ភ្នំពេញ ៖ អ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង យល់ឃើញថា វិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិននាពេលអនាគត ក្រោមក្របខ័ណ្ឌនៃគំនិតផ្ដួចផ្ដើមសកលទាំង៤នេះ លោកយល់ថា ប្រទេសទាំង២ គួរពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាពសំខាន់ៗបន្ថែមទៀត ដូចខាងក្រោម ៖
ទី១) ជំរុញការវិនិយោគលើថាមពលបៃតង ដោយមានការគិតគូរដល់បម្រែបម្រួលអាកាសធាតុដែលមានក្នុងគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល (GDI) ដូចជាការជំរុញវិនិយោគលើថាមពលកកើតឡើងវិញ (ពន្លឺព្រះអាទិត្យ វារីអគ្គិសនី) និងបច្ចេកវិទ្យាកាបូនទាប គឺជាវិស័យអាទិភាពសំខាន់ និងយុទ្ធសាស្ត្រក្នុងការអនុវត្តនូវ គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល (GDI) ដើម្បីគាំទ្រដល់ចីរភាព និងគោលដៅអភិវឌ្ឍន៍របស់កម្ពុជា។
វិនិយោគថាមពលកកើតឡើងវិញ ទើបជាការអនុវត្តជាក់ស្តែងក្នុងយុទ្ធសាស្រ្ត បញ្ចកោណ មុំទី៤ (អភិវឌ្ឍន៍តាមបែបចីរភាព) ដើម្បីធានានូវសន្តិសុខថាមពលជាតិ បង្កើតឱ្យមានឋាមពលស្អាត និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ ម្យ៉ាងទៀត ខ្ញុំជឿជាក់ថា បើមានការ វិនិយោគបែបនេះ អាចជួយកម្ពុជាឱ្យសម្រេចនូវគោលដៅជាតិរបស់ខ្លួនក្នុងការអភិវឌ្ឍបៃតង និងឆ្ពោះទៅរកការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យ (Net Zero) នាពេល អនាគត។
ក្រុមហ៊ុនចិនអាចបន្តជាអ្នកវិនិយោគធំជាងគេលើគម្រោងសូឡាខ្នាតធំ (Solar Farms) និងការដំឡើងសូឡាលើដំបូលអគារ (Rooftop Solar) ហើយសូមផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា។
ដូច្នេះ ការជំរុញអនុវត្តគម្រោងវិនិយោគថាមពលកកើតឡើងវិញ ទើបជាសសរស្តម្ភដ៏រឹងមាំសម្រាប់ការពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរ ស្របតាមទិសដៅ គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល (GDI)។
ទី២) កសាងផ្លូវសូត្រឌីជីថល (Digital Silk Road): ការពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាឌីជីថល 5G, អភិបាលកិច្ចឌីជីថល, និងសន្តិសុខអ៊ីនធឺណិតនៅកម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ (ការធ្វើទំនើបកម្មសេដ្ឋកិច្ច)។
ការពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាឌីជីថល គឺជាវិស័យអាទិភាពខ្ពស់មួយទៀតដែលស្ថិតនៅក្រោមឆ័ត្រនៃ គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល (GDI) តាមរយៈការកសាង “ផ្លូវសូត្រឌីជីថល” (Digital Silk Road) ដែលដើរស្របគ្នាជាមួយ គំនិតផ្ដួចផ្ដើមសន្តិសុខសកល (GSI) លើផ្នែកសន្តិសុខអ៊ីនធឺណិត (Cybersecurity)។
ជារួម ការបោះជំហានទៅមុខក្នុងវិស័យឌីជីថល គឺនឹងជួយកម្ពុជាសម្រេចបាននូវផែនការ “សេដ្ឋកិច្ចឌីជីថល” របស់ខ្លួនយ៉ាងមានប្រសិទ្ធភាព និងចីរភាព។
ទី៣) ការបណ្តុះបណ្តាលបច្ចេកវិទ្យាកសិកម្ម: ការផ្ទេរបច្ចេកវិទ្យាកសិកម្មទំនើប ការកែលម្អពូជ និងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិ-ចំណីអាហារ (Agri-food system) គឺដើម្បីធានាសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូលប្រជាកសិករ។
ទី៤) ជំរុញការផ្លាស់ប្តូរវប្បធម៌ និងសកម្មភាពយុវជន (GCI): ការពង្រីកកម្មវិធីអាហារូបករណ៍ ការផ្លាស់ប្តូរអ្នកស្រាវជ្រាវ និងការរៀបចំវេទិកាអរិយធម៌ នឹងនាំមកនូវការបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងបណ្តុះបណ្តាលអ្នកបន្តវេនកាន់តែច្រើនក្នុងទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងពីរ។
ការផ្តល់អាហារូបករណ៍ ក៏ដូចជាការធ្វើកម្មវិធីស្រាវជ្រាវដល់អ្នកស្រាវជ្រាវ នឹងផ្តល់ឱកាសដល់យុវជន និងនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសចិន ដើម្បីជាការបង្កើត “ស្ពានមនុស្ស” រវាងប្រទេសទាំងពីរ។ ពួកគេ គឺជាអ្នកដឹកនាំនាពេលអនាគត ដែលនឹងបន្តពង្រឹងទំនាក់ទំនងកម្ពុជា-ចិនប្រកបដោយភាពស្និទ្ធស្នាល និងការជឿទុកចិត្តគ្នា។
សកម្មភាពបែបនេះ ទើបជាការអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាពបំផុតសម្រាប់ គំនិតផ្ដួចផ្ដើមអរិយធម៌សកល (Global Civilization Initiative – GCI) ដែលផ្តោតលើ “ការពង្រឹងការផ្លាស់ប្តូរ និងការសិក្សាពីគ្នាទៅវិញទៅមកនៃអរិយធម៌”រវាងប្រទេសទាំង២។ ម្យ៉ាងទៀត កិច្ចសហប្រតិបត្តិការក្នុង វិស័យវប្បធម៌ និងប្រជាជន មិនត្រឹមតែអនុវត្តតាមស្មារតីនៃគំនិតផ្ដួចផ្ដើមអរិយធម៌សកល ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការវិនិយោគរយៈពេលវែងដ៏សំខាន់បំផុតក្នុងការកសាង “សហគមន៍ជោគវាសនារួមគ្នា” កម្ពុជា-ចិន ប្រកបដោយភាពរឹងមាំ និងនិរន្តរភាពផងដែរ។
ទី៥)បង្កើតធនាគារខួរក្បាល/ ការស្រាវជ្រាវគោលនយោបាយ ៖ ការបង្កើតធនាគារខួរក្បាល/ការស្រាវជ្រាវគោលនយោបាយ រវាងកម្ពុជា-ចិន គឺជាចំណុចស្នូលមួយដ៏សំខាន់ក្នុងការអនុវត្ត គំនិតផ្ដួចផ្ដើមអភិបាលកិច្ចសកល (GGI) និង គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល (GDI) ឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។
ការកសាង “ធនាគារខួរក្បាល” នេះ គឺជាមូលដ្ឋានគ្រឹះនៃការបង្កើតបញ្ញាញាណ ដើម្បីឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ៕










