សមាជិកសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជាជន និងការអភិវឌ្ឍ (CAPPD) អញ្ជើញចូលរួមសិក្ខាសាលាស្តីពីផលប៉ះពាល់នៃបណ្តាញសង្គមទៅលើកុមារ និង យុវជន តាមប្រព័ន្ធនិម្មិត (Online)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈប្រតិភូសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជាជន និងការអភិវឌ្ឍ (CAPPD) រួមមាន លោក សេង ញ៉ក់ សមាជិកគណៈកម្មការទី៨ លោក ឃឹង នុភាព និងលោក ញឿន រ៉ាដែន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា និងលោក ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា ព្រមទាំងជំនួយការលេខាធិការដ្ឋានសមាគម CAPPD បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃបណ្តាញសង្គមទៅលើកុមារ និងយុវជន (Impact of Social Media on Children and Young People)» តាមប្រព័ន្ធនិម្មិត (Online) រៀបចំដោយ វេទិកាសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) ភ្ជាប់ចេញពីវិមានរដ្ឋសភា រាជធានីភ្នំពេញ ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន  ដោយមានអ្នកចូលរួមប្រមាណជាង ៤០រូប។

សិក្ខាសាលានេះមានគោលបំណងពិភាក្សា អំពីតម្រូវការបន្ទាន់នូវការដាក់ចេញនូវបទប្បញ្ញត្តិប្រកបដោយប្រសិទ្ធភាព ការអប់រំ និងសកម្មភាពពហុភាគី ដើម្បីដោះស្រាយផលប៉ះពាល់នៃប្រព័ន្ធបណ្តាញសង្គមលើកុមារ និងយុវជន ដោយតាមទិន្នន័យ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធបណ្តាញសង្គមបានលេចចេញជារូបរាងជាកម្លាំងមួយដែលមានឥទ្ធិពលបំផុត ក្នុងការ កែប្រែជីវិតរបស់កុមារ និងយុវជន ដែលរួមមានដូចជា Instagram, TikTok, Facebook, YouTube និង វត្តមានរបស់បញ្ញាសិប្បនិម្មិត (AI)។ 

ជាមួយគ្នានេះ សិក្ខាសាលាបានបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់សមាជិកសភាមានក្នុងការកសាងបរិស្ថានឌីជីថលដែលមានសុវត្ថិភាពបរិយាបន្ន និងផ្តល់ភាពអង់អាចដល់យុវជន ដែលផ្តល់ឱកាសជូនសមាជិកសភាពិភាក្សាគ្នាអំពីនិន្នាការប្រឈមនៃការប្រើប្រាស់បណ្ដាញសង្គមសម្រាប់យុវជន និងកុមារ ដែលកំពុងលេចឡើង និងភស្តុតាងដែលពាក់ព័ន្ធបញ្ហាប្រឈមចម្បង ដែលយុវជនកំពុងជួបប្រទះក្នុងពិភពឌីជីថល ជាពិសេសសុខភាពផ្លូវចិត្ត សុវត្ថិភាពសាយប៊ើរ តាមរយៈបទបង្ហាញ អំពីក្របខ័ណ្ឌច្បាប់ គោលនយោបាយ និងករណីសិក្សាពីការអនុម័តច្បាប់ស្ដីពីការហាមឃាត់ និងកម្រិតអាយុលើការប្រើប្រាស់បណ្ដាញសង្គមសម្រាប់កុមារនៅប្រទេសអូស្ត្រាលី និងករណីសិក្សាស្ដីពីឥទ្ធិពល នៃប្រព័ន្ធបណ្ដាញសង្គម នៅក្នុងការតវ៉ារបស់យុវជន GenZ នៅប្រទេសនេប៉ាល់៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print