Lionel Messi រួមជាមួយនឹង Cristiano Ronaldo និង Erling Haaland ពុំមានឈ្មោះក្នុងបញ្ជីសម្រាំង ១១ នាក់សម្រាប់ឈ្នះពានរង្វាន់ FIFA The Best ឆ្នាំ ២០២៥នោះទេ។
FIFA បានប្រកាសបញ្ជីឈ្មោះកីឡាករចំនួន ១១ នាក់នៅថ្ងៃទី ៦ ខែវិច្ឆិកា ដែលត្រូវបានជ្រើសរើសដោយគណៈកម្មាធិការមួយដោយផ្អែកលើសមិទ្ធផលរបស់កីឡាករពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥។
ជាលើកដំបូងចាប់តាំងពីបញ្ជីឈ្មោះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ Messi មិនត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA នោះទេ។ កំពូលតារាអាហ្សង់ទីនទទួលបានកំណត់ត្រាជាមួយនឹងពានរង្វាន់ The Best ចំនួនបី ហើយត្រូវបានជ្រើសរើសក្នុងបញ្ជីសម្រាប់ ៩ ដងជាប់ៗគ្នា។ គាត់ក៏ត្រូវបានជ្រើសរើសកាលពីឆ្នាំមុន បើទោះបីជាលេងនៅ MLSទឹកដីអាមេរិក ក៏ដោយ ក៏ត្រូវបានចាត់ទុកថាជាការភ្ញាក់ផ្អើលមួយ ហើយគាត់បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទីប្រាំមួយ។
Messi មិនមែនជាតារាសំខាន់តែម្នាក់គត់ដែលអវត្តមាននោះទេ។ Ronaldo ដែលទទួលបានកិត្តិយសឈ្នះពាននេះពីរដង ពុំមានក្នុងបញ្ជីឈ្មោះសម្រាប់ឆ្នាំទីបួនជាប់ៗគ្នា ដោយជាប់ឺឈ្មោះចុងក្រោយនៅឆ្នាំ ២០២១។
ចំណែកHaalandខ្សែប្រយុទ្ធក្លឹបMan City ដែលត្រូវបានជ្រើសរើសសម្រាប់បួនលើកមុនក៏ត្រូវបានគេទុកចោលក្នុងបញ្ជីឆ្នាំនេះដែរ។ ទោះបីជាស៊ុតបញ្ចូលទីបាន ៣៤ គ្រាប់ក្នុងរដូវកាល ២០២៤-២០២៥ ក៏ដោយ ប៉ុន្តែការធ្លាក់ចេញដំបូងនៃការប្រកួត Champions League របស់ Manchester City បានរារាំងការរួមបញ្ចូលឈ្មោះរបស់ Haaland ។
បញ្ជីសម្រាំងឆ្នាំ ២០២៥ ត្រូវបានគ្រប់គ្រងដោយកីឡាករមកពី PSG និង Barcelona ។ PSG មានឈ្មោះបួនគឺ Ousmane Dembele, Achraf Hakimi, Vitinha, និង Nuno Mendes ខណៈ Barcelona មានបីគឺ Pedri, Raphinha និង Lamine Yamal។ បញ្ជីរាយនាមកីឡាករ ផ្សេងទៀតរួមមាន Kylian Mbappe (Real Madrid), Harry Kane (Bayern Munich), Mohamed Salah (Liverpool) និង Cole Palmer (Chelsea)។
អ្នកដែលត្រូវបានគេរំពឹងថានឹងឈ្នះពានរង្វាន់នេះគឺ Ousmane Dembele និង Lamine Yamal ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១ និងទី ២ រៀងគ្នានៅក្នុង Ballon d’Or ឆ្នាំ ២០២៥ ៕










