ភ្នំពេញ៖ ថ្លែងនៅក្នុងវេទិកាជំនួបក្រុមបញ្ញាញាណនិងព័ត៌មានរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន ក្នុងក្រុងភ្នំពេញ នាពេលថ្មីៗនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរំលេចថា ស្ថិតនៅក្នុងបរិបទបច្ចុប្បន្ន ការរួបរួម សាមគ្គីភាព ភាតរភាព កល្យាណភាពដូចទៅនឹងប្រាជ្ញាចិនស្តីពី «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» កំពុងត្រូវការជាចាំបាច់ ក្នុងការរក្សាបានលំនឹងនៃសន្តិភាពសកល និងវិបុលភាព របស់ពិភពលោក។
លោកបណ្ឌិត ក៏បានផ្តល់ឧទាហរណ៍ពីខ្លឹមសារនៃវេទិកាអន្តរជាតិ លើកទី៥ ស្តីពី «វប្បធម៌សុខដុមនីយកម្ម (Hehe Culture)» ដែលលោកបណ្ឌិតធ្លាប់បានទៅចូលរួមជាវាគ្មិន ក្នុងវេទិកាមួយ កាលពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ រៀបចំឡើង នៅប្រទេសចិន។
ដោយបានផ្តល់ទឡ្ហីករណ៍ពីបែបផែនចិន លោកបណ្ឌិតបានបង្ហាញយ៉ាងប្រត្យក្សថា គ្មានគំរូភាពតែមួយនោះទេ តែជាការរៀនសូត្រពីគ្នា ទៅវិញទៅមក ជាការចែករំលែកបទពិសោធន៍គ្នា ទៅវិញទៅមក នៅក្នុងរង្វង់នៃពហុភាគីនិយម វប្បធម៌សុខដុមនីយកម្ម ដើម្បីសម្រេចបានគោលបំណងរួម ក្នុងការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ។
ដោយអនុវត្តតាមប្រាជ្ញាចិនស្តីពី «វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា» រួមបញ្ចូលនូវមាគ៌ា នៃគោលគំនិតម៉ាក្សនិយម និងជាមួយទស្សនវិជ្ជានៃទស្សនវិទូចិន ដូចជា ឡៅជឺ ខុងជឺ ស៊ុនជឺ ម៉ឹងជឺ ជាដើម បានបង្កើនល្បឿនទំនើបកម្មសង្គមនិយម តាមបែបផែនចិន និងការលើកកម្ពស់ស្ថិរភាពសង្គមចិន ដោយមិនអាចរំលងពីសន្តិសុខស្បៀង សន្តិសុខថាមពល អរិយធម៌អេកូឡូស៊ី និងគុណតម្លៃ នៃការកសាងសហគមន៍រួមជីវិតឡើយ។
លោកបណ្ឌិត ជា មុនីឫទ្ធិ បានថ្លែង ក្នុងនាមជាវាគ្មិន ដោយពេលនោះ បានលើកយកគន្លឹះស្តីពី «សុខដុមនីយកម្មរួមគ្នា ៖ តភ្ជាប់កាន់តែស៊ីជម្រៅទៅវិញទៅមក លើកកម្ពស់ស្ថិរភាពក្នុងតំបន់ និង ការអភិវឌ្ឍសកល ប្រកបដោយចីរភាព» មកបកស្រាយ។
ជារួម ដោយឈរលើខ្លឹមសារ ដែលបានជម្រាបជូនអង្គវេទិកា នាពេលនោះ ក្នុងនាមជាបញ្ញាវន្តជាន់ខ្ពស់ និងជាអ្នកឯកទេសស្រាវជ្រាវ ពីទំនាក់ទំនងកម្ពុជា-ចិន លោកបណ្ឌិត បានគូសបញ្ជាក់ថា កម្ពុជានិងចិន ក្រោម «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» បានតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានគាំទ្រគ្នា ទៅវិញទៅមក នៅលើឆាកអន្តរជាតិ ថែមទៀតផង។ បន្ថែមពីលើនេះ ប្រទេសទាំងពីរបាននិងកំពុងប្រឹងប្រែងរួមគ្នា ក្នុងការតភ្ជាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយវេទិកានេះ ជាសក្ខីភាពបញ្ជាក់ស្រាប់ អំពីការតភ្ជាប់រវាងក្រុមបញ្ញាញាណជាន់ខ្ពស់ ស្របពេលដែលកិច្ចបង្កើនបរិមាណទេសចរណ៍ ស្របតាមឆ្នាំទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៥ កំពុងត្រូវបានបង្កើនជាលំដាប់៕
ដោយ៖តារា










