ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ដែលជាបងប្អូនបង្កើតនិងជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនធ្លាប់ធ្វើសកម្មភាពឆក់កាបូបប្រាក់យ៉ាងសកម្មតាមផ្លូវសាធារណៈក្នុងខេត្តបាត់ដំបង ហើយពួកគេធ្លាប់ធ្វើសកម្មភាពឆក់កាបូបបានសម្រេច៦ដង ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនខណៈដែលស្នងការនគរបាលខេត្តបាត់ដំបង ឧត្តមសេនីយ៍ទោ ស ថេត បើកកិច្ចប្រជុំដាក់ផែនការពង្រឹងសន្តិសុខ ក្រោយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេមើលឃើញថាសកម្មភាពចោរកាច់សោកម៉ូតូ លួចយកម៉ូតូ ពលរដ្ឋជាបន្តបន្ទាប់បានសម្រេចបាត់ដំណឹង ទើបជនសង្ស័យមុខសញ្ញាកាច់សោ.កម៉ូតូ៣នាក់ក៏ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តបាត់ដំបងបង្រ្កាបឃាត់ខ្លួនបានសម្រេចផងដែរ។
លោកអនុសេនីយ៍ទោ ឈឿន គឹមសុង ប្រធានក្រុមនគរបាលបង្ការបង្រ្កាបប្រាប់ឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាចោរឆក់កាបូបខាងលើទី១-ឈ្មោះ ស៊ឹម សុភី ហៅអាប៉ាវ ភេទប្រុស អាយុ២១ឆ្នាំ និងទី២-ឈ្មោះ ស៊ឹម សោភា ភេទប្រុស អាយុ២២ឆ្នាំ ពួកគេគ្មានមុខរបរពិតប្រាកដ បច្ចុប្បន្នរស់នៅក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានបង្រ្កាបឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ។
លោកអនុសេនីយ៍ទោបន្តថា កម្លាំងនគរបាលបង្ការបង្រ្កាបឈានដល់ចេញឃាត់ខ្លួនជនសង្ស័យក្រោយពីបើកការស្រាវជ្រាវស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់ បន្ទាប់ពីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្ត ទៅលើក្រុមចោរឆក់កាបូបជាបន្តបន្ទាប់រស់ពួកគាត់ ។ សកម្មភាពឆក់កាបូបដោយពួកគេប្រើប្រាស់ម៉ូតូសម្រាប់ជាមធ្យោបាយ ក្នុងនោះក៏ធ្វើសកម្មភាពឆក់កាបូបភ្ញៀវបរទេសដែលមកកំសាន្តខេត្តបាត់ដំបងផងដែរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថា ពួកគេបានធ្វើសកម្មភាពឆក់កាបូបប្រាក់បានសម្រេច៦ដងមកហើយ លើកទី១-នៅចំណុចជិតផ្សារឯកភ្នំ ស្រុកឯកភ្នំ លើកទី២-នៅចំណុចភូមិព្រែកណារិន ស្រុកឯកភ្នំ លើកទី៣-នៅចំណុចខាងមុខវត្តសំពៅ ជិតផ្លូវរថភ្លើង ក្រុងបាត់ដំបង លើកទី៤-ឆក់កាបូបជនបរទេសនៅចំណុចជិតសាលាបារាំង សង្កាត់អូរចារ ក្រុងបាត់ដំបង លើកទី៥-នៅចំណុច ភូមិព្រែកណារិន ស្រុកឯកភ្នំ និងលើកទី៦-នៅចំណុច ភូមិក្តុលដូនទាវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។ ជនសង្ស័យក្រោយពីឆ្លើយសារភាពនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចក៏បានកសាងសំណុំរឿងចាប់ញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំដាក់ផែនការពង្រឹងសន្តិសុខ កាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ នោះដែរ ស្នងការនគរបាលខេត្តបាត់ដំបង ឧត្តមសេនីយ៍ទោ ស ថេត ក៏បានណែនាំដល់កម្លាំងនគរបាលក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ ឲ្យខ្លាំងក្លាបន្ថែមទៀត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជម្រុញទៅលើការងារការពារ និងថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈឲ្យប្រសើរបំផុត ដើម្បីធានាឲ្យបានបរិយាកាសល្អ ក្នុងតំណាក់កាលប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត នៅបោះឆ្នោតនៅពេលខាងមុខ ។ ជាពិសេសត្រូវបង្ការទប់ស្កាត់និងក្តាប់សភាពការណ៍ឲ្យបានរាល់ការប៉ុនប៉ងអំពើភេវរកម្មផ្សេងៗ ខ្លាចក្រែងក្រុមបង្កហេតុ មានបំណងចង់បំពុលបរិយាកាសកេងចំណេញនយោបាយ ដើម្បីទម្លាក់កំហុសលើការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោយពីមានករណីជនបំផ្ទុះគ្រាប់បែកនៅរាជធានីភ្នំពេញកាលពីកន្លងទៅថ្មីៗនេះ ទន្ទឹមដែលប្រទេសកម្ពុជានិងរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០១៧ និងបោះឆ្នោតជាសកល ឆ្នាំ២០១៨ នៅពេលខាងមុខនេះ ៕
ដោយ៖ សំ វិច្ឆិកា