ខេត្តព្រៃវែង ៖ ផ្ទះក្បឿង១ខ្នងទំហំ៨ម៉ែត្រគុណនឹង១១ ម៉ែត្រ ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងដោយ សារតែក្មួយប្រុសម្ចាស់ផ្ទះ ដែលជាជនវិកលចរិត ឡើងទៅដេកហើយជក់បារីនៅលើពូកធ្វើឱ្យភ្លើងកន្ទុយបារីឆេះពូក កើតជាអគ្គីភ័យហើយឆាបឆេះផ្ទះខ្ទេច។
គ្រោះអគ្គីភ័យនេះ បានកើតឡើងនៅវេលាម៉ោង១យប់ ឈានចូលថ្ងៃទី៣ ខែវិច្ឆិកា នៅចំណុចភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ម្ចាស់ផ្ទះមានឈ្មោះ សុន សួម ភេទស្រី អាយុ៤៤ឆ្នាំ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះនេះម្ចាស់ ផ្ទះមានជំងឺ ហើយទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយទុក្ខផ្ទះចោលគ្មានមនុស្សនៅ ហើយនៅយប់មុនពេលកើតហេតុនោះ ក្មួយប្រុសម្ចាស់ផ្ទះឈ្មោះ ធី ផានិត អាយុ២៨ឆ្នាំ ដែលជាជនវិកលចរិត បានឡើងទៅដេកនៅលើផ្ទះនោះហើយបានដេកជក់បារីនៅលើពូក។ ពេលជក់បារីអស់ទម្លាក់កន្ទុយបារីនៅលើពូក ទើបបណ្ដាលឱ្យភ្លើងឆេះពូក កើតជាអគ្គីភ័យឆេះផ្ទះតែម្ដង។
សមត្ថកិច្ចបានបន្តថា ក្រោយពេលដែលភ្លើងឆាកឆេះក្នុងផ្ទះ ជនវិកលចរិត ធី ផានិត បានស្ទុះរត់ចេញពីផ្ទះទៅបាត់ មិនបានប្រាប់អ្នកណាឲ្យដឹងឡើយ រហូតដល់ភ្លើងឆេះខ្លាំងពេញបន្ទុក ទើបអ្នក ជិតខាងបានដឹងផ្អើលឆោឡោឡើងនិងបានរាយការណ៍ទៅសមត្ថកិច្ច យករថយន្តពន្លត់អគ្គីភ័យបាញ់ទឹកពន្លត់អស់ចំនួន៣ឡានទើបភ្លើងបានរលត់ជាស្ថាពរ។
គួរបញ្ជាក់ផងដែរថា គ្រោះអគ្គីភ័យនេះមិនបានបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ឡើយ ប៉ុន្តែផ្ទះទាំងមូលត្រូវភ្លើងឆេះអស់ទាំងស្រុង ហើយការខូចខាតគិតជាទឹក ប្រាក់សរុបប្រមាណ២២ ០០០ដុល្លារ ៕










