កាលពីយប់ថ្ងៃទី០៧ ខែកញ្ញា នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិច មានករណីវាយប្រហារដោយកាំបិតសម្តៅទៅលើក្រុមប៉ូលិស ។
មន្ត្រីប៉ូលិសប៊ែលហ្ស៊ិច បានបញ្ជាក់ថា ជាភព្វសំណាង ប៉ូលិស២នាក់ រងក្នុងការវាយប្រហារ។ ចំណែកជនដៃដល់ត្រូវបានចាប់ខ្លួនភ្លាមៗ និងកន្លែង។
ហេតុការណ៍វាយប្រហារខាងលើ កើតឡើងស្ថិតនៅក្នុងខណ្ឌMolenbeek ជាតំបន់រស់នៅរបស់មនុស្សមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្ម IS ដែលវាយប្រហារនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងកាលពីពេលកន្លងមក។
ការវាយប្រហារខាងលើ ក្រោយពេលដែលប៉ូលិសពីរនាក់ខាងលើ បានព្យាយាមចូលទៅកៀកបុរសម្នាក់ ដែលកាន់កំបិតនៅរម្មណីយដ្ឋាន Bonnevie ។ ជនដៃដល់មានអាយុ២៤ឆ្នាំ ជនជាតិម៉ារ៉ុក រស់នៅដោយស្របច្បាប់ក្នុងប្រទេសប៊ែលហ្ស៊ិច ។ កន្លងមក ជនល្មើសធ្លាប់ជាប់ទោសពីបទលួច ទ្រព្យសម្បត្តិ ប៉ុន្តែមិនធ្លាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្មនោះឡើយ ។ នៅពេលនេះ ក្រុមអ្នកស្រាវជ្រាវកំពុងតែបើកការស៊ើបអង្កេតឲ្យបានច្បាស់ពីហេតុការណ៍ខាងលើ ។
បច្ចុប្បន្ន ប៊ែលហ្សិចស្ថិតក្នុងការប្រកាសអាសន្នខ្ពស់ ក្រោយមានការវាយប្រហារភេរវកម្មកាលពីខែមីនា សម្លាប់មនុស្ស ៣២នាក់ ៕
ប្រែសម្រួល៖ ម៉ែវ សាធី