អភិបាលខេត្តកំពង់ចាម អំពាវនាវដល់អាជីវករលក់ដូរ រក្សាអនាម័យ បរិស្ថាន ឱ្យមានសោភណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

ចែករំលែក៖

ខេត្តកំពង់ចាម ៖  លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូន អាជីវករ លក់ដូរសុំជួយទុកដាក់ សំរាម រក្សាអនាម័យ បរិស្ថាន តាមដងផ្លូវឱ្យមានសោភណភាព ដើម្បីជាទីកន្លែងទាក់ទាញដល់ភ្ញៀវទេសចរណ៍ចូលមកទិញម្ហូបអាហារផលិតផលរបស់ប្រជាពលរដ្ឋកាន់តែច្រើនឡើង។

ការលើកឡើងបែបនេះ នាឱកាសលោកអភិបាលខេត្ត បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខអាជីវករដែលលក់ដូរនៅសងខាងផ្លូវ ផ្សារបែកអន្លូង និងចុះត្រួតពិនិត្យ រៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ នៅតាមដងផ្លូវ ដើម្បីថែរក្សាអនាម័យបរិស្ថាន ចាប់ពីផ្សារបែកអន្លង់ រហូតដល់សាលាវិទ្យាល័យ ហ៊ុន សែន អារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ជាមួយគ្នានោះ លោក បានណែនាំដល់អភិបាលស្រុក មេឃុំអារក្សត្នោត តាមដានរាល់ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មានធុងសម្រាប់ដាក់សំរាម និងជំរុញដល់អាជីវករកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិច ព្រោះថង់ប្លាស្ទិចជាសារធាតុប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ហើយក៏ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផងដែរ។ 

ទន្ទឹមនឹងនោះលោកអភិបាលខេត្ត ក៏បានណែនាំបន្ថែម ដល់មេឃុំ មេភូមិ ធ្វើសហការជាមួយប្រជាការពារ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ បងប្អូន អាជីវករ លក់ដូរតាមដងផ្លូវ ធ្វើពលកម្មដើររើសបោសសម្អាត សំរាម នៅតាមដងផ្លូវឱ្យស្អាត មានសោភណភាពគួរឱ្យទាក់ទាញដល់ភ្ញៀវទេសចរណ៍ចូលមក បរិភោគអាហារ និងមកលេងកំសាន្ត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print