រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៧២ នៅស្ថានឯកអគ្គរាជទូតនៅទីក្រុងឡុងដ៍

ចែករំលែក៖

ទីក្រុងឡុងដ៏៖ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍ពិភពលោក (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥​ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៧២ (៩-វិច្ឆិកា-១៩៥៣ – ៩-វិច្ឆិកា-២០២៥) ដែលបានរៀបចំដោយស្ថានទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស ដោយមានការចូលរួមពីលោកស្រី ទួត បញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស មន្រ្តីស្ថានទូត ប្រជាពលរដ្ឋខ្មែររស់នៅចក្រភពអង់គ្លេស សិស្ស និងនិស្សិតដែលកំពុងសិក្សានៅអង់គ្លេស ព្រមទាំងមិត្តភិក្តអង់គ្លេសសរុបច្រើនជាង៥០រូប។

ក្នុងឱកាសរំលឹកពីព្រះរាជបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ក្នុងការទាមទារឯករាជ្យនៅកម្ពុជា លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃកត្តាសុខសន្តិភាព ឯករាជ្យ និងសាមគ្គីភាពរួមជាធ្លុងមួយរបស់ប្រជាជនកម្ពុជានាគ្រប់សម័យកាល។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានពាំនាំនូវក្តីនឹករលឹក និងការសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ពីសំណាក់ព្រះករុណាព្រះបាទ នរោត្តម សីហមុនី សម្តេចអគ្គមហាសេនាបតី និងសម្តេចធិបតី ដល់បងប្អូនសហគមន៍ខ្មែរ សិស្ស និងនិស្សិតទាំងអស់ដែលកំពុងរស់នៅ និងធ្វើការនៅចក្រភពទាំងអស់។

ទន្ទឹមនឹងនេះដែរ​ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនពីសភាពការណ៍នៅតំបន់ព្រំដែនជាមួយប្រទេសថៃ និងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល ដោយស្នើសុំបងប្អូនខ្មែរមានការជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី មានតែការឯកភាព និងសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាជនកម្ពុជាជាមួយរាជរដ្ឋាភិបាលដែលជាកំលាំងដ៏ខ្លាំងក្លា ជាមួយការគាំទ្រពីប្រទេសជាមិត្តដែលស្រលាញ់សន្តិភាព ពិតជាធ្វើឱ្យប្រទេសថៃត្រូវតែបញ្ចប់សកម្មភាពអរិភាពរបស់ខ្លួនជាមួយកម្ពុជានាពេលនេះ។

...

ជាចុងក្រោយ លោករដ្ឋមន្រ្តី ស្នើបងប្អូន និងសិស្ស និស្សិតកម្ពុជាធ្វើជាតំណាងទេសចរណ៍កម្ពុជា (Brand Ambassador) ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដល់មិត្តភក្តិ និងប្រជាជនអង់គ្លេសឱ្យបានទូលំទូលាយ លើកទឹកចិត្តមកលេងទស្សនាកម្ពុជា ព្រមទាំងចូលរួមប្រឆាំង និងទប់ស្តាត់ព័ត៌មានក្លែងក្លាយពីកម្ពុជាដែលជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print