អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ថា ភាគីថៃបង្ហាញសកម្មភាពមិនគោរព​សេចក្តីថ្លែងការណ៍រួមនៅគួឡាឡាំពួ

ចែករំលែក៖

ភ្នំពេញ , នាពេល​ចុងក្រោយនេះ អ្នកនាំពាក្យរដ្ឋាភិបាល សង្កេតឃើញថា មន្ត្រីថ្នាក់ដឹកនាំ​ថៃ ទាំងស៊ីវិល និងយោធា បានអត្ថាធិប្បាយ​ជាបន្តបន្ទាប់ ដែលមិនស្របតាម​ស្មារតី​ និង​ខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគួឡាឡាំពួ។

បើតាមលោក ប៉ែន បូណា មន្ត្រីថ្នាក់ដឹកនាំថៃ បានអត្ថាធិប្បាយ​ដោយយកចំណុចដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីថ្លែងការណ៍រួម មកធ្វើជាលក្ខខណ្ឌក្នុងការដោះលែងយោធិន១៨រូប និងបង្កើតឱ្យមានលក្ខខណ្ឌថ្មីៗបន្ថែមទៀត ដូចជាការព្រមានប្រើប្រាស់កម្លាំង​ដណ្តើម​ប្រាសាទតាក្របី ជាដើម។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បាន​លើកឡើងថា សកម្មភាពទាំងនេះ ធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង និងធ្វើឱ្យ​មានការព្រួយបារម្ភ​អំពីការបាត់បង់ទំនុក​ចិត្តលើការដោះស្រាយបញ្ហាដោយសន្តិវិធី។

«ភាគីទាំងពីរបានឯកភាពគ្នា​ជៀសវាង​ការចែកចាយ ឬផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទប្រកាន់ ការអះអាងគ្មានភស្តុតាង ឬវោហាសាស្ត្រ​ដែលបង្កគ្រោះថ្នាក់​ទាំងតាមបណ្តាញផ្លូវការរដ្ឋាភិបាល ឬវេទិកាក្រៅផ្លូវការដើម្បីបន្ថយភាពតានតឹង កាត់បន្ថយសតិអារម្មណ៍អវិជ្ជមានរបសើសាធារណជន និងលើកកម្ពស់បរិយាកាសអំណោយផលដល់ការសន្ទនា​ដោយសន្តិវិធី»។ នេះជាខ្លឹមសារទី៤នៃសេចក្តីថ្លែងការណ៍។

ក្រៅពីការអត្ថាធិប្បាយ​ផ្ទុយ អ្នកនាំពាក្យ​រដ្ឋាភិបាលកម្ពុជា ក៏លើកឡើងដែរថា ភាគីថៃមិនគោរព​ខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួម ព្រោះរហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ពោលគឺមានរយៈពេល​១០ថ្ងៃហើយ ដែលថៃមិនទាន់បានដោះលែងយោធិនកម្ពុជា១៨រូប។

អ្នកនាំពាក្យអំពាវនាវដោយទទូច​ដល់ភាគីថៃ ឱ្យគោរព និងអនុវត្តឱ្យ​បាន​ម៉ឺងម៉ាត់បំផុត​នូវរាល់ខ្លឹមសារដែលមានចែងក្នុងសេចក្តីថ្លែងការណ៍ទីក្រុងគួឡាឡាំពួ ដោយមិនត្រូវអត្ថាធិប្បាយណាមួយ​ដែលបង្កភាពតានតឹង ហើយបញ្ឈប់នូវការដាក់លក្ខខណ្ឌផ្សេងៗ។

តាមរយៈថ្លែងការណ៍នៅយប់ថ្ងៃទី៥ ខែវិច្ឆិកា នេះដែរ លោក ប៉ែន បូណា ក៏បាន​កត់សម្គាល់ផងដែរពីការអនុវត្តដ៏ត្រឹមត្រូវមួយចំនួ​ន​ក្រោយ​កិច្ចព្រមព្រៀងសន្តិភាពនៅគូឡាឡាំពួ ក្រោមវត្តមាន​លោកប្រធានាធិបតិអាម៉េរិក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី អ៉ាន់វ៉ា អ៊ីប្រាហ៊ីម ដូចជាការឯកភាពគ្នាដកអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ក្នុងដំណាក់កាលជាក់លាក់​ដោយរាប់ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា៕

...

ដោយ , សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print