ខេត្តកំពង់ស្ពឺ ៖ លោកតាវ័យ៨៣ឆ្នាំម្នាក់បានស្លាប់ ក្រោយពេលបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខណៈដែលបុរសម្នាក់បានជិះម៉ូតូលឿនបុកពេញទំហឹង នៅពេលដែលលោកតាវ័យចំណាស់ដើរឆ្លងផ្លូវ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីព្រលប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូលេខ១៤៤០ ត្រង់ចំណុចភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា ម៉ូតូ១គ្រឿងខាងលើម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1R-2835 អ្នកបើក បរឈ្មោះ ទួន ផៃ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅក្នុងភូមិទួលស្ដៅ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ ។ ចំណែកលោកតារងគ្រោះឈ្មោះ កង មឿន អាយុ៨៣ឆ្នាំ រស់នៅក្នុងភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកសំរោងទងបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿងម៉ាកហុងដា បើកបរតាមបណ្តោយផ្លូវក្រាលកៅស៊ូលេខ១៤៤០ ក្នុងទិសដៅពីត្បូងទៅជើង លុះពេលធ្វើដំណើរមកដល់ចំណុចកើត ហេតុខាងលើបានបុកលោកតាម្នាក់ ដែលកំពុងដើរឆ្លង ផ្លូវក្នុងទិសពីលិចទៅកើត បណ្តាលឱ្យស្លាប់ ក្រោយពេលដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ចំណែកឯអ្នកបើកបរម៉ូតូបានរងរបួសធ្ងន់ត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ បន្ទាប់ពីកើតហេតុ សពលោកតាវ័យ៨៣ឆ្នាំត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ថា ក្រោយនគរបាលជំនាញចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុរងការខូចខាតម៉ូតូ០១គ្រឿងកំរិតស្រាល ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្នាយ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយទៀត៕










