ភ្នំពេញ ៖ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ហើយបច្ចុប្បន្ន ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២៥ លើកឡើងពីចរិកសៀមគួរឱ្យខ្លាច ខណៈកម្ពុជាកាលពីទសវត្សរ៍ ៨០ ជិះយន្តហោះមិនឆ្លងកាត់ប្រទេសនេះទេ !
លោករំលឹកថា ៖ បន្ទាប់ពីកាច់ឧកញ៉ា កុក អាន និង កូនចៅហើយ ពេលនេះអាជ្ញាធរសៀមបានចេញដីកាអោយចាប់ខ្លួនឧកញ៉ា លី យ៉ុងផាត ( ក្នុងរូប ) និង លោក Chokchai Suphapa ព្រមទាំងរឹបអូសផ្ទះសម្បែង និង គណនីធនាគារដែលឧកញ៉ា លី យ៉ុងផាត មាននៅប្រទេសសៀមថែមទៀត នៅក្រោមបទចោទប្រកាន់ជាច្រើន ។ ឃើញការដេញរករឿងរបស់សៀមនេះ ទើបខ្ញុំនឹកឃើញកាលពីទសវត្សរ៍ ៨០ អ្នកដែលចេញមុខសកម្មគាំទ្រសាធារណរដ្ឋប្រជាមានិតកម្ពុជាកម្រជិះយន្តហោះកាត់តាមស្រុកសៀមណាស់ គឺគេជិះមកចុះនៅអាកាសយានដ្ឋានតាន់សឺនញ៉ិត នៅព្រៃនគររួចបានជិះយន្តហោះបន្តមកខ្មែរ ។ ដល់ខ្ញុំសួរ ពួកគេប្រាប់ថាអត់ទុកចិត្តសៀមទេ អោយតែវាយប្រហារសៀមខ្លាំងពេលឆ្លងកាត់អាកាសយានដ្ឋានបាងកក ( កាលនោះជាអាកាសយានដ្ឋានដុងមឿង ) សៀមអាចលួចញាត់គ្រឿងញៀនតែបន្តិចអាចមានលេសចាប់ខ្លួនពួកគេភ្លាម ហើយទម្រាំរួចខ្លួនចង់កោរសក់ ! ៕
ដោយ ៖ សិលា










