បារាំងបង្ហាញក្តីបារម្ភចំពោះប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់សមុទ្រ Caribbean

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ ណូអែល បារ៉ូ (Jean-Noel Barrot) បាននិយាយកាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកាថាបារាំងព្រួយបារម្ភចំពោះប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់សមុទ្រ Caribbean ដោយសារតែវាបំពានលើច្បាប់អន្តរជាតិ។

យោធាអាមេរិកបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសយ៉ាងហោច ១៩លើក មកទល់ពេលនេះប្រឆាំងនឹងទូកដែលសង្ស័យថាដឹកគ្រឿងញៀននៅក្នុងតំបន់សមុទ្រ Caribbean និងតំបន់ប៉ាស៊ីហ្វិក ដោយសម្លាប់មនុស្សយ៉ាងហោច ៧៦នាក់។ ថ្លែងខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 ក្នុងប្រទេសកាណាដា លោក បារ៉ូ បានលើកឡើងថា «យើងបានតាមដានជាមួយការព្រួយបារម្ភ ចំពោះប្រតិបត្តិការយោធានៅក្នុងតំបន់ Caribbean ពីព្រោះប្រតិបត្តិការទាំងនោះបំពានលើច្បាប់អន្តរជាតិ និងពីព្រោះបារាំងក៏មានវត្តមាននៅក្នុងតំបន់នេះផងដែរដោយមានដែនដីនៅឯនាយសមុទ្ររបស់ខ្លួន នៅទីនោះជាទីដែលជនរួមជាតិរបស់យើងជាង ១លាននាក់កំពុងរស់នៅ»។
ក្រុមមន្ត្រីអាមេរិក កាលពីថ្ងៃអង្គារបានឱ្យដឹងថានាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក Gerald Ford បានរំកិលឆ្ពោះទៅកាន់តំបន់អាមេរិកឡាទីនហើយ ស្របពេលនាវាចម្បាំង៨គ្រឿង នាវាមុជទឹកនុយក្លេអ៊ែរមួយគ្រឿង និងយន្ដហោះចម្បាំង F-35 ជាច្រើនគ្រឿង កំពុងឈរជើងនៅទីនោះស្រាប់។ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានចោទប្រកាន់ថា ការបង្កើនវត្តមានយោធារបស់អាមេរិក គឺមានគោលដៅទម្លាក់រូបលោកចេញពីអំណាច៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print