អន្តរជាតិ៖ ប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ ពិធីរំលឹកខួបលើកទី៨០នៃការស្តារអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់បានធ្វើឡើងនៅតំបន់ផ្សេងៗគ្នាជុំវិញពិភពលោក។ អ្នកចូលរួមពិធីរំលឹកបានកត់សម្គាល់ថា ការស្តារអធិបតេយ្យភាពឡើងវិញចំពោះតៃវ៉ាន់និងការដែលតៃវ៉ាន់វិលត្រឡប់មកមាតុប្រទេសចិនវិញ គឺជាសមិទ្ធផលដ៏សំខាន់នៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ហើយនិន្នាការប្រវត្តិសាស្ត្រដែលឆ្ពោះទៅរកការបង្រួបបង្រួមប្រទេសចិនគឺមិនអាចរារាំងបានឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន CCFR ។
ស្ថានអគ្គកុងស៊ុលចិនប្រចាំទីក្រុងឡូសអាន់ជឺឡេសសហរដ្ឋអាមេរិកបានរៀបចំសិក្ខាសាលានៅថ្ងៃទី២៥ខែតុលា ដើម្បីរំលឹកខួបលើកទី៨០នៃការស្តារអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់។
លោកស្រីChen Tianbi ប្រធានប្តូរវេននៃសមាគមជំរុញការបង្រួបបង្រួមប្រទេសចិនដោយសន្តិវិធីនៅសហរដ្ឋអាមេរិកបានលើកឡើងថា ការបង្កើតទិវារំលឹកការស្តារអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការចងចាំពីប្រវត្តិសាស្ត្ររួមគ្នានៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។
លោកស្រីបានមានប្រសាសន៍ថា “ការជំរុញការបង្រួបបង្រួមពឹងផ្អែកយ៉ាងខ្លាំងទៅលើការបន្តវេននៃគំនិត និងការយល់ដឹង។ ដូច្នេះ ការបង្កើតទិវារំលឹកការស្តារអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់ទទួលបានការគាំទ្រជាឯកច្ឆន្ទទាំងក្នុងនិងក្រៅប្រទេស ហើយក៏ជំរុញបន្ថែមទៀតនូវបំណងប្រាថ្នាដ៏ខ្លាំងក្លារបស់ជនជាតិចិននៅក្រៅប្រទេសអំពីការបង្រួបបង្រួមជាតិចិនផងដែរ”។
ឥស្សរជនគ្រប់មជ្ឈដ្ឋានបានសម្គាល់ឃើញជាឯកច្ឆន្ទថា ប្រទេសចិនចាំបាច់ត្រូវតែរួបរួមគ្នា ហើយក៏ប្រាកដជានឹងរួបរួមគ្នាជាមិនខានដែរ។ អាណិកជនចិននិងជនជាតិចិននៅបរទេសនៅគាំទ្រយ៉ាងមុតមាំចំពោះគោលការណ៍ចិនមួយ និងប្រឆាំងយ៉ាងដាច់ចំពោះពួកអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ។ ពួកគេនឹងប្រមូលផ្តុំកម្លាំងនៃមជ្ឈដ្ឋានអាណិកជនចិនបន្ថែមទៀត ដើម្បីបន្តរួមចំណែកដល់បុព្វហេតុដ៏អស្ចារ្យនៃការបង្រួបបង្រួមជាតិ៕

 
			








