ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១០និង២០នាទី បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ស្ថិតនៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៧និង១០នាទី ត្រង់ចំណុចក្រុមទី០៤ ស្ថិតក្នុងភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីលួច (កាត់ខ្សែភ្លើង) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង របស់ប្រជាពលរដ្ឋឈ្មោះ សៃ ថារី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (មេការទឹកស្អាតប្រចាំស្រុករតនមណ្ឌល) នៅចំណុចកើតហេតុខាងលើ ។
ក្រោយពីទទួលបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដឹកនាំដោយលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះធ្វើការស៊ើបអង្កេតរហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១០និង២០នាទី ទើបសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់៖ ០១.ឈ្មោះ កែវ រ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ធ្លាប់ជាប់ពន្ធនាគារ ពីបទលួច), ០២.ឈ្មោះ ថើន សុណា ភេទ ប្រុសអាយុ ២៣ឆ្នាំ ទីលំនៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង, ០៣.ឈ្មោះ ថើន ផានិត ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និង០៤.ឈ្មោះ ពែក វណ្ណារិទ្ធ ភេទប្រុស អាយុ១២ឆ្នាំ ទីលំនៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ជាអនិតិជនក្រោមអាយុ១៤ឆ្នាំ) នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពលួចកាត់ខ្សែភ្លើង ដោយយកកាំបិតខ្វែវដងឈើកាត់ខ្សែភ្លើង ដែលតចូលម៉ូទ័របញ្ជូនទឹក ដែលជាម៉ូទ័រប្រព័ន្ធទឹកស្អាតប្រវែងប្រហែល ៤.៥ស.ម កាត់យកខ្សែភ្លើង ពិតប្រាកដមែន ។ រួចបានយកទៅលក់បានប្រាក់ ៣០,០០០រៀល ហើយពួកខ្លួនបានយកប្រាក់នោះទៅទិញថ្នាំញៀនជក់ជាមួយគ្នា។ វត្ថុតាងដកហូតរួមមាន៖ កាំបិតខ្វែវ ដងដែក ចំនួន០១ដើម ។
ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖តារា










