ខេត្តបាត់ដំបង៖ យោងតាមការចុះពិនិត្យជាក់ស្តែងរបស់ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា តម្លៃស្រូវផ្ការំដួល និងស្រូវផ្កាម្លិះ ដែលប្រជាកសិករកំពុងប្រមូលផល និងលក់ចេញ គឺមានភាពសមរម្យ ដែលអាចទទួលយកបាន។
លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ រួមជាមួយក្រុមការងារក្រសួងកសិកម្ម កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះសាកសួរ និងពិនិត្យដោយផ្ទាល់ពីស្ថានភាពប្រមូលផល និងការទិញ-លក់ស្រូវ នៅក្នុងស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុក ស្រុកស្វាយចេក និងស្រុកមង្គលបូរី ដោយមានការសហការពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មឃុំ។ លទ្ធផលនៃការចុះពិនិត្យជាក់ស្តែង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ តម្លៃស្រូវផ្ការំដួល និងផ្កាម្លិះ មានចន្លោះពី ៩៥០ ដល់ ១.០០០ រៀល/គីឡូក្រាម ទៅតាមគុណភាពស្រូវ។
រោងម៉ាស៊ីនកិនស្រូវ សាន់ ទី (SANN TY) ឃុំរហាល ស្រុកព្រះនេត្រព្រះ រោងម៉ាស៊ីននេះ ទទួលទិញប្រភេទស្រូវក្រអូប ដូចជាស្រូវផ្ការំដួល ក្នុងតម្លៃ ១.០៥០ រៀល/គីឡូក្រាម (តម្លៃដឹកដល់រោងម៉ាស៊ីនផ្ទាល់)។ មានលទ្ធភាពទទួលទិញ និងស្តុកស្រូវបានប្រហែល ១.០០០ តោន និងសម្ងួតស្រូវបាន ៥០-៥៧ តោន/ថ្ងៃ។ នៅឃុំសារង្គ ស្រុកស្វាយចេក ប្រជាកសិករទើបតែចាប់ផ្តើមប្រមូលផលស្រូវផ្ការំដួលនៅសប្តាហ៍នេះ។ តម្លៃស្រូវផ្ការំដួលមានចន្លោះ ៩៥០ ដល់ ១.០០០ រៀល/គីឡូក្រាម។ ឃុំពន្លៃ ស្រុកភ្នំស្រុកស្រូវផ្ការំដួលនឹងចាប់ផ្តើមប្រមូលផលនៅសប្តាហ៍ក្រោយ។ ការប្រមូលផលស្រូវ OM បានបញ្ចប់រួចរាល់ហើយ។
រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ (Siv Lay Rice Mill) ឃុំអូរប្រាសាទ ស្រុកមង្គលបូរីទទួលទិញស្រូវផ្ការំដួលក្នុងតម្លៃ ១.០៦០ រៀល/គីឡូក្រាម។ មានលទ្ធភាពទិញចូលចំនួន ៦១០ តោន/ថ្ងៃ ហើយបានទិញស្រូវផ្ការំដួលបានចំនួន ៦.០០០ តោន រួចមកហើយ។ រោងម៉ាស៊ីនកិនស្រូវ ភាគ ឈួយ (Pheak Chhuoy Rice Mill) ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ទទួលទិញស្រូវផ្ការំដួលក្នុងតម្លៃ ១.០៦០ រៀល/គីឡូក្រាម។ មានលទ្ធភាពទិញចូលចំនួន ៣០០ តោន/ថ្ងៃ ហើយបានទិញស្រូវផ្ការំដួលបានចំនួន ១.០០០ តោន រួចមកហើយ។
ក្នុងឱកាសនោះ លោកបណ្ឌិត កែ មុន្ធីវុធ បានបញ្ជាក់សាជាថ្មីថា តម្លៃស្រូវផ្ការំដួល និងស្រូវផ្កាម្លិះ គឺស្ថិតនៅក្នុងកម្រិតសមរម្យដែលកសិករអាចទទួលយកបាន។ ប្រជាកសិករនៅតាមបណ្តាភូមិ/ឃុំនីមួយៗ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចាត់បញ្ជូនមន្រ្តីជំនាញចុះជួយសម្របសម្រួលលើតម្លៃស្រូវ។ ក្រុមការងារក៏បានធ្វើការណែនាំដល់ប្រជាកសិករអំពីបច្ចេកទេសនានាទាក់ទងនឹងផលិតកម្មដំណាំស្រូវ រួមទាំងវិធានភូតគាមអនាម័យក្នុងការនាំចេញស្រូវទៅកាន់ទីផ្សាបរទេស ដូចជា ការជ្រើសរើសពូជសុទ្ធល្អ រយៈពេលប្រមូលផលសមស្រប រោគសញ្ញានៃការបំផ្លាញពីជំងឺនិងសត្វល្អិត។ របៀបប្រើប្រាស់ថ្នាំកសិកម្ម ដើម្បីកុំឱ្យលើសសំណល់ថ្នាំកសិកម្ម (MRLs) ដែលអាចប៉ះពាល់ដល់ការនាំចេញ៕ដោយ៖តារា













