ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញបណ្តាអង្គទូតបរទេសប្រចាំកម្ពុជា ចំនួន៣០ប្រទេស ដើម្បីធ្វើបទបង្ហាញអំពីការវិត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយពីភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅម៉ាឡេស៊ី។
កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្ដីការក្រសួងការបរទេស នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីតំណាង៣០ស្ថានទូតប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា-ថៃ ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ។
កិច្ចប្រជុំ បានធ្វើឡើងបន្ទាប់ពីសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានការវិវត្តថ្មី ជាពិសេសក្រោយកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន។
ក្រោយកិច្ចព្រមព្រៀងនេះ កម្ពុជា-ថៃ បានរៀបចំការកែសម្រួលកងទ័ពជាបន្តបន្ទាប់ដោយធ្វើតាមដំណាក់កាលផងដែរ៕ដោយ៖តារា










