ភំ្នពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីណែនាំ ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, លោកឧត្តមសេនីយ៍ទោ សំ សម្បត្តិ ប្រធានលេខាធិការដ្ឋាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរ លោកនាយការិយាល័យទាំង១១ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
បន្ទាប់ពី លោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យរដ្ឋបាល-សរុប (ក១) ឡើងអានសេចក្ដីណែនាំ ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ រួចមកឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការណែនាំឲ្យលោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរ នាយការិយាល័យ និងមន្រ្តីជំនាញទាំងអស់ ត្រូវបង្កើនការអប់រំណែនាំ រំលឹកដាស់តឿនដល់មន្រ្តីអនុវត្តច្បាប់ ឲ្យគោរពនូវក្រមសីលធម៌ និងមនសិកាវិជ្ជាជីវៈ គោរពច្បាប់ បទបញ្ញត្តិ និងគោលការណ៍នានា របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។
លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារ របស់មន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ និងបានណែនាំបន្ថែមដល់មន្ត្រីទាំងអស់ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវសេចក្ដីណែនាំ ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ។
លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានកើតសរសើរចំពោះក្រុមប្រតិកម្មរហ័សនៅមន្ទីរ ដែលកន្លងមកបានឆ្លើយតបលឿនរហ័សទាន់ពេលវេលា និងបានណែនាំមន្ត្រីអនុវត្តន៍ច្បាប់ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង អនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន និងអនុវត្តតាមគោលការណ៍ តាមបញ្ជាថ្នាក់ដឹកនាំ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិន័យនគរបាលជាតិកម្ពុជា៕










