេតវិមាន កម្ពុជា​ បាន​ប្តេជ្ញាលុបបំបាត់ពន្ធគយលើគ្រប់មុខទំនិញឧស្សាហកម្ម និងផលិតផលម្ហូបអាហារ និងកសិកម្មរបស់សហរដ្ឋអាមេរិក​ដែលនាំចូលមកកម្ពុជា។

សូមជម្រាបជូនថា​ ​ថៃ ម៉ាឡេស៊ី និងវៀតណាមឯណោះវិញ​ បានយល់ព្រមនាំចូលយានយន្តអាមេរិក​ដែលបំពេញតាមស្តង់ដារសុវត្ថិភាព និងការបំភាយឧស្ម័នរបស់​អាមេរិក។

ដោយឡែក​ម៉ាឡេស៊ី​ នឹងជំរុញតម្រូវការការនាំចូលគ្រឿងសម្អាង និងឱសថរបស់សហរដ្ឋអាមេរិក ខណៈធានាបាន​ការលើកលែងពន្ធពីអាមេរិក​សម្រាប់បច្ចេកវិទ្យា​អាកាសចរណ៍ ឱសថ និងទំនិញដូចជា៖​ ប្រេងដូង កាកាវ និងកៅស៊ូ។

ចំណែកថៃ នឹងលុបចោលពន្ធលើ ៩៩% នៃទំនិញអាមេរិក បន្ធូរបន្ថយការកំណត់ការកាន់កាប់ភាគហ៊ុនបរទេសក្នុងវិស័យទូរគមនាគមន៍ ខណៈប្ដេជ្ញាទិញ​ទំនិញកសិកម្មអាមេរិក ២,៦ ប៊ីលាន​ដុល្លារ យន្តហោះអាមេរិក ១៨,៨ ប៊ីលាន​ដុល្លារ និងទំនិញថាមពលរួមមាន​ប្រេង និងឧស្ម័នធម្មជាតិប្រចាំឆ្នាំ ៥,៤ ប៊ីលាន​ដុល្លារ។

ក្រៅពីពាណិជ្ជកម្ម​បដិការ សហរដ្ឋអាមេរិក​បាន​ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងជាមួយថៃ និងម៉ាឡេស៊ី ពាក់ព័ន្ធនឹង​កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ និងពង្រីកខ្សែច្រវ៉ាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ។ MOU លើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរ៉ែកម្រលើការរុករក ការទាញយក ការកែច្នៃ ការចម្រាញ់ ការផលិត និងការកែច្នៃឡើងវិញ​។

...

គួរបញ្ជាក់ថា​ ការចុះ MOU ដដែល ​ធ្វើឡើងខណៈអាមេរិក និងចិន បន្តភាពតានតឹងពាណិជ្ជកម្ម រួមទាំងពាក់ព័ន្ធនឹង​ការរឹតត្បឹតការនាំចេញរ៉ែកម្ររបស់ចិន ដែលរួមចំណែកពី ៧០-៩០ ភាគរយ នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់់សកល៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print