ភ្នំពេញ៖ នៅក្នុងខែវិច្ឆិកានេះ ណាហ្គាវើលដ៍ ដែលជាក្រុមហ៊ុនគាំទ្រយូរអង្វែងដល់សិល្បៈខ្មែរ ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ ៖ បេតិកភណ្ឌពិភពលោកដ៏ពិសិដ្ឋ” ឬហៅថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
ដើម្បីអបអរដល់ការទទួលស្គាល់ជាអន្តរជាតិអស់រយៈពេល ២ ទសវត្សរ៍ គំនិតផ្តួចផ្តើមតាំងពិព័រណ៍ដំបូងបំផុតសម្រាប់សាធារណជនទូទៅចូលទស្សនាដោយសេរីនេះ នឹងមានការតាំងបង្ហាញស្បែកធំអមជាមួយការសម្តែងផ្ទាល់នៃវង់ភ្លេងពិណពាទ្យំ សិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់ បច្ចេកទេសកាមេរ៉ាឌីជីថល (AR filter) និងការផ្តល់ជូនជាច្រើនទៀត។ ចាប់ផ្តើមពីថ្ងៃទី១០ ខែវិច្ឆិកានេះ សាធារណជនអាចឈ្វេងយល់ពីប្រវត្តិនៃល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ហើយពួកគេក៏អាចចូលរួមសកម្មភាពពាក់ព័ន្ធជាច្រើនទៀតផងដែរ។ ការតាំងពិព័រណ៍នេះនឹងបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកាដោយមានការសម្តែងពិសេសផ្តល់ជូនដោយសមាគមសិល្បៈសុវណ្ណភូមិសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព។
ស្បែកធំ គឺជាសក្ខីកម្មនៃកម្លាំង និងប្រវត្តិសាស្ត្រនៃវប្បធម៌របស់ខ្មែរ។ មានប្រវត្តិជាង ១០០០ ឆ្នាំ ទម្រង់សិល្បៈដ៏មានតម្លៃនេះ ត្រូវបានគេជឿថាបានចាប់កំណើតមុនសម័យអង្គរមកម៉្លេះ។ ស្បែកធំត្រូវបានយកទៅសម្តែងជារឿងរាមកេរ្តិ៍របស់ខ្មែរដែលប្រែសម្រួលចេញពីរឿងរាមាយាណៈរបស់ឥណ្ឌាតាមរយៈស្រមោលដែលចាំងពីផ្ទាំងរូបឆ្លាក់ពីស្បែក អមជាមួយចលនា និងការប្រគំភ្លេងពិណពាទ្យដោយផ្ទាល់។ ស្បែកធំសឹងតែផុតរលត់ក្នុងអំឡុងរបបខ្មែរក្រហមដែលសេរីភាពវប្បធម៌ត្រូវបានបិទខ្ទប់នាពេលនោះ។
ប៉ុន្មានឆ្នាំក្រោយមក គ្រូ និងអ្នកដែលស្រឡាញ់ទម្រង់សិល្បៈនេះដែលនៅរស់រានមានជីវិត បានធ្វើការឥតរួញរាក្នុងការបង្ហាត់ ឆ្លាក់ស្បែក និងសម្តែង។ មានក្រុមការងារមួយដែលបន្តដើរតួនាទីយ៉ាងសំខាន់មកដល់សព្វថ្ងៃនេះ គឺសមាគមសិល្បៈសុវណ្ណភូមិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយស្ថាបនិក ម៉ាន់ កុសល។ ថ្វីត្បិតសមាគមនេះទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដោយរោងល្ខោនរបស់ខ្លួនត្រូវបានបិទជាអចិន្ត្រៃយ៍ក៏ដោយ ណាហ្គាវើលដ៍ក៏នៅតែអាចជួយឱ្យសមាគមនេះរស់រានឡើងវិញ និងលើកកម្ពស់ទម្រង់សិល្បៈនេះតាមរយៈការផ្តល់ការសម្តែង និងរោងជាងដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយដដែល។
ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ ណាហ្គាវើលដ៍នឹងរៀបចំសិក្ខាសាលា និងរោងជាងដែលសាធារណជនអាចរៀនពីបច្ចេកទេសឆ្លាក់ស្បែករៀងរាល់សប្តាហ៍ និងអាចយកស្បែកនោះទៅគេហដ្ឋានទុកជាវត្ថុអនុស្សាវរីយ៍ផងដែរ។ នៅក្នុងពិព័រណ៍នេះ អ្នកចូលរួមក៏អាចជួលឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ និងជាវផលិតផលសិប្បកម្មខ្មែរ អាវយឺត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផងដែរ។ ប្រាក់ដែលបានពីការជួលសម្លៀកបំពាក់ ការចូលសិក្ខាសាលា និងរោងជាង នឹងត្រូវយកទៅឧបត្ថម្ភដល់សមាគមសិល្បៈសុវណ្ណភូមិដើម្បីធានាថាសមាគមអាចបន្តថែរក្សាទម្រង់សិល្បៈនេះបានយូរអង្វែង។
ផ្សារភ្ជាប់កេរដំណែលវប្បធម៌ជាមួយនវានុវត្តន៍ ពិព័រណ៍នេះក៏សូមណែនាំបទពិសោធន៍ថ្មីមួយផងដែរ គឺបច្ចេកទេសកាមេរ៉ាឌីជីថល (AR filter) ដែលសាធារណជនអាចថតរូបជាមួយក្រាហ្វិករូបភាពនៃស្បែកធំដ៏ស្រស់ស្អាត។
គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា សមាគមសិល្បៈសុវណ្ណភូមិ នឹងផ្តល់ជូនការសម្តែងល្ខោនស្រមោលស្បែកធំអមជាមួយការប្រគំភ្លេងពិណពាទ្យដោយផ្ទាល់ដើម្បីឧទ្ទិសដល់ព្រឹទ្ធាចារ្យដែលបានថែរក្សាល្ខោនស្រមោលស្បែកធំរបស់ខ្មែរឱ្យមានជីវិតសម្រាប់ក្មេងៗជំនាន់ក្រោយ និងសាធារណជនទស្សនាកម្សាន្ត។
ដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់ចូលរួមទស្សនាការសម្តែងល្ខោនស្រមោលស្បែកធំដ៏អស្ចារ្យនេះនៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ នៅថ្ងៃទី២៨ ខែវិច្ឆិកា វេលាម៉ោង ៥ ល្ងាចឱ្យបានគ្រប់ៗគ្នា។ សំបុត្រឥតគិតថ្លៃ នឹងមានផ្តល់ជូនចាប់ពីថ្ងៃទី២០ ខែវិច្ឆិកានេះ នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។ សូមអញ្ជើញចូលរួម សាទរ និងអភិរក្សបេតិកភណ្ឌដ៏មានតម្លៃរបស់ខ្មែរជាមួយគ្នា៕ដោយ៖តារា
ពិព័រណ៍ស្រមោលស្បែកធំ
នៅពេលពន្លឺជួបជាមួយផ្ទាំងរូបឆ្លាក់ពីស្បែក វាបង្កើតជាសិល្បៈស្រមោលដ៏រស់រវើកដែលលាតត្រដាងអំពីសម្រស់នៃស្បែកធំ
អ្នកសម្តែងល្ខោនស្រមោលស្បែកធំ កំពុងសម្តែងរឿងរាមកេរ្តិ៍តាមរយៈចលនា ភ្លេងបុរាណ និងស្រមោល
ណាហ្គាវើលដ៍ នាំយកល្ខោនស្រមោលស្បែកធំទៅដល់ទស្សនិកជនវ័យក្មេងទស្សនាកម្សាន្ត និងឈ្វេងយល់
សាធារណជន អាចទទួលយកបទពិសោធន៍ឆ្លាក់រូបស្បែកដោយផ្ទាល់










