ភ្នំពេញ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនិងម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈជនរងគ្រោះទាំង២នាក់កំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តកុងតឺន័របុកពីក្រោយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះបានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ២៧១កែងនិងផ្លូវ៤៣២ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតជនគ្រោះជិះម៉ូតូម៉ាក សង់បិុច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CJ-9485 ជិះឌុបគ្នាតាមបណ្ដោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តកុងតឺន័រម៉ាកហីុយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-2334 ដែលបើកបរស្របទិសគ្នាដែរនោះ បានជ្រុលចង្កូតមកបុកម៉ូតូពីក្រោយបណ្ដាលឲ្យជនរងគ្រោះខ្ទេតចូលកង់រថយន្តរួចកិនពីលើអូសបណ្ដាលស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់។ ចំណែករថយន្តបង្កពេលបុកហើយ ក៏បន្តដំណើរបើករត់គេចរហូតដល់ផ្លូវបុរីកាំកូ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយឃើញមានអ្នកដេញតាមច្រើនពេកតៃកុងក៏ឈប់រថយន្តហើយបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ សាយ វាសនា អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ដែន អាយុ ប្រហែល២០ឆ្នាំ។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ខាងលើត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនភ្លាមៗ រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចកំពុងស្វែងរកសាចញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែករថយន្តកុងទីន័រនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់៕
ដោយ៖ ជីម ភារ៉ា ដង្កោ
...