ត្រឹម​រយៈ​ពេល​ ១០ខែ​ឆ្នាំ​នេះ! ការដោះដូរ​ទំនិញ​កម្ពុជា-អន្តរជាតិ ​សម្រេច​បាន​ជាង ៥២,៥ ពាន់​លាន​ដុល្លារ​

ចែករំលែក៖

​ភ្នំពេញ​៖​ បើ​យោង​តាម​ទិន្នន័យ​របស់​អគ្គនា​យក​ដ្ឋាន​​គយ ​និង​រដ្ឋាករ​កម្ពុជា​ ​(GDCE) ​ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥​ បានបង្ហាញថា​ ការដោះដូរ​ទំនិញ​កម្ពុជា​ជាមួយ​ដៃ​គូ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ជាង​ ៥២,៥៧ ពាន់លានដុល្លារ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ កើនឡើង ១៦,៥ ភាគរយ ធៀប​នឹង​រយៈ​ពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានទំហំ ៤៥ ពាន់លានដុល្លារ។​

​យោងតាម​ទិន្នន័យរបស់ GDCE​ បានបង្ហាញថា ​ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៥ ការនាំចេញ-នាំចូល​ទំ​និញ​រវាងកម្ពុជា ជាមួយដៃគូអន្តរជាតិមានទំហំទឹកប្រាក់សរុប ​៥២,៥៧ ​ពាន់លានដុល្លារ កើនឡើង ១៦,៥ ភាគរយ ​ក្នុងនោះកម្ពុជា​នាំចេញ​មានតម្លៃ ​២៤,៩៤ ​ពាន់លានដុល្លារ ​កើន ១៥,២ ​ភាគរយ ​ចំណែកទំនិញនាំចូលមានតម្លៃ ​២៧,៦៣ ​ពាន់លានដុល្លារ កើន ១៧,៧%។

​ទិន្នន័យខាងលើបង្ហាញថា ​តុល្យភាព​ជញ្ជីង​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​មាន​ឱនភាព​ប្រមាណ​ ២,៦៨ ​ពាន់លានដុល្លារ។ ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​របស់​កម្ពុជារួម​មាន​ ចិន អាមេរិក វៀតណាម ថៃ និង​ជប៉ុន​។

ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និង​ឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើ​អំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផល​ធ្វើ​អំពី​កៅស៊ូ និងគ្រឿងសង្ហារឹមជាដើម។​

បើតាមអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ​​លោកបណ្ឌិត ជ័យ តិច​ បានមានប្រសាសន៍ថា ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានការកើនឡើង ក្នុងនោះការនាំចេញក្នុងវិស័យឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ ការនាំចេញ កង់ សំបកកង់រថយន្ត និងគ្រឿងបង្គុំអគ្គិសនី និងអេឡិកត្រូនិកមានការកើនឡើង។

​លោកបណ្ឌិត ជ័យ តិច យល់ឃើញថា៖ «ការវិនិយោគក៏មានការកើនឡើង ហើយការនាំចេញ​ក៏មាន​ការកើនឡើង ​ពាក់ព័ន្ធទៅនឹងការ​ទទួលបាននូវអត្រាពន្ធ ដូចជាចក្រភពអង់គ្លេស គឺយើងនាំចូល​គ្រឿងបង្គុំអគ្គិសនី ក៏ដូចជាវាយនភណ្ឌ គឺអត្រាសូន្យភាគរយ»។​

​អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរូបនេះ បានបន្ថែមថា ​ការនាំចេញរបស់កម្ពុជា ​ទៅសហរដ្ឋអាមេរិក ក៏មានការ​កើន​ឡើង​ខ្លាំង​ដោយសារតែអត្រាពន្ធ ១៩% ​បើធៀបជាមួយសមាជិកអាស៊ាន និងប្រទេសដៃគូប្រកួតប្រជែង គឺកម្ពុជាមានប្រៀបជាង ពោលគឺស្មើតែប្រទេស​ឥណ្ឌូនេស៊ី លើវិស័យវាយនភណ្ឌ។

ម្យ៉ាងទៀត ការតភ្ជាប់ការដឹកជញ្ជូន ដោយផ្ទាល់ទៅអន្តរជាតិ ខណៈកម្ពុជាទើបបើកដំណើរការព្រ​លានយន្តហោះអន្តរជាតិតេជោ។

​លោក​ឧបនាយករដ្ឋមន្ត្រី ​អូន ​ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រី ​ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​ មានប្រសាសន៍ថា ​តាមរយៈការខិតខំកែទម្រង់របស់រាជរដ្ឋាភិបាល​តាមវិស័យសំខាន់ៗ ​សេដ្ឋកិច្ចកម្ពុជា​ បានស្ទុះងើប​ឡើងវិញ​យ៉ាងឆាប់រហ័ស​ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ​ទោះបីជាត្រូវជម្នះ​បញ្ហាប្រឈម​ និងភាពមិន​ប្រាកដប្រជា ​នៃស្ថានភាពតំបន់ និងសាកល ដោយសារការប្រឈមមុខភូមិសាស្ត្រនយោបាយ​ស្រួចស្រាល់, ការបែកខ្ញែកនៃសេដ្ឋកិច្ចសាកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និងពាណិជ្ជ​កម្មអន្តរជាតិ, ការងើបឡើងវិញនៃនិន្នាការឯកតោភាគីនិយម, ភាពមិនច្បាស់លាស់នៃ​ទស្សន​វិស័យ​នៃកំណើនសេដ្ឋកិច្ច នៃបណ្ដាប្រទេស និងតំបន់ ជាដៃគូពាណិជ្ជកម្មសំខាន់ៗ របស់កម្ពុជា។​

​តាមការវាយតម្លៃ របស់រាជរដ្ឋាភិបាល​សេដ្ឋកិច្ចកម្ពុជា ​ត្រូវបានព្យាករថា ​នឹងសម្រេចកំណើន​ក្នុង​រង្វង់ ៥,២% ​នៅឆ្នាំ ២០២៥ ​និងសម្រេចកំណើន ៥% សម្រាប់ឆ្នាំ ២០២៦ ​ស្របពេលដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ ​ត្រូវរំពឹងថា ​នឹងកើនដល់ ​៣ ០២០ ​ដុល្លារ។​

​កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ ​គាំទ្រដោយវិស័យ​ឧស្សាហកម្ម ​វិស័យសេវាកម្ម ​វិស័យកសិកម្ម ​ខណៈ​អត្រា​អតិផរណា​ត្រូវបានព្យាករថា ​ស្ថិតក្នុងរង្វង់ ២,៨%៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print