សម្តេចប្រធានរដ្ឋសភាស្នើក្រុមមិត្តភាពរដ្ឋសភាបារំាង-កម្ពុជាលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ជំរុញអ្នកទេសចរ និងអ្នកវិនិយោគបារំាងទៅកម្ពុជាបន្ថែមទៀត

ចែករំលែក៖

ទីក្រុងប៉ារីស ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ថូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅក្នុងនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋបារាំង ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។

សម្តេចប្រធានរដ្ឋសភា បានបង្ហាញក្តីសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះ លោក ថូម៉ាស់ ឡាំ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនាឱកាសនេះ។ សម្តេចបានគូសបញ្ជាក់ថា ចំណងមិត្តភាពជាប្រវត្តិសាស្រ្តកម្ពុជា-បារាំង មានការរីកចម្រើនគួរកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។

ទំនាក់ទំនងកម្ពុជា-បារាំង ពូនជ្រំដោយអតីត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតកោដ្ឋ» និងបានបន្តថែរក្សាលើកកម្ពស់ជាលំដាប់ដោយសម្តេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នបន្តមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ក្នុងឆ្នាំ២០២៦ របស់ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (President Emmanuel Macron)នៅកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់រឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្រុមមិត្តភាពបារាំង-កម្ពុជា បានដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចបានស្នើ លោក ថូម៉ាស់ ឡាំ រៀបចំនូវសកម្មភាព និងគំនិតផ្ដួចផ្ដើមបន្ថែមទៀតដើម្បីតភ្ជាប់ទំនាក់ទំនងប្រជាជនប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងជំរុញការយោគយល់គ្នាទៅវិញទៅមក។ សម្តេចបន្តថា យុវជនកម្ពុជាបច្ចុប្បន្នបានងាកមកសិក្សាភាសាបារាំងកាន់តែច្រើន ហើយពលរដ្ឋកម្ពុជា ក៏នៅតែមានការកំាទ្រផលិតផលបារាំង ដូចជាឱសថ ជាដើម។ ដូច្នេះអ្នកវិនិយោគបារំាងគួរឆ្លៀតឱកាសនេះដើម្បីវិនិយោគនៅកម្ពុជា។ សូមកុំសម្លឹងកម្ពុជាត្រឹមកម្ពុជា១៧លាននាក់ តែសម្លឹងកម្ពុជាក្នុងក្របខ័ណ្ឌអាស៊ាននិង RCEP ដែលមានប្រជាពលរដ្ឋរាប់រយលាននាក់។

លោក ប្រធានក្រុមមិត្តភាពរដ្ឋសភាបារំាង-កម្ពុជា បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានបញ្ជាក់ថា លោកនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការបារាំង-កម្ពុជាឱ្យកាន់តែរឹងមាំឡើង។ លោកបានអបអរសាទរការទទួលធ្វើជាម្ចាស់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងសូមឱ្យកម្ពុជាទទួលបានជោគជ័យនៅក្នុងការរៀបចំកិច្ចប្រជុំនោះ។
លោក ថូម៉ាស់ ឡាំ បានជម្រាបសម្តេចថា ក្នុងបេសកកម្មដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ នៅឆ្នាំ២០២៦ខាងមុខនេះ លោកនឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។ គម្រោងនេះទទួលបានការគាំទ្រ និងស្វាគមន៍យ៉ាងពេញទំហឹងពីសំណាក់សម្តេចប្រធានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភានិងលោក ថូម៉ាស់ ឡាំ បានពិភាក្សាគ្នាពីសន្តិភាព។ សម្តេចលើកឡើងថា កម្ពុជាចង់ឃើញកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលានេះ អនុវត្តមានប្រសិទ្ធភាពខ្ពស់ ធានាសុខសន្តិភាពបានជាយូរអង្វែងតទៅ។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះវេទិកាសន្តិភាពប៉ារីសលើកទី៨ ដែលប្រទេសបារំាងបានរៀបចំឡើងគឺជាឱកាស សម្រាប់ការពិភាក្សា និងការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហានានាដែលពលរដ្ឋកំពុងប្រឈម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print