ខេត្តស្ទឹងត្រែង ៖ ដោយមានការគាំទ្រពីក្រសួងកិច្ចការនារី និងរដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរអង្គភាពជុំវិញខេត្ត ទើបមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង នៅថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំយុទ្ធនាការ «កម្មវិធីរត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» ដើម្បីអបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៥ ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីដើម្បីទាំងអស់គ្នា» ដែលមានអ្នកចូលរួមប្រមាណ១៥០០នាក់ លើសពីការគ្រោងទុក របស់មន្ទីរកិច្ចការនារីខេត្ត ត្រឹមតែ៣៥០នាក់បានចុះឈ្មោះតាមប្រព័ន្ធ Online.
រត់ចំងាយ៥គីឡូមម៉ែត្រ ជុំវិញក្រុងស្ទឹងត្រែង ជាយុទ្ធនាការមួយ មាន គោលបំណង លើកកម្ពស់ការគាំទ្រពីសំណាក់ក្រុមគ្រួសារ សហគមន៍ និងប្រជាជនគ្រប់រូបជាពិសេសបុរសនិងក្មេងប្រុស ក្នុងការអនុញ្ញាតឱ្យក្មេងស្រីទទួលបានឱកាសពេញលេញដើម្បីអនុវត្តនូវសិទ្ធិ និងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ព្រមទាំងបង្កើនការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីឱ្យក្មេងស្រីក្លាយជាធនធានមនុស្សដ៏មានតម្លៃប្រកបដោយគុណធម៌ សុជីវធម៌ និងសីលធម៌នៅក្នុងការអភិវឌ្ឍជីវភាពរបស់ខ្លួននិងក្រុមគ្រួសារ ព្រមទាំងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ។
គួរបញ្ជាក់ថា «កម្មវិធីរត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» ដើម្បីអបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក សរ សុពុត្រា អភិបាល នៃ គណៈអភិបាលស្ទឹងត្រែង និងមានការចូលរួមពី លោក យី គីមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត៕

ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តស្ទឹងត្រែង









