ភ្នំពេញ៖ ការប្រកួតបាល់ទាត់នារីជ្រើស រើសជើងឯកឆ្នាំ២០១៦និងចាប់ផ្តើមប្រកួតពីថ្ងៃទី១២រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងមជ្ឈមណ្ឌលសាលា បាល់ទាត់ជាតិបាទី ក្នុងស្រុកបាទី ខេត្ត តាកែវ ដោយមានក្រុមចូលរួមប្រកួតចំនួន១១មកពីតាមបណ្តាខេត្តនិងក្លិបផ្សេងៗ ។
អគ្គលេខាធិការរងសហព័ន្ធបាល់ទាត់កម្ពុជាលោក ម៉ៃ តុលា បានមានប្រសាសន៍ក្នុងពិធីចាប់ពូលប្រកួតកាលពីថៃ្ងទី៧កញ្ញាថា ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់នារីនេះគឺក្នុងគោលបំណងពង្រឹងសមត្ថភាពកីឡាការិនីកម្ពុជាដែលបច្ចុប្បន្នសង្គមជាតិកំពុងតែផ្ដល់តម្លៃដល់នារី និងលើកទឹកចិត្តដល់យុវជនឲ្យចូលរួមលេងកីឡាដើម្បីសុខភាព សាមគ្គីភាព និងលើកមុខមាត់ជាតិក្នុងព្រឹត្តិការណ៍ធំៗលើឆាកអន្តរជាតិ ។
លោកអគ្គលេខាធិការរងបញ្ជាក់ថា ការប្រកួតបាល់ទាត់នារីរបស់កម្ពុជានេះគឺជាលើកទី៦ហើយៗលើកនេះក៏មិនខុសពីលើកមុនដែរដោយមានក្រុមចំនួន១១ចូលរួម បែងចែកជា២ពូល ។ ប្រាក់រង្វាន់សម្រាប់ក្រុមដែលឈ្នះជើងឯកទទួលបាន២លានរៀល, ចំណាត់ថ្នាក់លេខលេខ២ទទួល បាន១លាន២សែនរៀល និងចំណាត់ថ្នាក់ លេខ៣ទទួលបាន៨០ម៉ឺនរៀល ។ រីឯក្រុម ដែលលេង Fair Play ទទួលបាន៨០ម៉ឺន រៀល ហើយកីឡាការិនីស៊ុតបាល់ចូលទីគូប្រកួតច្រើនជាងគេទទួលបានថវិកា៤០ម៉ឺនរៀលផងដែរ ។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់ទាំង១១ក្រុមនេះត្រូវបែងចែកជា២ពូលដើម្បីប្រកួតសន្សំពិន្ទុក្នុងពូលយកអ្នកលេខ១និងលេខ ២តាមពូលនីមួយៗ ទៅលេងវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ។ ក្រុម ទាំង១១នោះរួមមានពូលA៖ ក្រុម ស.ស. យ.ក ខេត្តស្វាយរៀង, ក្រុមមន្ទីរអប់រំ យុវជននិងកីឡាខេត្តបាត់ដំបង, ក្រុមមន្ទីរ អប់រំ យុវជននិងកីឡាខេត្តតាកែវ, ក្រុម អង្គរអែហ្វស៊ី និងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ ។
ចំណែកពូលB ៖ ក្រុមក្រុមមន្ទីរអប់រំ យុវជននិងកីឡាខេត្ត កំពង់ឆ្នាំង, ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល, ក្រុមម៉ៃធីហ្គើល (អង្គការ នៅបាត់ដំបង), ក្រមសមាគមកីឡាខេត្ត ព្រះវិហារ, ក្រុមអង្គការសាន់រ៉ាយ និងក្រុម ក្រុមមន្ទីរអប់រំ យុវជននិងកីឡាខេត្តត្បូងឃ្មុំ៕
ដោយ៖ សារីម