ខេត្តកំពង់ស្ពឺ៖ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនជាតិចិន និងខ្មែរចំនួន ២២នាក់ ពាក់ព័ន្ធករណីលួចបើកល្បែងស៊ីសងខុសច្បាប់។
ក្នុងប្រតិបត្តិការនោះ ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល នៃស្នងការនគរបាលបានឆ្មក់ចូលទីតាំងលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀ) នៅផ្លូវជាតិលេខ៤ ភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយឃាត់ខ្លួនបានអ្នកលេងបានចំនួន២២នាក់ (ស្រី១២នាក់) ជនជាតិចិន៧នាក់ (ស្រី១នាក់)។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងសរុបមាន តុសម្រាប់លេងបៀចំនួន៣, កៅអី២០, កាក់ដូរលុយ២៣០កាក់, ទូរស័ព្ទដៃ២០គ្រឿង, បៀ២កេស ស្មើនឹង៣៣៦ហ៊ូរ, រថយន្ត១គ្រឿង, ម៉ូតូ៤គ្រឿង និងសម្ភារ លុយមួយចំនួនទៀត ។
បច្ចុប្បន្នមនុស្ស និងសម្ភារទាំងបាននាំយកមករក្សាទុកនៅស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ៕ដោយ៖តារា










