ខេត្តកំពង់ស្ពឺ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថាជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកសាមគ្គីមុនីជ័យ ឃាត់ខ្លួន បន្ទាប់ពីណាត់ផ្តុំគ្នាសង្ងំជក់ថ្នាំញៀនក្នុងព្រៃ កាលពីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចព្រៃខាងកើតវត្តជ្រៃក្រាំងខ្នុរ ស្ថិតនៅភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ៖ ទី១ ឈ្មោះ ជួប ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័ ខេត្តកំពង់ស្ពឺ ជាមុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួន ។ ទី២ ឈ្មោះ សុង ប៊ុន្នី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។ ទី៣ ឈ្មោះ ឆន ឆាង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រៃទាន់ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
តាមសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចស្រុកចុះទៅ បង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យជាក់ស្តែងដែលកំពុងជក់ថ្នាំញៀន ដកហូតថ្នាំញៀន៥កញ្ចប់ ឧបករណ៍ជក់ ទូរស័ព្ទ២គ្រឿង ម៉ូតូមួយគ្រឿង ។ ជនសង្ស័យត្រូវបាននាំយកទៅសាកសួរនៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ










