ភ្នំពេញ៖ បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញថា ការដោះដូរទំនិញកម្ពុជាជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិសម្រេចបាននូវទំហំទឹកប្រាក់ជាង ៥២,៥៧ ពាន់លានដុល្លារ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ កើនឡើង ១៦,៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានទំហំ ៤៥ ពាន់លានដុល្លារ។
យោងតាមទិន្នន័យរបស់ GDCE បានបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៥ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា ជាមួយដៃគូអន្តរជាតិមានទំហំទឹកប្រាក់សរុប ៥២,៥៧ ពាន់លានដុល្លារ កើនឡើង ១៦,៥ ភាគរយ ក្នុងនោះកម្ពុជានាំចេញមានតម្លៃ ២៤,៩៤ ពាន់លានដុល្លារ កើន ១៥,២ ភាគរយ ចំណែកទំនិញនាំចូលមានតម្លៃ ២៧,៦៣ ពាន់លានដុល្លារ កើន ១៧,៧%។
ទិន្នន័យខាងលើបង្ហាញថា តុល្យភាពជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានឱនភាពប្រមាណ ២,៦៨ ពាន់លានដុល្លារ។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជារួមមាន ចិន អាមេរិក វៀតណាម ថៃ និងជប៉ុន។
ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម។
បើតាមអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច បានមានប្រសាសន៍ថា ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានការកើនឡើង ក្នុងនោះការនាំចេញក្នុងវិស័យឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ ការនាំចេញ កង់ សំបកកង់រថយន្ត និងគ្រឿងបង្គុំអគ្គិសនី និងអេឡិកត្រូនិកមានការកើនឡើង។
លោកបណ្ឌិត ជ័យ តិច យល់ឃើញថា៖ «ការវិនិយោគក៏មានការកើនឡើង ហើយការនាំចេញក៏មានការកើនឡើង ពាក់ព័ន្ធទៅនឹងការទទួលបាននូវអត្រាពន្ធ ដូចជាចក្រភពអង់គ្លេស គឺយើងនាំចូលគ្រឿងបង្គុំអគ្គិសនី ក៏ដូចជាវាយនភណ្ឌ គឺអត្រាសូន្យភាគរយ»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរូបនេះ បានបន្ថែមថា ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាមេរិក ក៏មានការកើនឡើងខ្លាំងដោយសារតែអត្រាពន្ធ ១៩% បើធៀបជាមួយសមាជិកអាស៊ាន និងប្រទេសដៃគូប្រកួតប្រជែង គឺកម្ពុជាមានប្រៀបជាង ពោលគឺស្មើតែប្រទេសឥណ្ឌូនេស៊ី លើវិស័យវាយនភណ្ឌ។
ម្យ៉ាងទៀត ការតភ្ជាប់ការដឹកជញ្ជូន ដោយផ្ទាល់ទៅអន្តរជាតិ ខណៈកម្ពុជាទើបបើកដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា តាមរយៈការខិតខំកែទម្រង់របស់រាជរដ្ឋាភិបាលតាមវិស័យសំខាន់ៗ សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ទោះបីជាត្រូវជម្នះបញ្ហាប្រឈម និងភាពមិនប្រាកដប្រជា នៃស្ថានភាពតំបន់ និងសាកល ដោយសារការប្រឈមមុខភូមិសាស្ត្រនយោបាយស្រួចស្រាល់, ការបែកខ្ញែកនៃសេដ្ឋកិច្ចសាកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មអន្តរជាតិ, ការងើបឡើងវិញនៃនិន្នាការឯកតោភាគីនិយម, ភាពមិនច្បាស់លាស់នៃទស្សនវិស័យនៃកំណើនសេដ្ឋកិច្ច នៃបណ្ដាប្រទេស និងតំបន់ ជាដៃគូពាណិជ្ជកម្មសំខាន់ៗ របស់កម្ពុជា។
តាមការវាយតម្លៃ របស់រាជរដ្ឋាភិបាលសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចកំណើនក្នុងរង្វង់ ៥,២% នៅឆ្នាំ ២០២៥ និងសម្រេចកំណើន ៥% សម្រាប់ឆ្នាំ ២០២៦ ស្របពេលដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវរំពឹងថា នឹងកើនដល់ ៣ ០២០ ដុល្លារ។
កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ គាំទ្រដោយវិស័យឧស្សាហកម្ម វិស័យសេវាកម្ម វិស័យកសិកម្ម ខណៈអត្រាអតិផរណាត្រូវបានព្យាករថា ស្ថិតក្នុងរង្វង់ ២,៨%៕











