ខេត្តព្រះសីហនុ ៖ សិស្សសាលាវ័យ១៧ឆ្នាំម្នាក់បានលង់ទឹកស្លាប់ខណៈចុះហែលទឹកលេងជាមួយមិត្តភក្តិដែលខ្លួនមិនសូវចេះហែលទឹកផង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី០២ វិច្ឆិកា ២០២៥ ស្ថិតនៅចំណុចរមណីយដ្ឋានទឹកធ្លាក់ព្រៃនប់ ក្នុងភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឌី សុផាន់ណារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស ជនជាតិខ្មែរ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានលង់ទឹកស្លាប់ ពេលជនរងគ្រោះបានចុះហែលលេងទឹកជាមួយមិត្តភក្តិក្នុងអាងទឹករមណីយដ្ឋានទឹកធ្លាក់ព្រៃនប់ ដោយជនរងគ្រោះពុំសូវចេះហែលទឹក ហើយក៏បានលង់ទឹកស្លាប់តែម្តង ។
តាមការបំភ្លឺរបស់ឈ្មោះសុខ សុវណ្ណ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួននិងជនរងគ្រោះបាននាំគ្នាចុះហែលទឹកលេង ប៉ុន្តែជនរងគ្រោះពុំសូវចេះហែលទឹកទេ ។ ពេលហែលលេងអស់កម្លាំង ខ្លួនក៏ហត់ហែលទឹកលេងលែងរួចហើយ ក៏ឡើងមកលើគោកវិញ តែជាមួយគ្នានោះពុំឃើញជនរងគ្រោះនៅលេងទឹក ក៏ឬឡើងមកលើគោកជាមួយខ្លួនឡើយ ខ្លួនក៏បានហៅគ្នាមកចុះមុជទឹកហែលរក តែមិនឃើញជនរងគ្រោះ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។ ពេលសមត្ថកិច្ចមកដល់ក៏ចុះមុជទឹករុករក ស្រាប់តែឃើញជនរងគ្រោះបានលង់ស្លាប់ក្នុងទឹកនោះបាត់ទៅហើយ ។
ឆ្លងតាមការត្រួតពិនិត្យនៅកន្លែងកើតហេតុ សាកសួរបំភ្លឺនិងពិនិត្យលើសាកសព សមត្ថកិច្ចសន្ឋិដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារករណីលង់ទឹក មិនមានស្លាកស្នាមពាក់ព័ន្ធនឹងឃាតកម្មឡើយ ។ បច្ចុប្បន្ន សពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕










