មនុស្ស២នាក់រងរបួសបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត១គ្រឿង ត្រាក់ទ័រ និងម៉ូតូបុកបន្តគ្នា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ មានករណីគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់នៅទីតាំងតែមួយលើផ្លូវជាតិលេខ៦ បណ្ដាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់ និងខូចខាតយានយន្ដជាច្រើនគ្រឿង នៅវេលាយប់ទៀបភ្លឺឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

តាមប្រជាការពារភូមិដែលជាអ្នកឃើញហេតុការណ៍បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដំបូងនៅវេលាម៉ោង៣ទៀបភ្លឺ រវាងរថយន្ត Toyota ALPHARD ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C-6170 បើកបរក្នុងទិសដៅពីកើតមកលិច បានបុកពីក្រោយត្រាក់ទ័របណ្តាលឲ្យខូចខាតខ្ទេចផ្នែកខាងមុខ។ បន្ទាប់មកមានម៉ូតូ១គ្រឿង ជិះគ្នា២នាក់ក្នុងទិសដៅពីលិចទៅកើតបានបុកត្រាក់ទ័រដែលបើកបញ្ច្រាសគ្នាបណ្តាលឱ្យរបួសធ្ងន់២នាក់ ម្នាក់បាក់ជើងម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លុះរំលងបានមួយម៉ោងក៏មានរថយន្តក្រុងដឹកអ្នកដំណើរ៤៥កៅអី ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2C-5556 មកបុករថយន្តអាល់ផាដដែលកំពុងមានគ្រោះថ្នាក់ជាមួយត្រាក់ទ័រពីក្រោយបន្ថែមទៀតបណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យមានអ្នករបួសធ្ងន់២នាក់ ម្នាក់បាក់ជើង និងខូចខាតម៉ូតូ១គ្រឿង, រថយន្តក្រុង១គ្រឿង, រថយន្ដអាល់ផាដ១គ្រឿង និងត្រាក់ទ័រ១គ្រឿង។

...

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍បានចុះទៅដល់ធ្វើការវាស់វែងធ្វើកំណត់ហេតុសម្រួលចរាចរណ៍ និងបាននាំអ្នករបួសទៅមន្ទីរពេទ្យ ហើយនាំយកយានយន្តក្នុងហេតុការណ៍មករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តតាមច្បាប់ចរាចរណ៍៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print