ឧត្តមសេនីយ៍ទោ សេង ធារិន បញ្ជាបង្ក្រាបបទល្មើសករណីរថយន្ត១គ្រឿងដឹកលៀសចំណីល្អិតៗទម្ងន់២០ តោន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ នៅល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៤:២២ ក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាព បង្រ្គាបបទល្មើសនេសាទបឹងទន្លេសាប កងកម្លាំងបង្ក្រាបបទ ល្មើសនេសាទ យោធភូមិភាគទី៥ ដឹកនាំដោយលោកវរសេនីយ៍ទោ ស វិបុល សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ឯក ប៊ីរស្មីចន្នី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកម្លាំងជំនាញរដ្ឋបាលជលផលបានបង្ក្រាបរថយន្តដឹកលៀសខុសច្បាប់១ គ្រឿងមានលៀសទម្ងន់ ២០តោន។

រថយន្តដឹកលៀសដែលសមត្ថកិច្ចឃាត់ម៉ាក Hiundy (ហ៊ីយិនដាយ) ស្លាកលេខ ភ្នំពេញ 3H. 0196 បើកបរដោយឈ្មោះ ចាន់ ធី.ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បានដឹកជញ្ជូនលៀស ជាប្រភេទលៀសចំណីចេញពីចំណុចកំពង់ឃ្នៀស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយគោលដៅគឺត្រូវដឹកទៅប្រទេសវៀតណាម។

គួរបញ្ជាក់ថា គោលដៅដែលកងកម្លាំងសមត្ថកិច្ចចម្រុះឃាត់បានគឺនៅភូមិស្វាយបេការ៉ង ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បន្ទាប់មកកម្លាំងចម្រុះក៏បាននាំ មកស្នាក់ការរបស់យោធភូមិភាគទី៥ ទិសឆ្នុកទ្រូ ដើម្បីអនុវត្តទៅតាមនិតិវិធីដោយលៀសដែលជាប្រភេទចំណីល្អិតៗទាំងនោះត្រូវបានកងកម្លាំងសហការចម្រុះ ដែលមានមន្ត្រីរដ្ឋបាលជលផលចូលរួម បានចាក់លែងចូល ក្នុងទន្លេសាបវិញ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ឧត្តមសេនីយ៍ទោ សេង ធារិន បញ្ជាក់ថា ទោះបីកងទ័ពជាប់ដៃការពារបូរណៈភាពទឹកដីយ៉ាងណាក្តី តែដៃម្ខាងការពារទឹកដី និងដៃម្ខាងបន្តការពារធនធានធម្មជាតិនៅបឹងទន្លេសាប ដោយបន្តបង្រ្កាបបទលើ្មសផ្សេងៗ ដូចជា ឆក់ក្តៅ,ត្រជាក់,ដាក់របាំងស្បៃ,លបបណរ៉ាវ ក្នុងតំបន់ព្រៃលិចទឹក និងការនេសាទដោយឧបករណ៍ខុសច្បាប់ជលផលផ្សេងៗទៀតជារៀងរាល់ថ្ងៃ ដោយពុំមានការលើកលែង និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីធានាបាននូវការការពារធនធានធម្មជាតិ ជីវចម្រុះ លើផ្ទៃបឹងទន្លេសាប ដែលជាប្រភពធនធានមច្ឆាជាតិ ក្នុងការរួមចំណែកជួយផ្គត់ផ្គង់នូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរមួយចំណែក និងផលប្រយោជន៍សេដ្ឋកិច្ចជាតិផងដែរ។

...

គួរររំលឹកថា នៅវេលាម៉ោង៨ យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៥ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងនៅថ្ងៃទី៣ ខែ តុលា ឆ្នាំ២០២៥ វេលាម៉ោង២៖៣០នាទីយប់ នៅក្នុងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ សមត្ថកិច្ចចម្រុះក្រោមការដឹកនាំបញ្ជា ដោយលោកឧត្តមសេនីយ៍ទោសេង ធារិន ក៏មានការបង្ក្រាបករណីដឹកជញ្ជូនលៀសខុសច្បាប់នេះបានរួចមកហើយដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print