ស្វែងយល់! ពីព្រះរាជបូជនីយកិច្ចរបស់ព្រះមហាក្សត្រសីហនុ ក្នុងទាមទារឯករាជ្យពីប្រទេសបារាំង ឆ្នាំ១៩៥៣

ចែករំលែក៖

ភ្នំពេញ ៖ គ្មានសង្ឃឹមថា រដ្ឋាភិបាលបារាំង យកសំណុំឯកសារនៃការស្វែងរកការចរចាស្ដីពីបញ្ហាឯករាជ្យរបស់ព្រះអង្គយកទៅពិនិត្យសិក្សាអ្វីនោះ ព្រះមហាក្សត្រសីហនុ សម្រេចព្រះទ័យបន្តព្រះរាជបណ្ដើរទៅសហរដ្ឋអាមេរិក បន្តទៀតដោយសង្ឃឹមថា មហាអំណាចមួយនេះជួយធ្វើអន្តរាគមន៍ជំរុញឲ្យប្រទេសបារាំង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនប្រគល់ឯករាជ្យមកកម្ពុជា ជាមិនខាន។

ដោយបានដឹងថា ព្រះមហាក្សត្រខ្មែរ មានគម្រោងយាងចេញពីប្រទេសបារាំង ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក នោះ ហ្សង់ ឡឺ ទួរណូ (Jean Le Tourneau) ដែលទើបតែទទួលការតែងតាំងថ្មីៗជាអគ្គស្នងការបារាំង ប្រចាំឥណ្ឌូចិន ក៏បានកោះហៅព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ដែលពេលនោះ ទ្រង់គង់ជាតំណាងរបស់ប្រទេសកម្ពុជា ប្រចាំក្រុងប៉ារីស ឲ្យទៅជួបនៅក្នុងការិយាល័យរបស់គាត់ ដើម្បីស្ទាបស្ទង់ចង់ដឹងថា តើព្រះមហាក្សត្រសីហនុ យាងទៅសហរដ្ឋអាមេរិក ក្នុងគោលបំណងអ្វី?
ពេលនោះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ប្រាប់តាមត្រង់ថា ទ្រង់ក៏មិនបានដឹងថា ព្រះមហាក្សត្រសីហនុ យាងទៅសហរដ្ឋអាមេរិកនោះ ក្នុងគោលបំណងអ្វីសូម្បីបន្តិចឡើយ។
ក្រោយពីជួបពិភាក្សាគ្នា អស់រយៈពេលប្រហែល៣ម៉ោង ហ្សង់ ឡឺ ទួរណូ បានស្នើសុំឲ្យព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ពាំនាំនូវការថ្វាយព្រះពររបស់គាត់ ដល់ព្រះមហាក្សត្រសីហនុ សូមមានសុវត្ថិភាពក្នុងការធ្វើដំណើរយាងទៅសហរដ្ឋអាមេរិកនោះ។
តែហ្សង់ ឡឺ ទួរណូ ក៏បានធ្វើការព្រមានផ្ដាំផ្ញើទៅព្រះមហាក្សត្រសីហនុ ផងដែរថា មុននឹងធ្វើអ្វីមួយ សូមឲ្យព្រះអង្គមានការប្រុងប្រយ័ត្ន និងគិតគួរពិចារណាឲ្យបានល្អិតល្ពន់ ពីព្រោះរឿងនេះ វាពាក់ព័ន្ធនឹងការគ្រងរាជសម្បត្តិរបស់ព្រះអង្គផងដែរ។
នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៥៣ ព្រះមហាក្សត្រសីហនុ បានយាងចាកចេញពីប្រទេសបារាំង ទៅដល់ប្រទេសកាណាដា។
ក្រៅពីផ្សព្វផ្សាយបទសម្ភាសន៍នៅលើទំព័រសារព័ត៌មាននានា ព្រះអង្គក៏ត្រូវបានវិទ្យុកាណាដា ធ្វើសម្ភាសផ្សព្វផ្សាយតាមរលកធាតុអាកាសផងដែរ។
វិទ្យុកាណាដា បានទូលសួរព្រះអង្គថា តើបញ្ហាកុម្មុយនិស្ដនៅក្នុងកម្ពុជា មានសភាពធ្ងន់ធ្ងរដូចនៅក្នុងប្រទេសវៀតណាមឬទេ?
ព្រះអង្គមានបន្ទូលតបវិញថា ចំពោះលទ្ធិកុម្មុយនិស្តនៅកម្ពុជា ប្រជារាស្រ្តខ្មែរមិនសូវយកចិត្តទុកដាក់ប៉ុន្មានទេ ព្រោះលទ្ធិនេះ វាផ្ទុយនឹងប្រពៃណីវប្បធម៌ និងសាសនារបស់ពួកគេ ដែលជាទូទៅសុទ្ធតែជាពុទ្ធសាសនិក និងសុទ្ធតែជាប្រជាកសិករ មានដីធ្លីស្រែចម្ការរៀងៗខ្លួន ដូច្នេះពួកគេមិនសូវមានជំនឿលើពួកលទ្ធិកុម្មុយនិស្តប៉ុន្មានទេ។ ប៉ុន្តែអ្វីដែលប្រជារាស្រ្តខ្មែរយកចិត្តទុកដាក់បំផុត គឺឆន្ទៈទាមទារឯករាជ្យដែលកំពុងពុះកញ្ជ្រោលនោះ ត្រូវបានគេរាំងខ្ទប់។
ក្រោយពីព្រះអង្គធ្វើសកម្មភាពឃោសនានយោបាយតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកាណាដា មួយរយៈខ្លីមក ព្រះអង្គបន្តព្រះរាជដំណើរយាងទៅសហរដ្ឋអាមេរិក ទៀត។
នៅទីក្រុងវ៉ាស៊ីងតោន ព្រះអង្គមិនបានទទួលការលើកទឹកចិត្តពីរដ្ឋាភិបាលអាមេរិក សូម្បីបន្តិចទាល់តែសោះ។ សូម្បីប្រធានាធិបតីអាមេរិក វ៉ៃត៍ អៃសិនហាវវើរ (Dwight D. Eisenhower) មិនអនុញ្ញាតឲ្យព្រះអង្គចូលជួបឡើយ។ តែរដ្ឋមន្ត្រីការបរទេសអាមេរិក ហ្វូស្ទ័រ ឌុលឡេស (Foster Dulles) យល់ស្របតាមព្រះមហាក្សត្រសីហនុ ដែលថា ប្រទេសបារាំង គួរតែប្រគល់ឯករាជ្យទៅឲ្យប្រទេសកម្ពុជា ដែលខ្លួនកំពុងគ្រប់គ្រងវិញ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះដែរ។
ប៉ុន្តែអ្វីដែលគាត់មិនយល់ស្របតាមព្រះមហាក្សត្រសីហនុ នោះ គឺក្រោយពេលទទួលបានឯករាជ្យហើយនោះ ប្រទេសកម្ពុជា មិនអាចមានសមត្ថភាពក្នុងការបង្រ្កាបចលនាតស៊ូរបស់ពួកកុម្មុយនិស្តបានឡើយ។ ពេលនេះ កម្ពុជា មិនអាចដឹកនាំគ្រប់គ្រងប្រទេសខ្លួនឯង ជំនួសបារាំងបានទេ ពិសេសវិស័យកងទ័ពតែម្ដង ហើយបើគ្មានវត្តមានកងទ័ពបារាំង ជាជំនួយនៅលើសមរភូមិនោះទេ កម្ពុជានឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកកុម្មុយនិស្តយ៉ាងឆាប់រហ័សបំផុត ហើយឯករាជ្យដែលព្រះអង្គចង់បាននោះ ក៏នឹងត្រូវរលាយរលត់ដែរ។ ទីបំផុត រដ្ឋមន្ត្រីការបរទេសអាមេរិក ហ្វូស្ទ័រ ឌុលឡេស សំណូមពរឲ្យព្រះអង្គព្យាយាមអត់ធ្មត់មួយរយៈបន្តទៀតសិន។
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៥៣ ព្រះមហាក្សត្រសីហនុ បានរាជានុញ្ញាតឲ្យអ្នកកាសែត ”ញូវយ៉កថែម” ឈ្មោះម៉ៃឃឺល ជេមដ៍ ចូលជួបធ្វើសម្ភាសនៅទីក្រុងញូវយ៉ក។
ស្អែកឡើង កាសែត “ញូវយ៉កថែម” បានដកស្រង់បន្ទូលព្រះអង្គថា ប្រសិនបើបារាំង នៅតែមិនព្រមប្រគល់ឯករាជ្យពេញលេញឲ្យមកប្រទេសព្រះអង្គ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះទេ គ្រោះថ្នាក់មួយ នឹងត្រូវតែកើតមានឡើងយ៉ាងពិតប្រាកដ ដោយសារតែប្រជារាស្ត្ររបស់ព្រះអង្គនឹងនាំគ្នាក្រោកឡើងប្រឆាំងនឹងរបបគ្រប់គ្រងរបស់ព្រះអង្គ ហើយពួកគេនឹងនាំគ្នាទៅចូលរួមជាមួយចលនាតស៊ូឥស្សរៈខ្មែរ-វៀតមិញដែលដឹកនាំដោយពួកកុម្មុយនិស្ត ដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកបារាំង ជាមិនខាន។
ក្នុងព្រះរាជដំណើរយាងត្រឡប់មកមាតុប្រទេសវិញ នៅពេលចុះសំចតនៅប្រទេសជប៉ុន ព្រះអង្គបានទទួលសារលិខិតមួយច្បាប់ពីប៉ែន នុត រាជប្រតិភូនាយករដ្ឋមន្ត្រីទីស្ដីការរដ្ឋាភិបាលរបស់ព្រះអង្គ។

ប៉ែន នុត បានផ្ដល់ដំណឹងមកពីប្រទេសបារាំងថា មេដឹកនាំបារាំង បានសុំយាងព្រះអង្គទៅក្រុងប៉ារីស ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពតាមការស្នើសុំទាមទារឯករាជ្យរបស់ព្រះអង្គ នៅពេលខាងមុខនេះហើយ។
ក្នុងរយៈពេលបីសប្តាហ៍ នៅទីក្រុងតូក្យូ ព្រះមហាក្សត្រសីហនុ ទទួលបាននូវព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយបានព្រះចៅអធិរាជហ៊ីរ៉ូហ៊ីតូ យាងទៅសោយទឹកតែនៅក្នុងព្រះបរមរាជវាំងរបស់ព្រះអង្គ។ តែព្រះចៅអធិរាជហ៊ីរ៉ូហ៊ីតូ មិនបណ្ដោយឲ្យព្រះមហាក្សត្រសីហនុ អូសទាញព្រះអង្គឲ្យមានបន្ទូលពាក់ព័ន្ធក្នុងរឿងនយោបាយបន្តិចឡើយ ក្រៅតែពីថ្វាយព្រះពរឲ្យព្រះមហាក្សត្រសីហនុ ទទួលបានជោគជ័យក្នុងព្រះរាជបូជនីយកិច្ចនេះប៉ុណ្ណោះ។
នៅក្នុងខែឧសភា ឆ្នាំ១៩៥៣ ពុត ឆាយ, អ៊ូជ និលពេជ្រ និងគ្រូអ៊ុំ បានសម្រេចចិត្តទម្លាក់អាវុធចុះចូលជាមួយព្រះមហាក្សត្រសីហនុ។
ជាថ្នូរនឹងការចុះចូលនោះ ពុត ឆាយ និងអ៊ូជ និលពេជ្រ ត្រូវបំពាក់ឋានន្តរស័កិ្តជាអនុសេនីយ៍ឯក នៅក្នុងជួរកងយោធពលខេមរភូមិន្ទ។
បន្ទាប់មកទៀត ពិធីចុះចូលនេះ បានប្រារព្ធធ្វើជាផ្លូវការ នៅបន្ទាយត្មាតពង ខេត្ដកំពង់ស្ពឺ ថ្ងៃទី៣ ឧសភា ឆ្នាំ១៩៥៤ ក្រោមព្រះរាជាធិបតីភាពរបស់សម្ដេចព្រះនរោត្ដម សុរាម្រិត ជាព្រះបិតារបស់ព្រះមហាក្សត្រនរោត្ដម សីហនុ ដោយបានបំពាក់ឋានន្តរស័ក្តិវរសេនីយ៍ត្រី (ស័ក្តិ៤) ដល់ពុត ឆាយ ផងដែរ។
ក្រោយពីបានចុះចូលក្នុងសង្គមជាតិវិញ ពុត ឆាយ មិនមានតួនាទីធំដុំ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចមេខ្មែរឥស្សរៈឈ្មោះដាប ឈួន ដែលបានសុំចុះជាមួយសម្ដេចព្រះនរោត្ដម សីហនុ កាលពីឆ្នាំ១៩៤៩នោះទេ ។ ភាគច្រើន គាត់តែងតែមានមុខនៅតាមសង្វៀនជល់មាន់មួយចំនួនដែលនៅជាយក្រុងភ្នំពេញ ។
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ព្រះមហាក្សត្រនរោត្តម សីហនុ បានយាងមកដល់រាជធានីភ្នំពេញ វិញ។ ពេលនោះគឺជាលើកទី១ហើយ ដែលចាប់ពីព្រលានយន្តហោះពោធិ៍ចិនតុង មកដល់ព្រះបរមរាជវាំង មានប្រជារាស្រ្តក្មេងចាស់ប្រុសស្រីយ៉ាងច្រើនកុះករឈរអមនៅតាមដងផ្លូវ នាំគ្នាទះដៃ និងស្រែកជ័យឃោសធ្វើព្រះរាជបដិសណ្ឋារកិច្ចថ្វាយព្រះអង្គយ៉ាងអធិកអធមបំផុត។
ពេលយាងមកដល់ព្រះបរមរាជវាំង ប៉ែន នុត រាជប្រតិភូនាយករដ្ឋមន្ត្រីទីស្ដីការរដ្ឋាភិបាល ដែលទើបនឹងវិលត្រឡប់មកពីប្រទេសបារាំងដែរនោះ បានចូលមកបង្គំថ្វាយសំណុំឯកសារឆ្លើយតបពិសេសមួយរបស់មេដឹកនាំបារាំង ដល់ព្រះអង្គ។ តែសំណុំឯកសារឆ្លើយតបនោះហើយ ព្រះអង្គមានការខកព្រះទ័យយ៉ាងខ្លាំង ព្រោះបារាំង នៅតែមិនព្រមឲ្យកងទ័ពរបស់ព្រះអង្គមានឯករាជ្យក្នុងការបង្ក្រាបចលនាបះបោរបង្កអសន្តិសុខរបស់ពួកវៀតមិញ និងឥស្សរៈខ្មែរដដែល។ បារាំងគ្រាន់តែយល់ព្រមឲ្យបង្កើតសេនាធិការចម្រុះ(បារាំង-ខ្មែរ) នៅក្នុងអង្គភាពកងទ័ពទាំងឡាយដែលមានសុទ្ធតែទាហានខ្មែរ ជំនួសសេនាធិការ ដែលពីមុនៗមកមានសុទ្ធតែនាយទាហានបារាំងនោះ។ ព្រះមហាក្សត្រសីហនុ មិនអាចទទួលយកបានជាដាច់ខាត ព្រះអង្គក៏សម្រេចព្រះទ័យធ្វើការទាមទារឯករាជ្យនេះឲ្យកាន់តែល្បីខ្ទរខ្ទារនៅលើឆាកអន្តរជាតិជាថ្មីម្ដងទៀត។
នៅថ្ងៃទីពាក់កណ្ដាលខែមិថុនា ឆ្នាំ១៩៥៣ ព្រះមហាក្សត្រនរោត្តម សីហនុ បានយាងទៅទីក្រុងបាងកក ប្រទេសថៃ ។ ប៉ុន្តែនៅទីក្រុងបាងកកនោះ ព្រះមហាក្សត្រថៃ ភូមិបុល អាប់ឌុលយ៉ាដេត មិនបានរាជានុញ្ញាតឲ្យព្រះអង្គចូលគាល់ឡើយ។
ពេលនោះ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានមកទូលព្រះអង្គថា ប្រទេសថៃ មិនអាចផ្ដល់ការគាំទ្រចំពោះវត្តមានរបស់ព្រះអង្គបានទេ ព្រោះប្រទេសថៃ មិនចង់ឲ្យមានបញ្ហាខាងនយោបាយ និងការទូតជាមួយបារាំង។
ចំណែកនាយករដ្ឋមន្ត្រីថៃ គឺសេនាប្រមុខវិបុល សង្គ្រាម បានសម្តែងនូវឫកពាក្រអឺតក្រទម ដោយផ្ដាំផ្ញើមកព្រះអង្គថា ប្រសិនបើព្រះអង្គមានសំណូមពរអ្វីចំពោះគេ ព្រះអង្គអាចយាងទៅជួបរូបគេផ្ទាល់បាននៅខុទ្ទកាល័យរបស់គេ។
លើសពីនេះទៅទៀត រាជរដ្ឋាភិបាលថៃ បានហាមឃាត់ព្រះអង្គមិនឲ្យធ្វើសកម្មភាពនយោបាយអ្វីបន្តិចឡើយ ហើយហាមជួបអ្នកកាសែតទៀតផង ពិសេសសូម្បីតែគេហដ្ឋានរបស់ឯកអគ្គរាជទូតខ្មែរ ប្រចាំទីក្រុងបាងកក ក៏រាជរដ្ឋាភិបាលថៃ ហាមព្រះអង្គមិនឲ្យគង់នៅដែរ។
កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត រាជរដ្ឋាភិបាលថៃ ចាត់ទុកថា ព្រះអង្គគ្រាន់តែជាជននិរទេសម្នាក់ប៉ុណ្ណោះ។
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៥៣ ព្រះមហាក្សត្រសីហនុ បានយាងត្រឡប់មកមាតុប្រទេសវិញតាមព្រះទីនាំងរថយន្ត ឆ្លងកាត់តាមក្រុងអារញ្ញប្រះថេត ដោយមានប្រជារាស្ត្រថៃ មានដើមកំណើតខ្មែររាប់រយនាក់បាននាំគ្នាមកឈររង់ចាំស្វាគមន៍ព្រះរាជដំណើរព្រះអង្គដោយទឹកចិត្តស្វាមីភក្ដិបំផុត។
ពួកគេនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ និងសូមរាជានុញ្ញាតចូលបម្រើក្នុងជួរកងទ័ពព្រះអង្គ ដើម្បីរួមចំណែកក្នុងការទាមទារឯករាជ្យពីបារាំង ជូនមាតុភូមិដើមរបស់ពួកគេទៀតផង។ ពេលមកដល់ទីរួមខេត្តបាត់ដំបង ព្រះមហាក្សត្រសីហនុ បានប្រកាសអំពាវនាវឲ្យប្រជារាស្រ្តទូទាំងប្រទេស ចូលរួមក្នុងចលនាទាមទារឯករាជ្យពីបារាំង ជាមួយព្រះអង្គ។
មិនយូរប៉ុន្មាន ក៏មានប្រជារាស្រ្តគ្រប់មជ្ឈដ្ឋាន ប្រមាណ២០ម៉ឺននាក់ បានស្ម័គ្រចូលរួមក្នុងចលនាទាមទារឯករាជ្យ ហើយកងជីវពល និងនារីក្លាហាន ដែលឲ្យឈ្មោះថា “កងទ័ពកាំភ្លើងឈើ” ក៏ចាប់ផ្ដើមបង្កើតឡើងនៅទូទាំងប្រទេសផងដែរ។

បន្ទាប់មក ព្រះអង្គបានបន្តព្រះរាជដំណើរតាមព្រះទីនាំងរថយន្តឆ្ពោះទៅខេត្តសៀមរាប ទៀតដោយមានសម្ដេចព្រះសង្ឃរាជហួត តាត គង់នៅជាមួយព្រះអង្គក្នុងព្រះទីនាំងនោះផងដែរ។
ដោយព្រះអង្គដឹងច្បាស់ថា សម្ដេចព្រះសង្ឃរាជហួត តាត មានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយសឹង ង៉ុកថាញ់ មេដឹកនាំប្រជាចលនាឥស្សរៈខ្មែរបម្រើជាតិ នៅភ្នំដងរែកនោះ ព្រះអង្គក៏បានស្នើឲ្យសម្ដេចសង្ឃរាជជួយធ្វើការស្ទាបស្ទង់ជាសម្ងាត់ជាមួយសឹង ង៉ុកថាញ់ ថាតើគាត់យល់ព្រមចូលរួមជាមួយព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជាមួយព្រះអង្គដែរឬទេ?
ប៉ុន្មានថ្ងៃក្រោយមក សឺង ង៉ុកថាញ់ ក៏បានឆ្លើយតបមកព្រះអង្គវិញដែរ ប៉ុន្តែមិនមែនតាមរយៈសម្ដេចព្រះសង្ឃរាជហួត តាត នោះទេ គឺឆ្លើយតបតាមរយៈបទវិចារណកថាមួយដែលចាក់ផ្សាយតាមវិទ្យុផ្សាយសំឡេងប្រជាចលនាឥស្សរៈខ្មែរបម្រើជាតិ របស់គាត់ ដែលមានទីតាំងនៅជើងភ្នំដងរែក ជាប់ព្រំដែនខ្មែរ-ថៃ នោះទៅវិញ។
បទវិចារណកថានោះបានលើកឡើងថា របស់ដែលហៅថាព្រះរាជបូជនីយកិច្ចដឹកនាំដោយសីហនុ ដើម្បីទាមទារឯករាជ្យមកឲ្យមាតុប្រទេសនោះ គឺគ្រាន់តែជារឿងកំប្លែងគួរឲ្យស្អប់ខ្ពើមមួយ ដែលសម្ដែងឡើងដោយស្ដេចក្បត់ ក្រោមបញ្ជាពួកបារាំងជាចៅហ្វាយនាយរបស់ខ្លួនតែប៉ុណ្ណោះ។
បទវិចារណកថាដដែលនោះ បានបន្តថា វីរបុរសរបស់ពួកគេមានតែម្នាក់គត់ គឺសឺង ង៉ុកថាញ់ ដែលនឹងមិនចុះចូលជាមួយសីហនុ ដែលជាសត្រូវរបស់ប្រជាពលរដ្ឋនោះជាដាច់ខាត។
សាធារណមតិពិភពលោកនាំគ្នាចាប់អារម្មណ៍មកលើព្រះអង្គ ដោយអ្នកខ្លះទទួលស្គាល់ និងគាំទ្រសកម្មភាពទាមទារឯករាជ្យរបស់ព្រះអង្គ តែខ្លះទៀតក៏នាំគ្នារិះគន់ទិតៀនផងដែរ។
ចំណែកទស្សនាវដ្តី “ប៉ារីសម៉ាត់” របស់បារាំង ចាត់ទុកដំណើរយាងទៅប្រទេសថៃ របស់ព្រះមហាក្សត្រសីហនុ នោះថា គ្រាន់តែជាដំណើរស្រើបស្រាលដ៏សោះកក្រោះ ឥតខ្លឹមសាររបស់ស្ដេចចិត្តសាវាមួយអង្គ ដែលមិនចេះពិចារណារកហេតុផលតែប៉ុណ្ណោះ។
ឯកាសែត “ឡូរ៉ូ” បានសរសេរថា នេះជាការទាមទារឯករាជ្យគួរឲ្យអស់សំណើចរបស់មេដឹកនាំប្រទេសមួយដែលមានព្រះសង្ឃច្រើនជាងកងទ័ព១០ដង តើអាចទទួលបានជ័យជម្នះដែរឬទេ?
ចំណែកនៅក្រុងឡុងដ៍ ប្រទេសអង់គ្លេសវិញ កាសែត “ដេលី តេឡេក្រាហ្វ” បានសរសេរចំអកថា តើស្ដេចសីហនុ មានភ័ព្វសំណាងអ្វីនឹងទទួលបានឯករាជ្យមួយស្រដៀងគ្នានឹងឯករាជ្យរបស់ប្រទេសប៉ាគីស្ថាន ទោះបីព្រះអង្គខំស្រែកទាមទារយ៉ាងណាក៏ដោយ។ កាសែតដដែល បានសរសេរថា បើគ្មានបារាំង មកគ្រប់គ្រងទេនោះ ម្ល៉េះសមប្រទេសខ្មែរនឹងក្លាយជាប្រទេសឯករាជ្យមួយដែលរណបចិនកុម្មុយនិស្ដ តាំងពីយូរយារណាស់មកហើយ។
ប៉ុន្តែយ៉ាងណា នៅប្រទេសបារាំង ក៏មានសាធារណមតិជាច្រើនបានសម្ដែងការគាំទ្រ និងជួយជំរុញឲ្យរដ្ឋាភិបាលបារាំង យកចិត្តទុកដាក់ចំពោះការទាមទារឯករាជ្យរបស់ព្រះអង្គយ៉ាងផុលផុសដែរ។
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ កាសែត “ឡឺហ្វីការ៉ូ” របស់បារាំង បានចុះផ្សាយអត្ថបទជាស្នាដៃអ្នកនិពន្ធបារាំងដ៏ល្បីល្បាញម្នាក់ឈ្មោះហ្ស៊ក ឌុយហាបែល ជាសមាជិកបណ្ឌិតសភាបារាំង មានខ្លឹមសារថា ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រខ្មែរ កាលពីពេលព្រះអង្គយាងទៅទីក្រុងបាងកក ប្រទេសថៃ ដែលមតិខ្លះចាត់ទុកថា ជាការធ្វើឲ្យកាន់តែមានបញ្ហាស្មុគស្មាញច្របូកច្របល់នៅឥណ្ឌូចិន និងមតិខ្លះចាត់ទុកថាជាលទ្ធផលនៃចិត្តសាវា ឬជាការរវើរវាយរបស់ស្ដេចវ័យក្មេងនោះ គឺជាការយល់ខុសទាំងស្រុង ហើយអ្វីដែលអ្នកសង្កេតការណ៍មួយចំនួនសង្ឃឹមថា វានឹងកើតមានឡើងដូចពួកគេសន្និដ្ឋាននោះ វានឹងមិនអាចកើតមានឡើយ។
នៅក្នុងខែមិថុនា ឆ្នាំ១៩៥៣នោះដែរ ព្រះមហាក្សត្រសីហនុ បានបង្កើតតំបន់ស្វយ័តមួយ ដែលរួមមានខេត្តសៀមរាប បាត់ដំបង និងកំពង់ធំ ហើយបានយកទីក្រុងសៀមរាប ធ្វើជាបញ្ជាការដ្ឋានរបស់ព្រះអង្គ ដើម្បីគ្រប់គ្រងតំបន់ស្វយ័តនោះ។
នៅទីក្រុងសៀមរាប ព្រះអង្គបានប្រកាសជាសាធារណៈថា ព្រះអង្គនឹងយាងត្រឡប់ចូលរាជធានីភ្នំពេញវិញ នៅថ្ងៃណាដែលបារាំង យល់ព្រមផ្ទេរសិទ្ធិកាន់កាប់វិស័យកងទ័ព រដ្ឋបាល និងសេដ្ឋកិច្ច មកឲ្យរដ្ឋាភិបាលរបស់ព្រះអង្គវិញ។
នៅទីក្រុងសៀមរាប នោះដែរ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩៥៣ ព្រះអង្គបានរុះរើផ្លាស់ប្ដូរសមាសភាពគណៈរដ្ឋមន្រ្តីរបស់ព្រះអង្គជាថ្មីម្ដងទៀត ដោយក្នុងនោះ ព្រះអង្គនៅតែគង់ជានាយករដ្ឋមន្ត្រីដដែល, ប៉ែន នុត ជាឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីហិរញ្ញវត្ថុ កីឡា យុវជន និងអប់រំមូលដ្ឋាន និង សម សារី (ឪពុកសម រង្ស៊ី) ជារដ្ឋមន្ត្រីអប់រំជាតិ។
នៅទីក្រុងសៀមរាបនោះ ព្រះមហាក្សត្រសីហនុ បានប្រជុំជាមួយប៉ែន នុត និងសឺន សាន យ៉ាងសម្ងាត់បំផុត សូម្បីតែញឹក ជូឡុង និងលន់ នល់ ដែលបានចូលរួមនៅក្នុងការដឹកនាំទាមទារឯករាជ្យនោះដែរ ក៏ព្រះអង្គមិនឲ្យដឹងផង។
ព្រះអង្គបានត្រាស់បង្គាប់ឲ្យប៉ែន នុត និងសឺន សាន រៀបចំព្រះរាជប្រកាសមួយ ដើម្បីអំពាវនាវឲ្យរាជរដ្ឋាភិបាល និងប្រជារាស្រ្តខ្មែរទូទាំងប្រទេស នាំគ្នាចូលរួមព្រះរាជបូជនីយកិច្ចនេះឲ្យបានគ្រប់គ្នា និងតាមគ្រប់មធ្យោបាយដែលមានរៀងៗខ្លួន។
នៅក្នុងការតាក់តែងព្រះរាជប្រកាសនេះ ប៉ែន នុត ជាឧបនាយករដ្ឋមន្ត្រី និងសឺន សាន បានព្យាយាមយកម៉ាស៊ីនអង្គុលីលេខមកវាយអត្ថបទនៃព្រះរាជប្រកាសនោះដោយខ្លួនឯងផ្ទាល់។

តែដោយពួកគាត់មិនសូវចេះវាយអង្គុលីលេខនេះ ពួកគាត់បានសម្រេចទៅរកស្មៀននៅសាលាខេត្តម្នាក់ដែលចេះវាយអង្គុលីលេខស្ទាត់ជំនាញ មកវាយអត្ថបទនោះវិញ ដើម្បីឲ្យទាន់សភាពការណ៍។
ប៉ុន្តែស្មៀនសាលាខេត្តនោះត្រូវស្បថជាមុនថា នឹងលាក់ការសម្ងាត់មិនឲ្យអ្នកផ្សេងទៀតដឹងពីខ្លឹមសារនៃអត្ថបទព្រះរាជប្រកាសនោះផងដែរ។
ក្រោយពីពិនិត្យ និងឡាយព្រះហស្តលេខាលើព្រះរាជប្រកាសនោះរួចមក ព្រះមហាក្សត្រសីហនុ បានឲ្យសឺន សាន ប្រញាប់យកឯកសារសម្ងាត់នោះទៅថ្វាយមាតាបិតារបស់ព្រះអង្គ និងទៅជូនរាជរដ្ឋាភិបាលនៅភ្នំពេញ ដែលពេលនោះ មានស៊ឹម វ៉ា រដ្ឋមន្ត្រីក្រសួងការពារជាតិ ជានាយករដ្ឋមន្ត្រីស្ដីទី ដើម្បីឲ្យចាត់ការតាមព្រះរាជប្រកាសនេះ។
ពេលក្រាបបង្គំលាព្រះមហាក្សត្រសីហនុ ចេញដំណើរទៅភ្នំពេញ សឺន សាន ក៏បានឆ្លៀតឱកាសទូលសុំការសន្ដោសប្រោសប្រណីលើកលែងទោសដល់មន្ត្រីរបស់គណបក្សប្រជាធិបតេយ្យមួយចំនួនដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ (គុកធំ) នៅក្រោយវត្តឧណ្ណាលោមនោះផងដែរ។
ពេលនោះ ព្រះអង្គក៏បានសម្រេចព្រះទ័យឲ្យគេដោះលែងមន្ត្រីគណបក្សប្រជាធិបតេយ្យទាំងអស់ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារនោះឲ្យមានសេរីភាពវិញ តាមការទូលសុំរបស់សឺន សាន ដោយគ្មានស្ទាក់ស្ទើរព្រះទ័យបន្តិចឡើយ។
ក្រោយពីមានព្រះរាជប្រកាសអំពាវនាវនោះមក ចាប់ពីចុងខែមិថុនា ដល់ចុងខែកក្កដា ឆ្នាំ១៩៥៣ មាននាយទាហាន៥នាក់ បាននាំពលទាហានរបស់ខ្លួនចំនួន៦០០នាក់ រត់ចេញពីអង្គភាពកងទ័ពបារាំង ធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីចូលរួមជាមួយព្រះអង្គ ក្នុងការទាមទារឯករាជ្យនោះដែរ។
ក្រោយពីមានទាហានខ្មែររត់ចេញពីអង្គភាពកងទ័ពបារាំង មក បារាំងក៏បានដកនាយទាហានជាជនជាតិបារាំងរបស់ពួកគេចេញពីមេបញ្ជាការកងវរសេនាតូចខ្មែរទាំងអស់ ក្នុងបំណងមិនឲ្យមានការរំជើបរំជួល និងរត់ចោលអង្គភាពកងទ័ពបារាំងបន្តទៀត។
ប៉ុន្តែជាមួយគ្នានោះ បារាំងក៏បានបញ្ជូនកងទ័ពជើងគោករបស់ខ្លួនចំនួន៣កងវរសេនាតូច និងកងរថក្រោះចំនួន៣កងទៀត ចូលមកក្នុងប្រទេសកម្ពុជា ដើម្បីត្រៀមទប់ទល់នឹងសភាពការណ៍អាក្រក់ណាមួយដែលអាចកើតឡើងជាយថាហេតុផងដែរ។
ការពិតទៅ បារាំង មិនមែនភ័យខ្លាចសកម្មភាពទាមទារឯករាជ្យរបស់ព្រះមហាក្សត្រសីហនុ នោះប៉ុន្មានទេ តែអ្វីដែលបារាំង ត្រូវតែប្រុងប្រយ័ត្នបំផុតនោះ គឺខ្លាចពួកវៀតមិញ ឆ្លៀតឱកាសបើកការវាយប្រហារជាទ្រង់ទ្រាយធំណាមួយប៉ុណ្ណោះ។ តែពេលនោះ ពួកវៀតមិញ មិនបានធ្វើសកម្មភាពអ្វីគួរឲ្យព្រួយបារម្ភឡើយ។
ផ្ទុយទៅវិញ នៅទីក្រុងភ្នំពេញ បែរជាមានបញ្ហាតានតឹង ដោយសារកងទ័ពដែលស្ថិតនៅក្រោមបញ្ជារបស់អតីតមេឥស្សរៈឈ្មោះពុត ឆាយ ទើបនឹងចុះចូលជាមួយព្រះមហាក្សត្រនោះ បានបង្កឲ្យមានការប្រកាន់ពូជសាសន៍ជាមួយកងទ័ពបារាំង ដែលជាជនជាតិអាហ្វ្រិកទៅវិញ។
នៅពាក់កណ្ដាលខែសីហា ឆ្នាំ១៩៥៣ កងទ័ពខ្មែរដែលនៅក្រោមបញ្ជារបស់ពុត ឆាយ បានសម្លាប់មន្រ្តីកងអាវុធហត្ថបារាំងម្នាក់ និងស្មៀនជាជនជាតិខ្មែរម្នាក់ទៀត។
លើសពីនេះទៅទៀត កងទ័ពរបស់ពុត ឆាយ បានបោះគ្រាប់បែកមួយគ្រាប់ចូលក្នុងរង្គសាលមួយដែលមានពួកទាហានបារាំង ជាជនជាតិអាហ្វ្រិក ចូលទៅរាំកម្សាន្តនៅទីនោះ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។
ពេលព្រះមហាក្សត្រសីហនុ បង្កើនព្រះរាជសកម្មភាពទាមទារឯករាជ្យកាន់តែខ្លាំងនោះ បារាំងបានតែងតាំងឧត្តមសេនីយ៍ដឺឡង់ក្លាដ (Delanglade) ឲ្យមកធ្វើជាអគ្គមេបញ្ជាការនៅកម្ពុជា។
កាលពីឆ្នាំ១៩៤៨ ព្រះមហាក្សត្រស៊ីហនុ បានយាងទៅសិក្សាមុខជំនាញខាងយោធានៅសាលាសូមៀរ ប្រទេសបារាំង ដែលពេលនោះ ព្រះអង្គគឺជាសិស្សសំណព្វរបស់ឧត្តមសេនីយ៍ដឺឡង់ក្លាដ(Delanglade) នេះផងដែរ។
ដូច្នេះពេលនោះ ព្រះអង្គត្រូវស្ថិតនៅក្នុងស្ថានភាពមួយដែលត្រូវប្រឈមតតាំងរវាងគ្រូ និងសិស្ស។ តែព្រះអង្គបានរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាដើម្បីទប់ទល់នឹងគូសត្រូវម្នាក់ដែលធ្លាប់តែជាគ្រូបង្ហាត់បង្រៀនក្បួនយុទ្ធសាស្ត្រដល់ព្រះអង្គ កាលពី៤ឆ្នាំមុននោះ ដោយសន្តិវិធី ។
ចំណែកព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីពង្ស ជាព្រះបិតុលារបស់ព្រះអង្គ ដែលនៅពេលនោះ មិនមានតំណែងអ្វីក្នុងជួររាជរដ្ឋាភិបាល មិនត្រឹមតែមិនគាំទ្រព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យរបស់ព្រះអង្គទេ បែរជាប្រកាន់ជំហរឈរនៅខាងបារាំង ទៅវិញ។
ព្រះអង្គម្ចាស់មុនីរ៉េត ដែលជាអតីតសិស្សនាយទាហាននៅសាលាបារាំង មួយអង្គដែរនោះ បានសើចចំអកចំពោះចំណេះដឹងខាងក្បួនយុទ្ធសាស្ត្ររបស់ព្រះមហាក្សត្រសីហនុ ដោយធ្វើការវាយតម្លៃថា កងទ័ពរបស់ព្រះអង្គសុទ្ធតែជាកងទ័ពទើបនឹងជ្រើសរើសថ្មីៗ គ្មានសមត្ថភាពក្នុងវិជ្ជាជីវៈជាកងទ័ពដើម្បីប្រយុទ្ធនោះទេ គឺនៅខ្សោយជាងកងទ័ពបារាំង ជាមិត្តភក្កិរបស់ទ្រង់ឆ្ងាយណាស់។
នៅដើមខែវិច្ឆិកា ឆ្នាំ១៩៥៣ អនុប្រធានាធិបតីសហរដ្ឋអាមេរិក រីឆាដ និចសុន (Richard Nixon) និងភរិយាឈ្មោះប៉ាត និចសុន (Pat Nixon) ព្រមទាំងកូនស្រីតូចម្នាក់អាយុប្រហែល១០ឆ្នាំ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ។
តែ រីឆាដ និចសុន មិនបាននិយាយអ្វីពីបញ្ហាដែលទាក់ទងនឹងការទាមទារឯករាជ្យរវាងព្រះមហាក្សត្រ និងពួកបារាំង ដែលកំពុងប្រឈមមុខដាក់គ្នានោះទេ តែលោកបានពាំនាំនូវសមានចិត្ត និងការកោតសរសើរពីសំណាក់ប្រធានាធិបតីអាមេរិក វ៉ៃត៍ អាយសិនហាវឺរ (Dwight D.

Eisenhower) និងពលរដ្ឋអាមេរិក មកថ្វាយព្រះអង្គយ៉ាងកក់ក្ដៅបំផុត ហើយលោកបានថ្វាយរូបថតប្រធានាធិបតីសហរដ្ឋអាមេរិក អាយសិនហាវឺរ ដល់ព្រះមហាក្សត្រសីហនុ ផងដែរ ។
អំឡុងពេលនោះដែរ មានកាសែតជាច្រើននៅលើពិភពលោក ពិសេសនៅប្រទេសបារាំង ព្រមទាំងសហរដ្ឋអាមេរិក បានចុះផ្សាយអត្ថបទប្រមាថមើលងាយព្រះមហាក្សត្រសីហនុ ថា ព្រះអង្គបានក្លាយជាមនុស្សឆ្កួតទៅហើយ ហើយនរណាក៏ដឹងដែរថា ការរំខានដល់មនុស្សឆ្កួត គឺជាអំពើមិនល្អទេ។
ពិសេស នៅពេលព្រះអង្គប្រកាសបង្កើតកងជីវពលនារីក្លាហាន ដែលមានសុទ្ធតែកាំភ្លើងធ្វើពីឈើដូចកាំភ្លើងមែនទែន ព្រមទាំងកាំបិតពូថៅ ដើម្បីត្រៀមប្រយុទ្ធជាមួយកងទ័ពបារាំង ហើយមានកាសែតមួយចុះផ្សាយថា ព្រះអង្គបានក្លាយទៅជាមនុស្សឆ្កួតទៅហើយនោះ ក៏ត្រូវបានកាសែតផ្សេងៗទៀតយកទៅចុះផ្សាយបន្ដ បណ្ដាលឲ្យកាន់តែល្បីសុសសាយខ្លាំងថែមទៀត។
តែការពិត ជាទូទៅ ចាប់ពីរាជធានីភ្នំពេញ និងទីរួមខេត្ត រហូតដល់តំបន់ជនបទដាច់ស្រយាលនៅគ្រប់ទិសទី ប្រជារាស្ត្ររបស់ព្រះអង្គទាំងក្មេងចាស់ប្រុសស្រីនាំគ្នាស្លៀកពាក់ខោអាវពណ៌គគីរ ហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រតាមផ្លូវសាធារណៈ ដោយប្រើប្រាស់កាំភ្លើងឈើធ្វើជាអាវុធប្រាកដមែន។
ទស្សនាវដ្តី ”ប៉ារីសម៉ាត់” របស់បារាំង បានចុះផ្សាយថា ព្រះមហាក្សត្រសីហនុ ប្រៀបដូចជាសត្វគួរឲ្យខ្លាច និងបានចោទប្រកាន់ព្រះអង្គ យ៉ាងអយុត្តិធម៌ថា ព្រះអង្គបានលក់កាំភ្លើងឈើឲ្យកងជីវពលនារីក្លាហានរបស់ព្រះអង្គ ក្នុងតម្លៃដ៏ថ្លៃបំផុតទៀតផង។
តែការពិតកាំភ្លើងឈើទាំងនោះ គឺកងជីវពលខ្លួនឯង ឬអ្នកភូមិដែលមានវ័យចំណាស់ៗបានយកដុំឈើមកចាំងជារាងដូចកាំភ្លើងមែនទែន ដោយខ្លួនឯង នៅនឹងកន្លែងរៀងៗខ្លួនតែប៉ុណ្ណោះ ដោយពុំបានទិញដូរនរណាឡើយ។
លិខិតលេខ២៧៥៦ / C ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ របស់អគ្គបញ្ជាការកងទ័ពបារាំងប្រចាំកម្ពុជា ឧត្តមសេនីយ៍ដឺឡង់ក្លាដ (Delanglade) ផ្ញើជូនឧបនាយករដ្ឋមន្ត្រីប៉ែន នុត មានខ្លឹមសារជាអាទិ៍ថា ខ្ញុំមានកិត្តិយសនឹងបញ្ជាក់ជូនលោកឧបនាយករដ្ឋមន្ត្រីថា បន្ទាប់ពីការផ្ទេរអំណាចខាងតុលាការ ប៉ូលិស និងសន្តិសុខមក តួនាទីទាំងឡាយនៃកងអាវុធហត្ថរបស់បារាំងក៏ត្រូវតែបញ្ចប់សកម្មភាពផងដែរ។
បន្ទាប់មក ពិធីសារនៃការផ្ទេរអំណាចយោធា ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥៣ បានចែងថា រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង បានសម្រេចផ្ទេរអំណាចទាំងអស់ក្នុងវិស័យយោធា មកឲ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងពេញបរិបូណ៌ក្នុងអធិបតេយ្យជាតិរបស់ខ្លួន រួមទាំងកងឯកភាពទាំងឡាយផងដែរ។
នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រជារាស្រ្តទាំងឡាយដែលរស់នៅតំបន់ដែលក្បួនព្រះទីនាំងរថយន្តរបស់ព្រះមហាក្សត្រ ត្រូវឆ្លងកាត់ពីខេត្តសៀមរាប មកភ្នំពេញ ដែលមានចម្ងាយប្រមាណ៣០០គីឡូម៉ែត្រ បាននាំគ្នារង់ចាំទទួលស្វាគមន៍សម្ដែងគារវភក្ដីចំពោះព្រះរាជដំណើរព្រះអង្គយ៉ាងអធិកអធម ក្រោមសម្រែកជ័យឃោសខ្លាំងៗថា ជយោ! ព្រះមហាក្សត្រ ជយោ!ព្រះមហាក្សត្រ ។
លុះមកដល់ក្នុងព្រះបរមរាជវាំង ព្រះសង្ឃរាប់រយអង្គបាននាំគ្នាសូត្រជយន្តោប្រសិទ្ធពរជ័យថ្វាយព្រះអង្គយ៉ាងកងរំពង។
ព្រឹកឡើងថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ ឧត្តមសេនីយ៍ដឺឡង់ក្លាដ (Delanglade) បានចូលរួមជាអធិបតីជាមួយព្រះមហាក្សត្រខ្មែរ ក្នុងពិធីផ្ទេរអំណាចយោធាមកឲ្យកម្ពុជាវិញ ដោយមានក្បួនព្យុហយាត្រារបស់កងជីវពលនារីក្លាហាន ក្នុងឯកសណ្ឋានពណ៌គគីរ មកពីគ្រប់ទិសទី ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រមាណ១០០០នាក់យ៉ាងគគ្រឹកគគ្រេង។

ក្រោយថ្ងៃធ្វើពិធីប្រកាសឯករាជ្យ បាន២សប្តាហ៍ គឺនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះមហាក្សត្រសីហនុ បានរៀបចំរដ្ឋាភិបាលថ្មីមួយ ដោយបានតែងតាំងចាន់ ណាក (ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីឆ្នាំ១៩៥០) ឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន, សុន វ៉ឺនសៃ (ជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ របស់គណបក្សប្រជាធិបតេយ្យ ក្នុងឆ្នាំ១៩៤៧) ជាឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីសន្និនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៥៣ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៥៣ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៥៣ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៥៣ (មូលហេតុដែលនាំឲ្យព្រះអង្គតែងតាំងសុន វ៉ឺនសៃ ជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យ ឲ្យធ្វើជាឧបនាយករដ្ឋមន្ត្រីដូច្នេះ ក៏ដោយសារតែសុន វ៉ឺនសៃ បានបង្ហាញពីភាពស្មោះត្រង់ចំពោះព្រះអង្គ ដោយបានរាយការណ៍ថ្វាយព្រះអង្គ ពីរឿងដែលគាត់លួចបញ្ចេញអាវុធគ្រាប់រំសេវថ្នាំពេទ្យតាមបញ្ជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ ទៅឲ្យចលនាតស៊ូរបស់សឺង ង៉ុកថាញ់ ពេលគាត់ធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ពីខែតុលា ឆ្នាំ១៩៥១ ដល់ខែមិថុនា ឆ្នាំ១៩៥២។), ហាក់ ម៉ុងសេង ជារដ្ឋមន្ត្រីក្រសួងការបរទេស, ឃឹម ទិត ជារដ្ឋមន្ត្រីក្រសួងការពារជាតិ, ឡៅ ប៊ុនប៉ា ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ, យ៉ែម សំបូរ (ធ្លាប់កកូរកកាយផ្ទៃក្នុងរបស់គណបក្សប្រជាធិបតេយ្យពីមុន) ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច, ព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណា ជារដ្ឋមន្ត្រីក្រសួងសាធារណសិក្សា កីឡា និងយុវជន, ឃួន ណៃ ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល សង្គមកិច្ច និងការងារ, នាល ផ្លែង ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងទូរគមនាគមន៍, សម ញាណ (ឪពុកសម សារី)ជារដ្ឋមន្ត្រីក្រសួងធម្មការ វិចិត្រសិល្បៈ និងពុទ្ធិកសិក្សា, ម៉ៅ ចយ ជារដ្ឋមន្ត្រីក្រសួងកិច្ចការកសិករ, ប្រាក់ សារិន ជាអនុរដ្ឋលេខាធិការអមទីស្ដីការគណៈរដ្ឋមន្ត្រី ទទួលបន្ទុកព័ត៌មាន សារព័ត៌មាន និងឃោសនាការព្រះអង្គម្ចាស់ស៊ីសុវត្ថិ ឥស្សារ៉ូ ជាអនុរដ្ឋលេខាធិការអប់រំជាតិ ទទួលបន្ទុកអប់រំមូលដ្ឋាន យុវជន និងកីឡា និងព្រះអង្គម្ចាស់នរោត្តម វិរិយ៉ា ជាអនុរដ្ឋលេខាធិការមហាផ្ទៃ ទទួលបន្ទុកនគរបាល៕

...

សិក្សាស្រាវជ្រាវដោយ៖ ឈឹម សេរីភួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print