ភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ជាមុខសញ្ញាសកម្ម ដែលតាមប្រភពព័ត៍មានថាតែងតែបន្លំខ្លួនធ្វើជាគ្រួសារសាច់ញាតិអ្នកជំងឺ រួចចូលលួចសម្ភារ: លុយ ទូរស័ព្ទ និងរបស់ណាមានតំលៃ គឺលួចគ្មានសល់ ខណៈជនរង គ្រោះខ្លះជាអ្នកជំងឺមកពីខេត្តបាត់លុយ ដោយសារតែជនសង្ស័យលួច ។ ពេលនេះត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០២៥នៅចំណុចក្នុងមន្ទីរពេទ្យជប៉ុន តាមផ្លូវ៤៧ ស្ថិតនៅសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានឱ្យដឹងថា អ្នកជំងឺនិងអ្នកកំដរពេលមកដល់មន្ទីរពេទ្យរដ្ឋ តែងតែត្រូវជំរាបជូនដំណឹង មិនថាថ្ងៃឬយប់ កុំបង្ហាញលុយ ឬទ្រព្យសម្បត្តិ និងទុកដាក់អោយមានការប្រុងប្រយ័ត្ន ការពារជនឆ្លៀតឱកាសលួច ហើយប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូឌុប ឮសូរប្រជាពលរដ្ឋស្រែកឱ្យជួយចាប់ចោរលួចទូរស័ព្ទ ដែលរត់គេចពីក្នុងមន្ទីរពេទ្យជប៉ុនទៅខាងក្រៅរបងមន្ទីរពេទ្យ ។
បន្ទាប់ពីឮបែបនេះ អ្នករត់ម៉ូតូឌុបកង់បីដែលនៅមុខមន្ទីរពេទ្យ ក៏ចាប់បានបុរសជនជាសង្ស័យម្នាក់អាយុប្រហែល២៧ឆ្នាំ ក្របួចបានភ្លាម ។ ខណៈកំពុងតាមស្វែងរកមុខជនសង្ស័យយូរហើយ ធ្វើឱ្យម្នាក់ៗទប់កំហឹងសឹងមិនបាន ចង់តែវាយម្នាក់មួយដៃមួយជើង។
តាមប្រភពព័ត៍មានបន្តទៀតថា ក្រោយពីចាប់បានជនសង្ស័យ រួមវត្ថុតាងជាក់ស្ដែងទូរស័ព្ទដៃរបស់ជនរងគ្រោះ ហើយគេមិនដឹងថាមានជនរងគ្រោះប៉ុន្មាននាក់នោះទេ ដែលត្រូវជនសង្ស័យលួចទ្រព្យសម្បត្តិពេលទុកដាក់ក្នុងកាបូបឬដេកលង់លក់ ដោយជនសង្ស័យចូលបន្ទប់អ្នកជំងឺ បន្លំធ្វើជាសាច់ញាតិការពារទ្រព្យសម្បត្តិ លុះគេតាមទាន់ ជនសង្ស័យថា រកបន្ទប់បងប្អូនជាអ្នកជំងឺច្រលំចូលបន្ទប់នេះ គឺលេសដែលជនសង្ស័យឆ្លើយដោះសារ ។
បន្ទាប់មក ប្រជាពលរដ្ឋក៏បានទូរស័ព្ទប្ដឹងសមត្ថកិច្ច បន្តិចក្រោយមកក៏កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកបានមកដល់ ហើយប្រជាពលរដ្ឋប្រគល់ជនសង្ស័យឱ្យសមត្ថកិច្ចដឹកយកទៅសាកសួរនាំបន្តតាមនីតីវិធី ៕










