អភិបាលខេត្ត​តាកែវ​ ជំរុញសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ដើម្បីអនាគតប្រទេសជាតិ

ចែករំលែក៖

ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ​ នៅព្រឹកថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានជំរុញសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ដើម្បីអនាគតប្រទេសជាតិ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅបរិវេណសាលាវិទ្យាល័យ ជា ស៊ីម តាកែវ នាព្រឹកថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក ព្រមទាំងមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោក វ៉ី សំណាង បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិ។

លោកអភិបាលខេត្ត​ បានថ្លែងទៅកាន់សិស្សានុសិស្សទាំងអស់ថា៖ ការបើកបវេសនកាលឆ្នាំសិក្សាថ្មី គឺជាការបើកទំព័រថ្មីមួយទៀត សម្រាប់ក្មួយៗសិស្សានុសិស្សទាំងអស់ ក្នុងការបន្តការសិក្សាស្វែងរកចំណេះដឹង។ ក្មួយៗត្រូវតែចងចាំថា ការអប់រំ គឺជាគន្លឹះមាស ក្នុងការផ្លាស់ប្តូរជីវិត និងចូលរួមចំណែកក្នុងសង្គម។

លោកអភិបាលខេត្ត​ បន្តថា សូមក្មួយៗទាំងអស់ខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ គោរពវិន័យសាលា គោរពលោកគ្រូ អ្នកគ្រូ និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់ប្រភេទ។ ការតស៊ូរបស់ក្មួយៗថ្ងៃនេះ នឹងក្លាយជាប្រយោជន៍ដ៏ធំធេង សម្រាប់ក្រុមគ្រួសារ សង្គមជាតិ និងប្រជាជនកម្ពុជានាពេលអនាគត។

លោកក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបណ្តុះបណ្តាលចំណេះដឹង និងសីលធម៌ ដល់សិស្សានុសិស្ស ដើម្បីធានាបាននូវគុណភាពអប់រំស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print