ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានប្រកាសនៅលើបណ្តាញហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយបានសរសើរវិស័យស្រូវអង្ករកម្ពុជាថាមានគុណភាពខ្ពស់ និងប្តេជ្ញាគាំទ្រ ហើយនឹងចូលរួមចំណែកដើម្បីបង្កើនផលិតភាពនាំចេញទៅកាន់ទីផ្សារពិភពលោក។
ជាក់ស្ដែងយោងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានសរសេរថា តើអ្នកដឹងទេថា កម្ពុជាបានឈ្នះពានអង្ករល្អដាច់គេលើពិភពលោកជាច្រើនដង សម្រាប់អង្ករក្រអូបម្លិះអង្គរ? ស្ថានទូតបញ្ជាក់ទៀតថា៖«មិនគួរឲ្យភ្ញាក់ផ្អើលទេ ដែលអង្ករកម្ពុជាបច្ចុប្បន្ននេះ ត្រូវបានដាក់លក់នៅលើធ្នើរហាងទំនិញនៅជុំវិញពិភពលោក។ អូស្ត្រាលីបានធ្វើការជាមួយកម្ពុជាអស់រយៈពេលជាច្រើនទសវត្សមកហើយ ដើម្បីបង្កើនផលិតភាព គុណភាព និងសមត្ថភាពរបស់វិស័យស្រូវអង្ករ ក្នុងការចូលទៅកាន់ទីផ្សារពិភពលោកលំដាប់ថ្នាក់ខ្ពស់»។
គុណតម្លៃនៃការគាំទ្ររបស់អូស្ត្រាលី និងគោលដៅរបស់កម្ពុជាក្នុងការបន្តពង្រីកការនាំចេញរបស់ខ្លួន ត្រូវបានបង្ហាញឱ្យឃើញនៅក្នុងសន្និសីទស្រូវអង្ករពិភពលោកអន្តរជាតិឆ្នាំ២០២៥នេះ។
អូស្ត្រាលីនៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រឧស្សាហកម្មស្រូវអង្ករប្រកបដោយនិរន្តភាពនៅក្នុងប្រទេសកម្ពុជា រួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព៕ដោយ៖តារា










