មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទី ភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ពិសេសការកែសម្រួលអាវុធធន់ធ្ងន់របស់ភាគីកម្ពុជា និងភាគីថៃ នៅតាមខ្សែបន្ទាត់ព្រំដែន

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នាព្រឹកថ្ងៃទី១០​ ខែវិច្ឆិកា ឆ្នាំ២០២៥​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទី ភារកិច្ច របស់កងយោធពលខេមរភូមិន្ទ និងប្រគល់ការងារចាំបាច់មួយចំនួនជូនដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើង ពិសេសការកែសម្រួលអាវុធធន់ធ្ងន់របស់ភាគីកម្ពុជា និងភាគីថៃ នៅតាមខ្សែបន្ទាត់ព្រំដែន ដោយអនុវត្តតាមសេចកីប្រកាសរួម ស្ដីពីសន្តិភាព យូរអង្វែងរបស់ប្រទេសទាំងពីរ ដែលសេចកីប្រកាសរួមនេះ បានចុះហត្ថលេខារវាងភាគីកម្ពុជានិងភាគីថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងក្រោមការសម្របសម្រួលពីឯកឧត្តម អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនអំពីកិច្ចខិតខំប្រឹងប្រែងអត់ធ្មត់គ្រប់បែបយ៉ាង និងភាពស្ងៀម តែមិនស្ងាត់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនកម្ពុជាទាំងមូល រហូតបានចេញជាលទ្ធផល ក្រោមការអបអរសាទរពីមជ្ឈដ្ឋានទូទៅ នៅលើសកលលោក និងប្រជាជនកម្ពុជា នៅទូទាំងប្រទេស ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណចំពោះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានអនុវត្តយ៉ាងល្អប្រសើរ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រងកងកម្លាំង មធ្យោបាយ និងគ្រឿងបំពាក់ ក្នុងភារកិច្ចការពារបូរណភាពទឹកដី ។ ព្រមជាមួយនោះ បានចូលរួមសហការយ៉ាងសកម្មជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីនៅគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាកម្លាំងស្នូលក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្ត ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ពិសេស​ឆ្នាំ​នេះ​ផលត្រី​សំបូរ​ឡើង​វិញ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​សប្បាយ​រីករាយ​ អបអរ​សារទរ​យ៉ាង​ខ្លាំង​ចំពោះ​កងទ័ព​ ដែល​បាន​បង្ក្រាប​បទ​ល្មើស​នេសាទ​ ទទួល​បាន​ជោគជ័យ​ ។

...

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបន្តពង្រឹងតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការការពារបូរណៈភាពទឹកដី និងបន្តសកម្មភាពការងារបង្ក្រាបបទល្មើសព្រៃឈើ ការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិ និងការបន្តបង្ក្រាបបទល្មើសនេសាទ ឱ្យមានប្រសិទ្ធភាព ដើម្បីសង្គមជាតិយើង និងសម្រាប់បម្រើឲ្យប្រជាជនកម្ពុជានៅទូទាំងប្រទេស ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print