រយៈពេល១០ខែឆ្នាំ២០២៥នេះ! កម្ពុជា រកចំណូលបានជាង៤ពាន់លានដុល្លារ ពីការនាំចេញកសិផលជាង​១១លានតោន

ចែករំលែក៖

ភ្នំពេញ៖ ​យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានបង្ហាញថា​ កម្ពុជា​ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥នេះ ​បាននាំចេញកសិផលជាង ១១លានតោនទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានចំណូលជាង ៤ពាន់លានដុល្លារ កើនឡើង ចំនួន ២៨,៥៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤​។

ជាក់ស្ដែង​របាយការណ៍របស់ក្រសួងកសិកម្ម​ បានបញ្ជាក់ថា​ ចាប់​តាំងពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលដំណាំទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប ១១ ៨៩០ ០០៥,៥៥តោន ក្នុងនោះផលិតផលដំណាំក្រៅពីស្រូវ-អង្ករចំនួន ៥ ៧៤៤ ៤៥៥,៤១តោន ស្រូវចំនួន ៥ ៤៤៦ ៦១១,១៤តោន និងអង្ករចំនួន ៦៩៨ ៩៣៩តោន ដែលបាននាំចេញទៅកាន់ទិសដៅ ៩០ប្រទេស។

របាយការណ៍ដដែល​ បញ្ជាក់បន្ថែមថា ការនាំចេញកសិផល១០ខែនេះ ទទួលបានទឹកប្រាក់ចំនួន ៤ ១៨៣ ១២៦ ៦២៥,៧០ដុល្លារអាមេរិក ​ក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករ មានចំនួន ២ ៥៣៤ ៤៩៦ ៤៤៧,២៧ដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានចំនួន ១ ០៩២ ០៩៩ ៩៩៩,៦៨ដុល្លារអាមេរិក និងតម្លៃពីការនាំចេញអង្ករមានចំនួន ៥៥៦ ៥៣០ ១៧៨,៧៥ដុល្លារអាមេរិក។

ចំពោះការនាំចេញផលិតផលដំណាំក្រៅពីស្រូវទៅប្រទេសថៃមានចំនួន ២៦០ ១៩១ ៦៦២,៧១ដុល្លារអាមេរិក ស្មើនឹង ៦,២២% ធៀបនឹងការនាំចេញសរុប ដោយឡែក ស្រូវពុំមានការនាំ ចេញទៅប្រទេសថៃនោះទេ។

របាយការណ៍ក្រសួងកសិកម្មដដែល​ បានបន្តថា​ «​ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥ មានការកើនឡើងចំនួន ២ ៦៤២ ៣៧៧,៦៩តោន ក្នុងនោះការនាំចេញស្រូវកើនឡើងចំនួន ១ ៩៨៥ ៣៣៥,៦៦តោន ការនាំចេញ ផលិតផលដំណាំក្រៅពីស្រូវ-អង្ករកើនឡើងចំនួន ៤៦៥ ១៣២,០៣តោន និងការនាំចេញអង្ករកើនឡើងចំនួន ១៩១ ៩១០តោន បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤»។

សូមជម្រាបថា​ បន្ទាប់ពីមានការបិទច្រកព្រំដែនផ្លូវគោកជាឯកតោភាគីរបស់ប្រទេសថៃមក កម្ពុជាបាននាំចេញផលិតផលដំណាំទៅប្រទេសថៃតាមផ្លូវទឹក មានចំនួន ២ ៣៩៨,២៩តោន ស្មើនឹង ៧ ០៤៩ ០១៥,២២ដុល្លារ អាមេរិក ​ដោយគិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ដំណាច់ខែតុលា ឆ្នាំ២០២៥​។ ​តែយ៉ាងនេះក្តី ការនាំចេញក្នុងខែតុលា មានចំនួន ៦៧០,១០តោន ស្មើនឹង ១ ២៥០ ៣១៥,៥០ដុល្លារអាមេរិក មានការថយចុះចំនួន ២៧,៥២% ​ស្មើនឹង ៤៧៤ ៦១៥,៥០ ដុល្លារអាមេរិក បើធៀបនឹងខែកញ្ញាដែលមានចំនួន ៣៧៧,៤០តោន ស្មើនឹង ១ ៧២៤ ៩៣១ដុល្លារអាមេរិក។

...

ជាមួយគ្នានេះ​ ក្រសួងកសិកម្ម​ ក៏បានបញ្ជាក់ផងដែរថា ការនាំចេញផលិតផលដំណាំក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥ ទោះបីមានកំណើនចំនួន២៨,៥៧% ក៏ពិតមែន តែផលិតផលដំណាំមួយចំនួនមានការថយចុះ ដែលបណ្តាលមកពីមូលហេតុ​​មួយចំនួន។ ក្នុងនោះ​ការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃ ជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។ ជាក់ស្តែង ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីក្រៀមកើនឡើងចំនួន ៦០,៩១% និងម្សៅដំឡូងមីកើនឡើងចំនួន ៨២,៥៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print