ខេត្តព្រះវិហា៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកប្រេងម៉ាស៊ូត បុកជាមួយម៉ូតូអ្នកលក់នំប៉័ង នៅលើកំណាត់ផ្លូវជាតិលេខ៦២ នៅវេលាម៉ោងប្រមាណជា១១ថ្ងៃត្រង់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឲ្យអ្នកលក់នំប៉័ងរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែក រថយន្តកូរ៉េ១គ្រឿង បានចេះអស់។ អ្នកឃើញហេតុការណ៍ បាននិយាយថា ម៉ូតូអ្នកលក់នំប៉័ងសាច់១គ្រឿង ត្រូវគេស្គាល់ឈ្មោះ ម៉ាប់ រស់នៅភូមិតាមី ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បុរសនេះបានបើកម៉ូតូដឹកនំប៉័ងសាច់លក់ ដោយធ្វើដំណើរលើផ្លូវជាតិលេខ៦២ ក្នុងទិសដីពីជើងទៅត្បូង ពេលម៉ូតូលក់នំប៉័ងមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តប្រភេទកូរ៉េ ១គ្រឿងដឹកប្រេងពេញ បើកពីក្រោយស្របទិសគ្នា ហើយរថយន្តនោះបានបើកជែងម៉ូតូលក់នំប៉័ង តែនៅពេលនោះជែងមិនផុត ម៉ូតូនោះក៏បានបោកដួលទៅម្ខាងផ្លូវ ធ្វើឲ្យបុរសលក់នំប៉័ងនោះរងរបួសយ៉ាងធ្ងន់ធ្ងន់។ ចំណែក រថយន្តដឹកប្រេងបានដាច់កង់ រួចក្រឡាប់ធ្លាក់ផ្លូវបុកជាមួយលូ បន្ទាប់មករថយន្តបានឆេះយ៉ាងសន្ទោរសន្ធៅ បើទោះបីជាមានការចុះជួយធ្វើអន្តរាគមន៍ ជួយពន្លត់ភ្លើងពីកម្លាំងអធិការដ្ឋាននគរបាល ស្រុកជាំក្សាន្តនោះយ៉ាងណាក៏ដោយ។ អ្នកនៅក្នុងហេតុការណ៍នេះ បានបញ្ជាក់ថា ក្រោយហេតុការណ៍នេះ គេបានឃើញកម្លាំងនគរបាល ដែលចុះជួយពន្លត់ភ្លើងនោះ បាននាំយកបុរសលក់នំប៉័ងទៅកាន់មណ្ឌលសុខភាពស្រុកជាំក្សាន្ត ហើយបានបញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ព្រមទាំងបាននាំយកម៉ូតូទៅរក្សាទុក។ អ្នកលក់នំប៉័ងនោះ ត្រូវគេរាយការណ៍ថា បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យដោយ សាររបួសធ្ងន់ធ្ងរពេក។ ចំណែក អ្នកបើកបររថយន្តបង្កម្នាក់ ព្រមទាំងព្រូរថយន្ត២នាក់ទៀត បានរត់គេចខ្លួនបាត់ ពេលហេតុការណ៍គ្រោះថ្នាក់កំពុងកើតឡើង ប៉ុន្តែ កម្លាំងនគរបាលស្រុក កំពុងបន្តបើកការស្រាវជ្រាវ ស្វែងរកអត្តសញ្ញាណជនបង្ក នាំខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ដោយសណ្តោស