សិក្ខាសាលាសភា ដើម្បីស្វែងយល់ពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦”

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី“ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦”។

លោកកិតិ្តសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានអញ្ជើញជាអធិបតីភាព ថ្លែងបើកអង្គសិក្ខាសាលា ដែលបានរៀបចំឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។
លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម(គណៈកម្មការទី២) នៃរដ្ឋសភាបានមានប្រសាសន៍លើកឡើងពីវឌ្ឍនភាព កត្តាប្រឈម និងសមិទ្ឋិផលសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេលកន្លងមក ក៏ដូចជាបង្ហាញពីទស្សនទានគន្លឹះនិងការវិភាគស៊ីជម្រៅគ្រប់ជ្រុងជ្រោយក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយនេះ និងបន្តដាក់ចេញនូវវិធានការកែទម្រង់ជារចនាសម្ព័ន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបញ្ចៀសនូវផលប៉ះពាល់នៃហានិភ័យនានាទាំងក្នុងកម្រិតតំបន់ និងសកលលោកផងដែរ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍គូសរំលេចនូវចំណុចសំខាន់ ចំនួន ៣ រួមមាន៖ (១). បរិការណ៍រួមនៃ ការរៀបចំក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចឆ្នាំ ២០២៦ (២). ទិសដៅ និង អភិក្រមនៃគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និង (៣). ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦។
លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសម្រាប់ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ គឺបានរៀបចំឡើង ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជា បន្តត្រូវបានហ៊ុមព័ទ្ធ ដោយអន្តរកាលនៃពហុវិបត្តិ ដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជានោះឡើយ ជាអាទិ៍៖ ការប្រែប្រួលយ៉ាងរហ័សនៃរបត់គោលនយោបាយពាណិជ្ជកម្មសកល ដែលកាន់តែមានទំនោរទៅរកចរន្តគាំពារនិយម និងឯកតោនិយម តាមរយៈ គោលនយោបាយពន្ធគយបដិការ ការបន្តបិទខ្ទប់ព្រំដែនគោក រវាងកម្ពុជា-ថៃ ។ល។ ក្នុងបរិការណ៍នេះ ទស្សនវិស័យសេដ្ឋកិច្ច ទាំងក្នុងកម្រិតសកល តំបន់ និង រួមទាំងកម្ពុជាផង ហាក់មានទំនោរទៅជួបប្រឈមនឹងហានិភ័យ ច្រើនជាងកាលានុវត្តភាព ដែលទាមទារនូវការតាមដានឲ្យបានជាប្រចាំ និងកាន់តែខ្ជាប់ខ្ជួនបំផុត អំពីការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច ជាពិសេស ការគិតគូរអំពីកម្មវិបាក និងបច្ច័យ មកលើស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចក្នុងស្រុក សម្រាប់តម្រែតម្រង់ទិសដៅគោលនយោបាយ និង រៀបចំវិធានការ ឆ្លើយតប ឲ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់ ក្នុងករណីចាំបាច់ ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ថវិកាឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ស្រប តាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ និងឈរលើការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើទិដ្ឋភាពធំៗចំនួន ៣ រួមមាន៖ ១)- និន្នាការថមថយនៃចំណូល ២)-សម្ពាធនៃតម្រូវការចំណាយដែលមានការកើនឡើង ហើយដែលមុខសញ្ញាខ្លះត្រូវមានកំណើនជាចាំបាច់ ពិសេស កិច្ចការការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី ប្រាក់សោធន កម្មវិធីគាំពារសង្គម បដិភាគនៃការវិនិយោគ សេវាបំណុលជាដើម និង ៣)-ការស្រកស្រុតនៃប្រាក់សន្សំរបស់រាជរដ្ឋាភិបាលដោយសារផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និង វិបត្តិផ្សេងទៀត ជាបន្តបន្ទាប់ ហើយដែលមិនទាន់ អាចស្តារឡើងវិញបាននៅឡើយ»។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ទោះបីជាជួបប្រទះនឹងបញ្ហាប្រឈមយ៉ាងណាក៏ដោយ គម្រោងថវិកាឆ្នាំ ២០២៦ ត្រូវបានរៀបចំ ដោយមានតុល្យភាព ដោយមិនប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាល ព្រមទាំង ធានាបាននូវចីរភាព ស្របតាម «ជំហរគោលនយោបាយពង្រឹងស័ក្តិសិទ្ធិភាពថវិកា ដើម្បីទ្រទ្រង់ស្ថិរភាព និងកំណើន ផ្តោតការយកចិត្តទុកដាក់ជាពិសេស លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការអភិវឌ្ឍមូលធនមនុស្ស ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល។
អញ្ជើញថ្លែងបើកអង្គសិក្ខាសាលា លោកកិតិ្តសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានមានប្រសាសន៍ថា ថវិកាឆ្នាំ២០២៦ ត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថាជា “ថវិកាដើម្បីពង្រឹងសមត្ថភាព ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ធានាសុខសន្តិភាព រក្សាលំនឹងសង្គម-សេដ្ឋកិច្ច ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អភិវឌ្ឍមនុស្ស និងស្ថាប័ន និងលើកម្ពស់ភាពប្រកួតប្រជែង តាមរយៈការពង្រឹងស័ក្តិសិទ្ធិភាព និងការធានាចីរភាពហិរញ្ញវត្ថុសាធារណៈ សំដៅលើកកម្ពស់សុខដុមភាពសង្គមទ្រទ្រង់កំណើនសេដ្ឋកិច្ចនិងជំរុញការអភិវឌ្ឍឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧”។

លោកកិត្តិសេដ្ឋាបណ្ឌិតបានលើកទឹកចិត្តដល់សមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា ពិសេសគណៈកម្មការជំនាញនីមួយៗរបស់សភាទាំងពីរ បន្តសិក្សាស្រាវជ្រាវ ពីប្រភពឯកសារនានាទាក់ទងនឹងម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងយុទ្ឋសាស្ត្រនានាដែលមានការពាក់ព័ន្ធ ក្នុងគោលបំណងសិក្សាឲ្យបានហ្មត់ចត់ គ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ដើម្បីជាមូលដ្ឋានក្នុងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៦ នាពេលខាងមុខនេះ សំដៅធានាបានថា ការវិភាជន៍ថវិកាជាតិឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនិងមាតុភូមិកម្ពុជានិងវិស័យអាទិភាពរបស់ជាតិ។
លោកអនុប្រធានទី១រដ្ឋសភា មានជំនឿយ៉ាងមុតមាំថា លោក លោកស្រី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ចូលរួមនៅក្នុងការពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុល ដើម្បីជាធាតុចូលសម្រាប់ប្រើប្រាស់ និងជាមូលដ្ឋានដ៏សំខាន់ក្នុងការឈានទៅពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ខាងមុខជាមិនខានឡើយ។
លោកបានបន្តលើកឡើងថា ក្នុងស្មារតីជួយជំរុញនិងគាំទ្រដល់ដំណើរការនៃការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូ សេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សភាទាំងពីរនៃព្រះរាជាណាចក្រកម្ពុជាបាន អនុម័តគោលនយោបាយ ច្បាប់ និងឧបករណ៍គតិយុត្តមួយចំនួន ដូចជា៖ ផែនការយុទ្ធសាស្ត្រជាតិ យុទ្ធសាស្ត្រកែទម្រង់រដ្ឋបាលសាធារណៈ យុទ្ធសាស្ត្រកែទម្រង់ហិរញ្ញវត្ថុសាធារណៈអនុម័តច្បាប់ ស្តីពីការយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ គ្រប់គ្រងឆ្នាំនីមួយៗច្បាប់ស្តីពីការទូទាត់ថវិកា ។សភាបានយកចិត្តទុកដាក់និងតាមដាននូវវឌ្ឍនភាពនៃការអនុវត្តការកែទម្រង់ដ៏មុតស្រួច ជាប់ជាប្រចាំហើយបានមើលឃើញនិងទទួលស្គាល់នូវការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការប្រឹងទម្លាក់អត្រានៃភាពក្រីក្រឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា តាមរយៈវិធានការបង្រួមវិសម ភាពសេដ្ឋកិច្ច ការអភិវឌ្ឍនិងការកសាងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំនិង សង្គតិភាព ការកាត់បន្ថយបន្ទុកជីវភាពប្រជាជន និងការផ្តល់សេវាសាធារណៈប្រកបដោយ គុណភាព ប្រសិទ្ធភាព និងបរិយាប័ន្ន។
លោកកិតិ្តសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា«ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គឺជាមូលដ្ឋានសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលនឹងផ្តល់ទិសដៅគោលនយោបាយបន្ថែមសម្រាប់ការបន្តពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ច បន្តចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងដែលកាន់តែ មានពិពិធកម្ម ជាពិសេសការកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច ដែលលក្ខខណ្ឌសម្រាប់តម្រង់ ទិសក្នុងការរៀបចំរបៀបវារៈអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នេះ»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print