សហព័ន្ធបាល់ទាត់ពិភពលោក(FIFA) បានពិន័យសមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) និងដាក់បម្រាមលើកីឡាករពីររូប ដោយសារមានប្រតិកម្មក្តៅគគុក បន្ទាប់ពីក្រុមឥណ្ឌូណេស៊ីចាញ់ អ៊ីរ៉ាក់ ០-១ ក្នុងជុំទី ៤ នៃវគ្គជម្រុះ World Cup ២០២៦ នៅអាស៊ី។
ការដាក់ទណ្ឌកម្មនេះកើតឡើងបន្ទាប់ពីមានឧប្បត្តិហេតុក្រោយការប្រកួតដែលនាំឱ្យមានការរិះគន់ពីមន្ត្រីនិងអ្នកគាំទ្រដូចគ្នា។
FIFA បានចេញការផាកពិន័យចំនួន ៥ម៉ឺន ហ្វ្រង់ស្វីស (៦ម៉ឺន២ពាន់ ដុល្លារអាមេរិក) ដល់ PSSI សម្រាប់ការអនុញ្ញាតឱ្យអ្នកគាំទ្រគប់វត្ថុនៅលើទីលាននៅកីឡដ្ឋាន King Abdullah កាលពីថ្ងៃទី ១១ ខែតុលា២០២៥។
កីឡាករកើតនៅហូឡង់ Shayne Pattynama និង Thom Haye ត្រូវបានពិន័យជាប្រាក់ចំនួន ៥ពាន់ ហ្វ្រង់ស្វីស និងជាប់បម្រាមមិនឱ្យលេងចំនួនបួនប្រកួតសម្រាប់អាកប្បកិរិយាប្រឈមមុខដាក់គ្នាលើអាជ្ញាកណ្តាល Ma Ning ។
ភាពតានតឹងបានកើនឡើងនៅនាទីទី 77 នៅពេលដែលខ្សែការពារសញ្ជាតិឥណ្ឌូនេស៊ី Kevin Diks ប៉ះគ្នាជាមួយកីឡាករ Merchas Doski របស់អ៊ីរ៉ាក់។ អាជ្ញាកណ្តាល Ma Ning បានកាត់ទោសកំហុសទៅលើ Diks និងបានផ្តល់បាល់ពិន័យ Free Kick ដល់អ៊ីរ៉ាក់ ដែលបង្កឱ្យមានការខឹងសម្បារពីសំណាក់កីឡាករឥណ្ឌូនេស៊ី។ គ្រាដ៏ចម្រូងចម្រាសទីពីរបានកើតឡើងនៅនាទីទី 86 ។ Ma Ning បានបង្ហាញកាតលឿងដល់ Romeny សម្រាប់ការធាក់លើកីឡាករអ៊ីរ៉ាក់ដោយចៃដន្យ ទោះបីជា Romeny បានបន្ថយល្បឿនដើម្បីជៀសវាងការប៉ះទង្គិចក៏ដោយ។ ការសម្រេចចិត្តរបស់អាជ្ញាកណ្តាលបានធ្វើឱ្យអ្នកគាំទ្រឥណ្ឌូនេស៊ីរាប់ពាន់នាក់ខឹងសម្បារនៅ Stand B។ អ្នកគាំទ្របានស្រែក ចង្អុលទៅអាជ្ញាកណ្តាល ហើយចាប់ផ្តើមគប់វត្ថុទៅលើទីលាន។
នៅពេលដែលស្ថានការណ៍កាន់តែតានតឹង លោក Ma Ning បានដើរឆ្ពោះទៅកាន់ Stand A ដើម្បីពិគ្រោះជាមួយមន្ត្រីការប្រកួត។ ប្រធានក្រុម Jay Idzes បានឈានជើងចូលដើម្បីធ្វើឲ្យអ្នកគាំទ្រស្ងប់ស្ងាត់ ដោយប្រើកាយវិការដៃដើម្បីជំរុញអ្នកគាំទ្រឱ្យឈប់។ នៅក្បែរមិត្តរួមក្រុមរបស់គាត់ Idzes បានជួយយកដប និងពែងប្លាស្ទិកចេញពីទីលាន ដូច្នេះការប្រកួតអាចបន្តបាន។
បន្ទាប់ពីកញ្ចែបញ្ចប់ការប្រកួត កីឡាករឥណ្ឌូនេស៊ីជាច្រើននាក់បានឡោមព័ទ្ធលោក Ma Ning ដើម្បីតវ៉ា។ ខ្សែវីដេអូទូរទស្សន៍ចាប់បានអាជ្ញាកណ្តាលចេញកាតក្រហមចំនួនបី។
ទីមួយបានទៅ Shayne Pattynamaមួយសន្ទុះក្រោយមក អ្នកចាត់ការក្រុមឥណ្ឌូនេស៊ី Kombes Pol Surmadji បានរុញអាជ្ញាកណ្តាលយ៉ាងចាស់ដៃ ហើយត្រូវបានបណ្តេញចេញភ្លាមៗ។ កាតក្រហមទីបីត្រូវបានបង្ហាញទៅលើ Thom Haye ដែលផ្ទុះកំហឹងមុនពេលត្រូវបានប្រធានក្រុម Idzes រារាំង។
ការចាញ់អ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីត បានបញ្ចប់ក្តីសង្ឃឹមរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងវគ្គជម្រុះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦។ បន្តិចក្រោយមក PSSI បានបណ្តេញគ្រូបង្វឹកលោក Patrick Kluivert ហើយមិនទាន់ដាក់ឈ្មោះអ្នកជំនួសនៅឡើយទេ៕










