ប្រជាជនហ្គាហ្សាជាង១០០នាក់ស្លាប់ដោយសារការទម្លាក់គ្រាប់បែករបស់អុីស្រាអែលក្នុងរយៈពេលមួយថ្ងៃ

ចែករំលែក៖

អ្នកនាំពាក្យក្រសួងសុខាភិបាលហ្គាហ្សាលោក Mahmud Bassal បាននិយាយនៅថ្ងៃទី២៩ ខែតុលាថា “យ៉ាងហោចណាស់មានសាកសពចំនួន ១០១នាក់ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យ រួមទាំងកុមារ៣៥នាក់ ស្ត្រីជាច្រើននាក់និងមនុស្សចាស់ បន្ទាប់ពីការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អុីស្រាអែលក្នុងរយៈពេលតិចជាង ១២ ម៉ោង”។

វាជាថ្ងៃដ៏សាហាវបំផុតនៅក្នុងតំបន់ហ្គាហ្សាចាប់តាំងពីអុីស្រាអែល និងហាម៉ាស់បានចាប់ផ្តើមអនុវត្តបទឈប់បាញ់ដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ១០ ខែតុលា។
លោក Khadija al-Husni ដែលរស់នៅក្នុងជំរំជនភៀសខ្លួន al-Shati នៅភាគខាងជើងហ្គាហ្សាបាននិយាយថា “យើងគ្រាន់តែដកដង្ហើម ព្យាយាមកសាងជីវិតរបស់យើងឡើងវិញ ហើយបន្ទាប់មកគ្រាប់បែកបានចាប់ផ្តើមធ្លាក់”។ “វាជាបទឧក្រិដ្ឋ សន្តិភាព ឬសង្គ្រាម អ្នកមិនអាចមានទាំងពីរបានទេ។ កុមារមិនហ៊ានដេកទេ។ ពួកគេជឿថាសង្គ្រាមពិតជាចប់ហើយ”។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអុីស្រាអែលលោក Benjamin Netanyahu បាននិយាយនៅចុងថ្ងៃទី ២៨ ខែតុលាថា យោធារបស់ប្រទេសនេះបានបញ្ជាឱ្យ “វាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរជាបន្ទាន់លើហ្គាហ្សា” ប៉ុន្តែមិនបានផ្តល់ហេតុផលជាក់លាក់ណាមួយឡើយ។ មន្ត្រីយោធាអុីស្រាអែលម្នាក់ បានចោទប្រកាន់ក្រុមហាម៉ាស់ថាបានរំលោភលើបទឈប់បាញ់ដោយវាយប្រហារកងកម្លាំងអុីស្រាអែលនៅរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សា ដោយបានសម្លាប់ទាហានម្នាក់។

យោធាអុីស្រាអែលបាននិយាយថា ខ្លួននឹងបន្តរក្សាកិច្ចព្រមព្រៀងឈប់បាញ់ ខណៈពេលដែលព្រមានអំពីការឆ្លើយតបយ៉ាងខ្លាំងចំពោះ “ការរំលោភបំពានណាមួយ”។
CNN បានដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ដែលនិយាយថា ទីក្រុង Tel Aviv បានជូនដំណឹងដល់ទីក្រុងវ៉ាស៊ីនតោនមុនពេលចាត់វិធានការ។ ប្រធានាធិបតី Trump បាននិយាយថា បទឈប់បាញ់មិនស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំនោះទេ។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា “តាមដែលខ្ញុំដឹង ទាហានអុីស្រាអែលម្នាក់ត្រូវបានសម្លាប់។ ដូច្នេះអុីស្រាអែលបានឆ្លើយតប ហើយពួកគេគួរតែធ្វើដូច្នេះនៅពេលដែលរឿងនោះកើតឡើង”។ “វាមិនមានអ្វីទាក់ទងនឹងបទឈប់បាញ់នោះទេ។ អ្នកត្រូវតែយល់ថា ក្រុមហាម៉ាស់គឺជាផ្នែកតូចមួយនៃមជ្ឈិមបូព៌ា ហើយពួកគេត្រូវដឹងពីរបៀបប្រព្រឹត្ត”៕ ដោយធីរីណា

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print