ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។
ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា បានរៀបចំ និងប្រព្រឹត្តទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្រ្ត ជាកូនចៅ ចៅទួត របស់ព្រះអង្គតរៀងទៅ៕












