ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi)T2525 ហើយ ព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះ កាលម៉េហ្គី នេះ ទទួលរងឥទ្ធិពលកម្រិត ៣០% នៅចន្លោះរវាងចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែវិច្ឆិកា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥៖
១. តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូត ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥%។
២. តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦៥%។
៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ បរិមាណទឹកភ្លៀងនឹងអាចកើនឡើងក្នុង កម្រិតមធ្យម និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥០%។ រលកសមុទ្របោក បក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។
យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូន ដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពី ស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕
ដោយ ៖ សិលា










